ដោយ​៖ ភា រស្មី បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ ខេត្តព្រៃវែង​/​ភ្នំពេញ​៖​ខ្ញុំ​ឈ្មោះ រស់ សៀត ហៅ ហ៊ួ​យ ភេទ​ស្រី អាយុ​៧០​ឆ្នាំ សព្វថ្ងៃ​ខ្ញុំ​រស់នៅ ភូមិ​ឬ​ស្សី​សាញ់ ឃុំ​ជី​ផុ​ច ស្រុក​មេសាង ខេត្តព្រៃវែង​។ ខ្ញុំ​មាន​បងប្អូន​សរុប​ចំនួន​៩​នាក់ និង​បាន​ចូល​បដិវត្តន៍​ជាមួយ​ខ្មែរក្រហម​ចំនួន​៤​នាក់ នៅក្នុង​ឆ្នាំ​១៩៧០​។

បងប្អូន​របស់ខ្ញុំ​ចូលធ្វើ​បដិវត្តន៍​តាម​ការឃោសនា​របស់ តា​ចង្កូម គឺជា​អ្នក​មកពី​ភូមិ​បឹង ឃុំ​អំពិល​ទោល ស្រុក​មេសាង​។ តា​ចង្កូម ចូលមក​ធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រធាន​សហករណ៍​ភូមិ​ឬ​ស្សី​សាញ់​ឈ្មោះ ឥដ្ឋ និង សាន ដើម្បី​ស្វែងរក​ប្រជាជន​ឲ្យ​ចូលធ្វើ​បដិវត្តន៍​ជាមួយ​ខ្មែរក្រហម​។ កន្លែង​ដែល តា​ចង្កូម មក​ឃោសនា​គឺ​នៅផ្ទះ​មេភូមិ និង​នៅ​វត្ត ហើយ​ពេលខ្លះ​នៅតាម​ផ្ទះ​ប្រជាជន​។ ប្រជាជន​នៅក្នុង​ភូមិ​ខ្ញុំ​ជាច្រើន​នាក់​រួមទាំង​បងប្អូន​របស់ខ្ញុំ​បាន​ចូលរួម​ដែរ ប៉ុន្តែ​កាលនោះ​មិនទាន់​ឃើញ​មាន​ធ្វើ​សកម្មភាព​អ្វី​ទេ​។​

រស់ សៀត នៅផ្ទះ​របស់គាត់​ស្ថិតនៅ​ភូមិ​ឫស្សី​សាញ់ ឃុំ​ជី​ផុ​ច ស្រុក​មេសាង ខេត្តព្រៃវែង កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

នៅ​ចុងឆ្នាំ​១៩៧៤ មេឃុំ​ជី​ផុ​ច ឈ្មោះ មន ប្រាប់​ទៅ​មេភូមិ​គ្រប់​ភូមិ​ប្រកាស​ស្នើសុំ​បាយ​ដាក់​ស្បោង​ពី​ប្រជាជន​ដោយ​ក្នុង​មួយ​គ្រួសារ​ផ្ដល់​បាយ​មួយ​ស្បោង​ក្នុង​មួយថ្ងៃ​។ ប្រជាជន​នៅក្នុង​ឃុំ​ជី​ផុ​ច ឆ្លាស់​វេន​គ្នា​ផ្ដល់​អាហារ​ឲ្យ​យោធា​ខ្មែរក្រហម ដោយ​ធ្វើការ​ផ្លាស់​វេន​ក្នុង​មួយថ្ងៃ​មួយ​ភូមិ រហូតដល់​គ្រប់​ភូមិ​ទាំងអស់​នៅក្នុង​ឃុំ​។ នៅពេលនោះ​ប្អូន​របស់ខ្ញុំ​២​នាក់​ស្លាប់​នៅពេលដែល​ចូល​ធ្វើជា​កងទ័ព​ខ្មែរក្រហម​។ បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ នៅ​ឆ្នាំ​១៩៧៥ ប្រធាន​សហករណ៍​បញ្ជូន​ក្រុម​របស់ខ្ញុំ​ឲ្យ​ទៅ​កាប់​ឧស​យកមក​ដាក់​ក្នុង​សហករណ៍​។ បន្ទាប់ពី​កាប់​ឧស​រួច ប្រធាន​កងចល័ត​ប្រើ​ក្រុម​របស់ខ្ញុំ​ឲ្យ​ទៅ​ជីក​ប្រឡាយ​នៅ​ក្បាល​ខ្វែក​បន្តទៀត​។ នៅ​ក្បាល​ខ្វែក ខ្ញុំ​និង​មិត្ត​របស់ខ្ញុំ​ចំនួន​៣​នាក់​នាំគ្នា​លួច​រត់​មកលេង​ផ្ទះ​ព្រោះ​ក្រុម​របស់ខ្ញុំ​នឹក​ផ្ទះ​ខ្លាំងពេក ប៉ុន្តែ​ត្រូវ​ប្រធាន​កងចល័ត​ដឹង ហើយ​ជិះ​កង់​តាម​ចាប់​យើង​ទាំងយប់​។ ក្រុម​របស់ខ្ញុំ​រត់​មក​ដល់ផ្ទះ និង​ត្រូវ​ក្រោក​ត្រឡប់​ទៅវិញ​នៅ​ម៉ោង​១​យប់​ដើម្បី​ឲ្យ​ទាន់​ការងារ​ពេលព្រឹក​។ លុះ​ម៉ោង​១​រសៀល ឈ្មោះ ថន គឺជា​ប្រធាន​ឃ ហៅ​ក្រុម​របស់ខ្ញុំ​ទាំង​៤​នាក់​ទៅ​ណែនាំ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ធ្វើបែបនេះ​ទៀត​។ ក្រោយពី​បញ្ចប់​ការងារ​នៅ ក្បាល​ខ្វែក អង្គការ​បញ្ជូន​ក្រុម​កងចល័ត​នារី​របស់ខ្ញុំ​ទាំងអស់​ឲ្យ​ទៅ​លើក​ប្រឡាយ​នៅ​ខាង​ជើងពាន​ភ្លើង (​ស្រុក​កំចាយមារ​) បន្ត​រហូតដល់​ដើមឆ្នាំ​១៩៧៦ ទើប​ត្រឡប់មក​សហករណ៍​វិញ​។

