ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោកស្រី បណ្ឌិត ពេ​ជ ចន្ទ​មុន្នី អគ្គស្នងការ នៃ​សមាគម កាយឫទ្ធិ​នារី​កម្ពុជា បាន​ចែករំលែក​ចំណេះដឹង បទពិសោធន៍ ចំនួន ៤​ចំណុច ជូន​ដល់​សមាជិកា និង​យុវតី ដែល​បាន​ចូលរួម ក្នុង​កម្មវិធី “​ជួបនឹង​បងស្រី​ឆ្នើម​” ។ ចំណុច​ទាំង​បួន មានដូចជាៈ ១-​ធ្វើ​អ្វី ធ្វើឱ្យ​ល្អ ក្នុងថ្ងៃនេះ , ២-​បង្កើត​ទំនាក់ទំនង ឱ្យបាន​ច្រើន , ៣-​ការងារ​ទាំងអស់ គឺ​បង្រៀន​យើង និង ៤-​មាន​ទំនុកចិត្ត​ខ្លួនឯង​។ ចំណុច​ទាំង ៤​នេះ គឺ​ពិត​ជាមាន​ថាមពល និង​ការចាប់ផ្តើម​ដ៏​ល្អ សំរាប់​ពួកគាត់ អាច​យកទៅអនុវត្ត សម្រាប់​ជីវិត​ការសិក្សា ការងារ និង​ការរស់នៅ​ប្រចាំថ្ងៃ​។​

​ការចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​ដំបូន្មាន​ល្អៗ​ទាំងនេះ នៅក្នុង​កម្មវិធី “​ជួបនឹង​បងស្រី​ឆ្នើម​” ដែល​ប្រារព្ធ​ធ្វើឡើង នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២២ ដែលមាន​ការចូលរួម​ពី​សំណាក់ ថ្នាក់​អគ្គស្នងការ​ស្នងការ ថ្នាក់ដឹកនាំ ក្រុមការងារ និង​សមាជិកា សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ជាង ២០០​នាក់​។

​នៅក្នុង​កម្មវិធី​នោះ លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​បើកឱកាស​ឱ្យ​សមាជិកា និង​អ្នកចូលរួម ជាពិសេស​សមាជិកា​សក​ម្មរ​បស់ GGAC បាន​ចូលរួម​ទទួលយក បទពិសោធន៍ នៃ​ការចូលរួម​កម្មវិធី បាន​បង្កើន​បណ្ដាញ​ទំនាក់ទំនង (Network) បាន​មានឱកាស​បញ្ចេញ​ភាពក្លាហាន តាមរយ​:​ការសាកសួរ​សំណួរ និង​ល្អ​បំផុត គឺ​ទទួល​នូវ​សារសំខាន់ៗ ដែល​បង​ចែករំលែក​ដល់​ពួកគាត់ ដែលជា​គន្លឹះ​អាចឱ្យ​ពួកគាត់ យកទៅ​អនុវត្តន៍ ដើម្បី​កសាង​អនាគត និង​ទិសដៅ​ជិវិត​ប្រសើរ​។ លើសពីនេះ​គឺ កាន់តែ​ជំរុញ​ទឹកចិត្ត​ការចូលរួម​ស្ម័គ្រចិត្ត​ចែករំលែក​របស់​សមាជិក​គាំទ្រ​កាន់តែខ្លាំង​ទៀត ព្រោះ​គាត់​បានឃើញ​សកម្មភាព​ពិតប្រាកដ​របស់ GGAC និង​បាន​ឃើញថា សមាជិកា​សកម្ម គឺ​ពិតជា​ទទួលបាន​ផលប្រយោជន៍ ពី​ការ​កម្មវិធី​របស់​សមា​គម ហើយ​អភិវឌ្ឍន៍​ពួកគាត់ ពិតប្រាកដ​មែន​៕/V​