ដោយៈ សុផល / ភ្នំពេញ៖ កម្ពុជា នឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ (Cambodia Tech Expo 2022: CTX 2022) ដែលចាប់ផ្តើមពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ និងនៅ Factory Phnom Penh ។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី៣ ខែតុលា នេះ ។

ប្រភពដដែលនេះ បានឱ្យដឹងថាៈ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ជាកម្មវិធីដ៏ធំមួយ ដែលរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ និងជា កម្មវិធីឈានមុខគេ ប្រចាំឆ្នាំលើកទី១ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានគោល បំណងបង្កើតថ្នាលបច្ចេកវិទ្យាថ្នាក់ជាតិ ដើម្បី៖

១.កៀរគររដ្ឋសមាជិកអាស៊ាន រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីសហការ ចែករំលែកបទពិសោធន៍ និន្នាការថ្មីៗ បញ្ហាប្រឈម និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងសង្គមឌីជីថល និងបដិវត្តន៍ ឧស្សាហកម្មជំនាន់ទី៤។ ២.បង្ហាញអំពីវឌ្ឍនភាពគោលនយោបាយ និងក្របខណ្ឌគតិយុត្ត ជាពិសេសផលិតផល និងសេវាបច្ចេកវិទ្យានានា។ ៣. ឆ្លុះបញ្ចាំងអំពីប្រព័ន្ធអេកូឡូស៊ីប្រកបដោយអំណោយផលនិងទាក់ទាញ ព្រមទាំង ចាប់យកឱកាសវិនិយោគក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា។ ៤. អភិវឌ្ឍបណ្តាញអាជីវកម្ម រវាងធុរកិច្ចបច្ចេកវិទ្យាថ្មី សហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម និងវិនិយោគ។ ៥. ចាប់យកសក្តានុពល នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ៦. លើកកម្ពស់ការយល់ដឹង និងបង្កើតសំណើរួម ក្របខណ្ឌ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍រួម ជាដើម។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថាៈ កម្មវិធីចម្បងៗ ក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ រួមមាន វេទិកាកិច្ចសន្ទនា រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-តំណាងវិស័យឯកជន-អ្នកស្រាវជ្រាវ-សង្គមស៊ីវិល, សន្និសីទ និងសិក្ខាសាលា សម្រាប់ថ្នាក់ដឹកនាំ និងអ្នកជំនាញ ដើម្បីចែករំលែក អំពីបច្ចុប្បន្នភាព និងអនាគតនៃបច្ចេកវិទ្យា, កម្មវិធីបង្កើតទំនាក់ទំនង សម្រាប់ធុរកិច្ចថ្មី បច្ចេកវិទ្យានិងវិនិយោគិន, កម្មវិធី Seedstars summit, កម្មវិធី ASEAN YOUNG ENTREPRENEURS CARNIVAL, កម្មវិធី Startup Investment Readiness Program for Tech Startup, វេទិកា ធុរកិច្ចថ្មីកម្ពុជា វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសកម្មភាពសំខាន់ៗ មួយចំនួនទៀត។

កម្មវិធីនេះ ត្រូវបានដឹកនាំ រៀបចំ និងសម្របសម្រួល ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទទួលបានការគាំទ្រ ពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

គួរបញ្ជាក់ដែរថា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងអញ្ជើញធ្វើជាអធិបតីបើកសម្ពោធ ជាផ្លូវការនូវ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។

កម្មវិធីនេះ ក៏នឹងមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន តំណាងមកពីលេខាធិការដ្ឋាន អាស៊ាន ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា នៃប្រទេសតំបន់អាស៊ាន និងអាស៊ានបូក ដៃគូអភិវឌ្ឍន៍ និងដៃគូសន្ទនាជាតិ និងអន្តរជាតិ វាគ្មិនជំនាញជាតិ និងអន្តរជាតិ វិស័យឯកជនជាតិ និងអន្តរជាតិ។ ជាការរំពឹងទុកកម្មវិធីនេះនឹងមានការដាក់ស្តង់ពិព័រណ៍ សរុបប្រមាណ ៤០០ ស្តង់ និងសង្ឃឹមថានឹងមានអ្នកចូលរួមប្រមាណ ៦០, ០០០ នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា ក្រុមហ៊ុនអេឡិចត្រូនិក និងយានយន្ត ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីបច្ចេកវិទ្យា ជាដើម។

លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់ចំណាប់អារម្មណ៍ ចំពោះពិព័រណ៍ បច្ចេកវិទ្យាកម្ពុជា ២០២២ ថាៈ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ គឺជាកម្មវិធីដែល រៀបចំឡើង ក្នុងគោលបំណងបង្ហាញពីសក្តានុពល និងភាពរីកដុះដាល​នៃអាជីវកម្ម បច្ចេកវិទ្យាក្នុងស្រុក ក៏ដូចជា ដើម្បីបង្កើតបណ្តាញទំនាក់ទំនង និងទាញយកចំណាប់ អារម្មណ៍ អ្នកវិនិយោគខាងក្រៅប្រទេស ឱ្យងាកសម្លឹងមកកម្ពុជា ក៏ដូចជាប្រទេស ក្នុងតំបន់អាស៊ានផងដែរ។ នេះជាការបោះជំហាន សម្រាប់ការរៀបចំខ្លួន សម្រាប់សេដ្ឋកិច្ចឌីជីថលដែលមានកំណត់ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់​កាលទី៤ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងរៀបចំនិងជំរុញប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍវិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដោយបានដាក់ចេញនូវគោលនយោបាយ និងផែនទីបង្ហាញផ្លូវ ជាបន្តបន្ទាប់ មានជាអាទិ៍៖ គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្មផែនទីបង្ហាញផ្លូវ​បច្ចេកវិទ្យាអប់រំ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល ព្រមទាំងគ្រោងនឹងរៀបចំ ផែនទីបង្ហាញផ្លូវសម្រាប់បច្ចេកវិទ្យាអាទិភាព​មួយចំនួនទៀត ដែលបម្រើដល់ សេដ្ឋកិច្ចនិងសង្គមកម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផងដែរ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​សង្ឃឹមថាប្រជាជនកម្ពុជា សហគ្រិន និងវិនិយោគិន ជាច្រើននឹងទទួលបានប្រយោជន៍ពីគំនិតនៃការផ្តួចផ្តើម ទាំងនេះ។

លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថាៈ ដើម្បីឆ្លើយតប និងចូលរួមធ្វើឱ្យបានសម្រេច​នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ គោលនយោបាយជាតិ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ និងក្របខណ្ឌផែនការយុទ្ធសាស្រ្ត រួមទាំងក្របខណ្ឌគតិយុត្ត មួយចំនួនទៀត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាននិងកំពុងប្រឹងប្រែងរៀបចំ​និងជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីធានាបានថា កម្ពុជានឹងក្លាយខ្លួនជាប្រទេសមានចំណូ​មធ្យមកម្រិតខ្ពស់​ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។ សេចក្តីជូនដំណឹងនេះ ក៏បានស្រង់សម្តីលោក ហ៊ុល សៀងហេង អគ្គនាយក នៃអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្នុងនាមអគ្គនាយកដ្ឋាន​ទទួលបន្ទុកសម្របសម្រួលរៀបចំកម្មវិធី ដែលបានមានប្រសាសន៍ថាៈ យន្តការសហការ យ៉ាងស្អិតរមួតរវាងស្ថាប័នរដ្ឋ វិស័យឯកជន ​និងដៃគូអភិវឌ្ឍន៍ជាគន្លឹះដើម្បីជំរុញ​ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យមានការរីកចម្រើន ឆាប់រហ័ស។ ហេតុនេះ សូមអញ្ជើញសាធារណជន វិស័យឯកជនដៃគូអភិវឌ្ឍន៍​និងស្ថាប័នពាក់ព័ន្ធ ចូលរួមឱ្យបានច្រើនកុះករ ក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា នាពេលខាងមុខនេះ ដើម្បីទទួលបានពុទ្ធិ ចំណេះដឹង ជាពិសេសស្រូបទាញយកនូវ ឱកាសនៃពង្រីក​បច្ចេកវិទ្យារបស់ខ្លួន ក៏ដូចជាឱកាស នៃការវិនិយោគតាមវិស័យ ទាំងអស់គ្នា​៕/V