ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖លោក គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០២២​បាន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ដោយមាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​រដ្ឋបាល​សាលាខេត្ត​មេឃុំ​និង​មេភូមិ​។​ក្នុង​កិច្ចប្រជុំ​នេះ​លោក​អភិបាលខេត្ត​បានស្នើ​ដល់​សមាជិក​គណៈកម្មាធិកា​រ​គ្រប់គ្រង​ដី​រដ្ឋ​ទាំងអស់​ត្រូវ​ពិភាក្សា​រក​ដំណោះស្រាយ​ពី​បញ្ហា​ប្រឈម​នានា​ដែល​កើតមានឡើង​នាពេល​កន្លងមក​ឱ្យទទួល​បាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​។​

​កិច្ច​ប្រជុំបាន​ពិនិត្យ​លើ​ការចុះពិនិត្យ​ទីតាំង​សម្រាប់​គម្រោង​បែងចែក​ដី​ដើម្បី សង្គមកិច្ច​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដំណាក់កាល​ទី​៣ ស្ថិតនៅ​ភូមិ​ស្វាយ និង​ភូមិ​រំដោះ​ស្រែ ឃុំ​រំដោះ​ស្រែ​ស្រុក​ជាំ​ក្សាន្ត​។​ពិភាក្សា​ទៅលើ​ករណី ប្រជាពលរដ្ឋ​សុំ​កាត់​ឆ្វៀល​ដី ស្ថិតនៅក្នុង​តំបន់​កូនភ្នំ ភូមិ​ភារកិច្ច សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ​។​

​ជាមួយ​នោះ​បែងចែក​ដី​ចំនួន ៨៦​ហិកតា ស្ថិតនៅក្នុង​តំបន់​កូនភ្នំ ភូមិ​ភារកិច្ច សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ព្រមទាំង​ពិភាក្សា​របាយការណ៍​ស្តីពី ការបែងចែក​ដី​អាកាសយានដ្ឋាន​ស្ថិតនៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ។​

​លោក​អភិបាលខេត្ត​ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត បាន ស្នើឱ្យ​អាជ្ញាធរ​ក្រុង​-​ស្រុក​ត្រូវ​គ្រប់គ្រង និង​ការពារ​ដី​រដ្ឋ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ។​ពិសេស មន្ទីរជំនាញ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​-​ស្រុក និង​អ្នកពាក់ព័ន្ធ​បន្ថែមទៀត​៕​សរន / N