ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលក្រុងកំពង់ឆ្នាំងថ្មី ជំនួសលោក យិន សាវ៉េន ត្រូវបានឡើងមកជា អភិបាលរងខេត្តកំពង់ឆ្នាំង ។ ពិធីប្រកាសនេះ បានធ្វើឡើងនៅ សាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ លោក ខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្ត បានឡើងអាន អនុក្រឹត្យ ស្តីពីការតែងតាំងរបស់រាជរដ្ឋាភិបាល លេខ៧០៩ អនក្រកត ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំងលោក ហុីង ភ័ព្វមិនា ឋានន្តរស័ក្តិថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាល ក្រុងកំពង់ឆ្នាំង ។

ទន្ទឹមនោះ ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ ការប្រកាសតែងតាំងអភិបាល ក្រុងកំពង់ឆ្នាំង នាពេលនេះ គឺដើម្បីបំពេញនូវសេចក្តីត្រូវការ នៃការគ្រប់គ្រងរដ្ឋបាល មូលដ្ឋាន បម្រើជូនប្រជាពលរដ្ឋ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

លោក បានបញ្ជាក់ថាៈ ដើម្បីធានាបាននូវការអភិវឌ្ឍន៍នូវមូលដ្ឋាន ឱ្យបានកាន់តែ ប្រសើរឡើងនោះ គណៈអភិបាល ក្រុមប្រឹក្សាក្រុង ត្រូវតតែរួមសាមគ្គី ឯកភាពផ្ទៃក្នុង សហការឱ្យបានជិតស្និទ្ធជាមួយគ្នា ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យ ក្នុងនោះ ការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្ត គោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម ជាពិសេស យកចិត្តទុកដាក់បង្កើនមុខរបរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នងមូលដ្ឋាន។

លោកបានមានប្រសាសន៍បន្តទៀតថាៈ ការប្រកាសចូលកាន់មុខតំណែងអភិបាលនៃ គណៈអភិបាលក្រុងកំពង់ឆ្នាំងថ្មី នាពេលនេះ នឹងជួយបង្កើនប្រសិទ្ធភាពថ្មី ក្នុងការអនុវត្តន៍បំពេញភារកិច្ច សិក្សាស្រាវជ្រាវ ស្វែងយល់ បន្តចូលរួមគ្រប់គ្រង អភិវឌ្ឍន៍ក្រុងដោយ បង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត បន្តសហការ ការពារសុខសន្តិភាព ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាមួយនេះ អាជ្ញាធរមូលដ្ឋាន ត្រូវចលនាឱ្យមានការចូលររួមការអនុវត្តនូវគោលនយោ បាយ ភូមិ ឃុំ មានសុវត្ថិភាព តាមមូលដ្ឋានរៀងៗខ្លួនៗ ពិសេសគឺ លុបបំបាត់ឱ្យអស់ នូវល្បែងស៊ីសង បទល្មើសគ្រប់ប្រភេទ និងការងារសុវត្ថិភាពចរាចរណ៍៕/V