ដោយៈ ប.ខុន / ភ្នំពេញៈ ក្រុងកំពង់ធំ ចាប់ផ្តើមលិចទឹកធ្ងន់ធ្ងរហើយ បន្ទាប់ពីទឹក ស្ទឹងសែន នៅក្រុងនេះ បានឡើងលើសពីកម្រិត ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន រហូតដល់ ០,៤៣ ម៉ែត្រ ជាលើកទី៤ នៅព្រឹកថ្ងៃទី៣ ខែតុលា នេះរួចមក ហើយខេត្ត ដែលប្រឈមនឹងទឹកជំនន់ ពេលនេះ មានខេត្តកំពង់ធំ ព្រះវិហារ ប៉ៃលិន សៀមរាប និងខេត្តបន្ទាយមានជ័យ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ថាៈ ក្រុងរបស់ខេត្តកំពង់ធំ ចាប់ផ្តើមជន់លិច ដោយជំនន់ទឹកស្ទឹងសែន នៅថ្ងៃនេះ បន្ទាប់ពីទឹកស្ទឹងសែន នៅក្រុងកំពង់ធំ បានឡើងដល់កម្រិតកម្ពស់ ១៣,៩៣ ម៉ែត្រ គឺលើសកម្រិតត្រូវប្រកាស ឱ្យមានការប្រុងដល់ទៅ ០,៤៣ ម៉ែត្រ រួចមក (កម្រិតត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន នៅកម្ពស់ ១៣,៥ ០ម៉ែត្រ)។

អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ជាច្រើនសប្តាហ៍ មកហើយ ដែលតំបន់ទំនាប នៅក្រុងកំពង់ធំបានលិចលង់ តែពេលនេះ ទឹកបានជន់លិច រាលដាល ទៅដល់តំបន់ខ្ពស់ មានផ្លូវសួនសាធារណៈ ហើយអាចលិចខ្លាំងជាងនេះទៀត បើយោងទៅតាមស្ថានភាពទឹកស្ទឹងសែន នៅក្នុងខេត្តព្រះវិហារ ដែលកំពុងបន្តជន់ឡើង ។ ខេត្តកំពង់ធំ ត្រូវបានទឹកជន់លិច ចំនួន ៤ លើកហើយ នៅក្នុងរដូវវស្សាឆ្នាំនេះ។

លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាៈ ខេត្តដែលកំពុងទទួលរងការលិចលង់ ដោយទឹកជំនន់ពេលនេះ មានខេត្តបន្ទាយមានជ័យ ព្រះវិហារ ប៉ៃលិន និង ខេត្តកំពង់ធំ។ នៅខេត្តកំពង់ធំ ទឹកអាចលិចត្រាំ រយៈពេលយូរទៀត៕/V