ដោយៈ ជា សីហៈ/ភ្នំពេញៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងកម្មវិធីបើកមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព កាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២២ថា មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» គឺវេទិកាមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយជូនទៅដល់មហាជនគ្រប់ស្រទាប់ថ្នាក់បានទស្សនា និងស្វែងយល់បន្តិចម្តងៗអំពីទម្រង់សិល្បៈខ្មែរជាច្រើន ដែលទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ ថែរក្សាការពារ និងលើកស្ទួយ។

លោកស្រីបានបន្ថែមថា បានស្នើឲ្យសាធារណជនគាំទ្រល្ខោនបាសាក់ និងការសំដែងសិល្បៈគ្រប់ទម្រង់ ដើម្បីបន្តអភិរក្សនិងការពារកេរ្តិ៍ដំណែល ដែលជាអត្តសញ្ញាណជាតិរបស់កម្ពុជា ។

លោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាព បានថ្លែងថា គោលបំណងសំខាន់ នៃការរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស គឺដើម្បីចូលរួមថែរក្សា លើកស្ទួយតម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ អត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់ កិត្យានុភាពជាតិ ជាពិសេស គាំទ្រ និងលើកទឹកចិត្តដល់សិល្បករល្ខោនបាសាក់ ឱ្យមានសកម្មភាពផុសផុល ឡើងវិញ តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់មហាជនឱ្យបានស្គាល់ និងស្វែងយល់បន្ថែមអំពី ទម្រង់ល្ខោនបាសាក់៕