ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ អាជ្ញាធរខេត្តបន្ទាយមានជ័យនិងអង្គការហាឆាន់ខាំ(HaChanKham)ប្រចាំកម្ពុជា នៃប្រទេសកូរ៉េខាងត្បូង កាលពីកាលពីថ្ងៃទី០២ខែតុលាឆ្នាំ២០២២ បានផ្តល់កម្លាំងចិត្តដល់យុវជនដែលកំពុងអប់រំផ្តាច់សារធាតុញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់ភូមិភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។

លោក ភា ម៉ានិត ប្រធានគ្រប់គ្រងមណ្ឌលបានអោយដឹងថា អង្គការហាឆាន់ខាំ របស់កូរ៉េនេះ គឺតែងតែជួយដល់មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ជាបន្តបន្ទាប់រួមមានការជួយឧបត្ថម្ភម្ហូបអាហារ ជួយរៀបចំកន្លែង សម្អាតអនាម័យ ជួយលើសេវាអប់រំសីលធម៌ និង ជួយបង្រៀនភាសាកូរ៉េនិងវិជ្ជាជីវ: ។

លោកបានបន្តថា អង្គការក៏បានជួយអគារស្នាក់នៅ១ខ្នងបន្ថែមលើអគារដែលសាងសង់ក្រោមថវិការដ្ឋ។

លោក គឹម ជុងអ៊ុក ប្រធានអង្គការហាឆានខាំ បានមានប្រសាសន៍ ដោយក្ដីអាណិតស្រឡាញ់ រវាងប្រជាជនកូរ៉េខាងត្បូងមកលើប្រជាជនកម្ពុជា ទើបអង្គការមានសមានចិត្តរួមចំណែកជួយក្មួយៗយុវជននិង យុវនារីនៅក្នុងអប់រំផ្តាច់សារធាតុញៀនទាំងនេះ ។

លោក បាន បន្តថា ទោះក្មួយៗក្លាយជាអ្នកញៀនសារធាតុញៀន ហើយធ្លាក់ក្នុងស្ថានភាពនេះក៏កុំអស់សង្ឃឹមនៅលើវាសនារបស់ខ្លួនពោលគឺក្មួយៗនៅតែអាចកែបានមិនទាន់ហួសពេលនោះឡើយ ប៉ុន្តែៗត្រូវប្រឹងប្រែងហាត់ប្រាណ លត់ដំខ្លួនធ្វើទៅតាមបញ្ជារបស់អ្នកគ្រប់គ្រងនៅមណ្ឌលនេះ សង្ឃឹមជឿជាក់ថាពេលប្អូនៗត្រឡប់ទៅផ្ទះសំបែងវិញ និងកែខ្លួនទៅជាមនុស្សល្អ កូនល្អ ប្ដេជ្ញាមិនសេពគ្រឿងញៀនបន្តទៀត ត្រូវខិតខំប្រឹងប្រែងជួយកិច្ចការឪពុកម្ដាយនិងសង្គមជាតិទាំងមូល។

នាឱកាសនោះផងដែរ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសំដែងនូវការកោតសរសើរនិងអរគុណដោយស្មោះចំពោះ លោកគឹម ជុងអ៊ុក និងលោកស្រីដែលជាប្រធានអង្គការហាឆាន់ខាំ ដែលរយៈកន្លងមកក៏ដូចជាពេលនេះ បានផ្ដល់ជាអំណោយមនុស្សធម៌បន្តបន្ទាប់អស់ជាថវិកាយ៉ាងច្រើនក្នុងការចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចរដ្ឋាភិបាលក្នុងការងារសង្គមកិច្ចនិងអភិវឌ្ឍន៍។ សក្ខីភាព សរបញ្ជាក់ពីរទឹកចិត្តអាណិតស្រឡាញ់ជ្រះថ្លានិងជួយដល់ប្អូនៗប្រុសស្រីដែលកំពុងរងគ្រោះជួបការលំបាកនោះ។

សូមបញ្ជាក់ថា អំណោយរបស់អង្គការហាឆាន់ខាំ នាលើកនេះរួមមាន: អង្ក២តោន.,ទឹកសុទ្ធ៨០យួរនិងបាយម្ហូប៨០០កញ្ចប់និងវត្ថុអនុស្សាវរីយ៍មួយចំនួន ។

បច្ចុប្បន្នក្នុងមណ្ឌលមានយុវជននិង យុវនារីចំនួន ៧១៥នាក់ ។