ក្រុម​ល្ខោនបាសាក់ ៥ ក្រុម ចុងក្រោយ ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ ដណ្ដើម​ពានមាស​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រុម​ល្ខោនបាសាក់ ចំនួន ៥ ក្រុម បាន​ត្រូវ​ជ្រើសរើស ឲ្យ​ចូលទៅ​កាន់ការ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​ពានមាស ពី​មហោស្រព ល្ខោនបាសាក់​ទូទាំងប្រទេស ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «​វប្បធម៌​សន្តិភាព​» ដែល​កម្មវិធី​នេះ ប្រព្រឹត្តទៅ​រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣ តុលា ដល់​ថ្ងៃទី​៤ ស្អែក​នេះ នៅ​រោង​មហោស្រព​នាយកដ្ឋាន សិល្បៈ​ទស្សនីយភាព ។​

​លោក ឈាង ឆដា​ភ័ក្ត្រ ប្រធានស្តីទី នៃ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព បាន​មាន ប្រសាសន៍ថាៈ គណៈកម្មកា​រៀបចំ​មហោស្រព​ល្ខោនបាសាក់ ទូទាំងប្រទេស ឆ្នាំ​២០២២ បានរៀបចំ​ប្រកាស​ជូនដំណឹង ស្តីពី​ការរៀបចំ​មហោស្រព​ល្ខោនបាសាក់​ទូទាំងប្រទេស និង​បើកទទួល​ពាក្យស្នើសុំ​ប្រឡង នៅ​ថ្ងៃ​១៥ ខែសីហា ឆ្នាំ​២០២២ និង​បិទ​ការទទួល ពាក្យ នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២​។​

​លោក​បានឱ្យដឹងថាៈ គណៈកម្មការ​រៀបចំម​ហោ​ស្រព បានទទួល​ពាក្យស្នើសុំ​ចូលរួម ប្រកួតប្រជែង សរុប​ចំនួន ១០​ក្រុម មកពី​បណ្តា​រាជធានី​-​ខេត្ត ដូចជា ភ្នំពេញ កំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង កណ្តាល ត្បូងឃ្មុំ កែប និង បន្ទាយមានជ័យ​។​

​លោក​បាន​បញ្ជាក់ថាៈ លក្ខខណ្ឌ​ប្រឡង គឺ​ក្រុម​ល្ខោន​បាន​សាក់​នីមួយៗ ដែលមាន បំណង​ចូលរួម​ប្រកួត ត្រូវ​ថត​ជា​វីដេអូ​សកម្មភាព សម្តែង​ល្ខោនបាសាក់​របស់​ក្រុម​ខ្លួន រយៈពេល ១៥-៣០ នាទី ដើម្បី​ផ្ញើជូន​មក គណៈកម្មការ​រៀបចំម​ហោ​ស្រព​។​

​លោក​បាន​បន្តថាៈ មហោស្រព​នេះ ធ្វើឡើង​មាន ២​វគ្គ គឺ​វគ្គ​ជម្រុះ និង​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្នុង​វគ្គ​ជម្រុះ ក្រុម​ល្ខោនបាសាក់​នីមួយៗ មាន​សិទ្ធិ ក្នុងការ​បង្ហាញ​សមត្ថភាព​សម្តែង​របស់ ក្រុម​ខ្លួន​តាមរយៈ​វីដេអូ ហើយ​ផ្ញើជូន​គណៈ មេ​ប្រយោគ ដើម្បី​វាយតម្លៃ ។​

​លោក​បាន​បន្តទៀតថាៈ អនុគណៈកម្មការ​មេ​ប្រយោគ បាន​ពិនិត្យ​វាយតម្លៃ​ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ សុ​ក្រឹត្យ មិន​លំអៀង និង​បានជ្រើសរើស​ស្នាដៃ ចំនួន ៥​ក្រុម ដើម្បី​ចូលរួម​ក្នុង វគ្គ​ផ្តាច់ព្រ័ត្រ​។​

​លោក ឈាង ឆដា​ភ័ក្ត្រ បានឱ្យដឹងថាៈ ក្រុម​ល្ខោនបាសាក់ ចំនួន ៥​ក្រុម ដែល​បាន​ជ្រើស រើស​ឲ្យ​ចូលទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ តម្រូវឱ្យ​ចូលរួម ប្រកួត​ដោយផ្ទាល់ នៅ​រោង​សំដែង នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព រាជធានី​ភ្នំពេញ ដោយ​សម្តែង​លើ​វិញ្ញាសា “ វប្បធម៌​សន្តិភាព ” ដើម្បី​ឲ្យ​ក្រុម​នីមួយៗ ប្រើប្រាស់​នូវ​សិល្ប៍​វិធី​ក្នុងការ​តាក់តែង​និពន្ធ​រឿង សមត្ថភាព​ដឹកនាំ​រឿង និង​សម្តែង​របស់​ក្រុម​ខ្លួន ដើម្បី​ប្រជែង​យក​ជ័យលាភី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ។​

​លោក​ក៏បាន​ឱ្យដឹង​ដែរ​ថាៈ រង្វាន់​ជ័យលាភី សម្រាប់ ៥ ក្រុម​ចុងក្រោយ រួមមាន​
​ជ័យលាភី​លេខ​១ ទទួលបាន​ពានមាស​១ អមដោយ​ទឹកប្រាក់ , ជ័យលាភី​លេខ​២ ទទួលបាន​ពានប្រាក់​១ អមដោយ​ទឹកប្រាក់ , ជ័យលាភី​លេខ​៣ ទទួលបាន​ពានសំរិទ្ធ​១ អមដោយ​ទឹកប្រាក់ , ចំណាត់ថ្នាក់​កិត្តិយស ២ ក្រុម ទទួលបាន​ប្រកាសនីយបត្រ អមដោយ​ទឹកប្រាក់ ។​

​បើតាម​លោក ឈាង ឆដា​ភ័ក្ត្រ បានឱ្យដឹងថាៈ ល្ខោនបាសាក់ មានឈ្មោះ​ដើម ជា​ល្ខោន ទ្រើងឃ្លោក មានកំណើត​នៅ​ដែនដី​កម្ពុជា​ក្រោម ក្នុងស្រុក​បាសាក់ ខេត្ត​ព្រះ​ត្រពាំង​។ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ ល្ខោន​ទ្រើងឃ្លោក ត្រូវបាន​យកមក​សម្តែង នៅ​ទីក្រុង​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន តាម​ដង​ទន្លេបាសាក់ ហើយ​ទទួលបាន ប្រជាប្រិយភាព​យ៉ាងខ្លាំង ដោយ​ដំបូង​គេ​ហៅថា ល្ខោន​មកពី​ស្រុក​បាសាក់ លុះ​ក្រោយមក ក៏​ហៅ​កាត់​ខ្លី​ថា ល្ខោនបាសាក់ ហើយក៏​ជាប់​ឈ្មោះ រហូតដល់​សព្វថ្ងៃ​។​

​ល្ខោនបាសាក់ គឺមាន​ទាំង​ការនិយាយ មាន​ទាំង​ច្រៀង ហើយ​កំដរ​ដោយ​ភ្លេង​បាសាក់​។ ល្ខោន​នេះ​ទៀតសោត មាន​ឥទ្ធិពល​មកពី​ល្ខោន អូ​ប៉េ​រ៉ា​របស់​ចិន និង វៀតណាម​៕/V​