​នៅ​ឆ្នាំ​១៩៧៦ បន្ទាប់ពី​ខ្ញុំ​ធ្វើការ​នៅក្នុង​សហករណ៍​ភូមិ​មិនបាន​ប៉ុន្មាន អង្គការ​បញ្ជូន​ក្រុម​របស់ខ្ញុំ​ឲ្យ​ទៅធ្វើ​ការ​នៅ​ពោធិ៍​រោង​។ កងចល័ត​របស់ខ្ញុំ​បញ្ចប់​ការងារ​នៅ​ពោធិ៍​រោង​ហើយ ក៏​ទៅ​ធ្វើការ​ស្រឡូង​ស្រ​ឡី ហើយ​ចេញពី​ស្រឡូង​ស្រ​ឡី​ទៅ​លើក​ព្រែក​នៅ​សំរោង​រហូតដល់​ខែសីហា ឆ្នាំ​១៩៧៦​ដដែល ទើប​ត្រឡប់មក​ភូមិ​ឬ​ស្សី​សាញ់​វិញ​។ ពេលមកដល់​ភូមិ​ប្រធាន​សហករណ៍​បញ្ជូន​ក្រុម​កងចល័ត​ឲ្យ​ទៅ​ជួយ​ស្ទូងស្រូវ​នៅ​ភូមិ​ស្វាយ​អណ្ដូង រួច​ក៏​បន្តទៅ​ភូមិ​ត្រពាំង​ស្គន់​ទើប​ត្រឡប់មក​ធ្វើការ​ទប់ទឹក​នៅ​ជិត​ភូមិ​វិញ​។ នៅក្នុង​ភូមិ​ឬ​ស្សី​សាញ់ អង្គការ​ប្រើ​ក្រុម​ខ្ញុំ​ដែលមាន​សមាជិក​ចំនួន​ប្រាំបី​នាក់​ទៅ​ស្ទូងស្រូវ​មួយ​ហិកតា​ឲ្យ​រួច​ក្នុង​មួយថ្ងៃ បើ​មិនទាន់​រួចរាល់​គឺ​មិនបាន​អាហារ​ហូប​ឡើយ​។

​នៅ​ដើមឆ្នាំ​១៩៧៧ អង្គ​ការប្រើ​កងចល័ត​នារី​ទាំងអស់ ឲ្យ​ទៅ​លើក​ប្រព័ន្ធ​ភ្លឺស្រែ​មួយថ្ងៃ​ឲ្យ​បាន​២០​ម៉ែត្រ គឺ​ពេលព្រឹក​១០​ម៉ែត្រ និង​ពេល​រសៀល​១០​ម៉ែត្រ​។ ក្រុម​របស់ខ្ញុំ​ខិតខំ​ធ្វើការ​ដើម្បី​ឲ្យ​គ្រប់​ផែនការ​។ នៅក្នុង​ខែកញ្ញា ឆ្នាំ​១៩៧៧ ប្រធាន​សហករណ៍​ជ្រើសរើស​ឈ្មោះ​របស់ខ្ញុំ​ឲ្យ​ទៅធ្វើជា​ទាហាន និង​ទៅ​បើក​សម្លៀកបំពាក់​នៅ​វត្ត​ចំបក់​។ ចេញពី​វត្ត​ចំបក់​ខ្ញុំ​និង​មិត្ត​នារី​ផ្សេងទៀត​បាន​ទៅ​ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ​យោធា​នៅក្នុង​វត្ត​ស្ទាវ​ចំនួន​៣​ខែ​ទៀត​។ បន្ទាប់ពី​បញ្ចប់​ការហ្វឹកហាត់ អង្គការ​បញ្ជូន​ក្រុម​ខ្ញុំ​ឲ្យ​ទៅ ត្រៀម​នៅ​កៅ​ទៃ​ដងក្ដោង ហើយ​ក្រោយមក​បញ្ជូនទៅ​វត្ត​ព្រៃ​មូល​។

ចេញពី​វត្ត​ព្រៃ​មូល​អង្គការ​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ត្រៀម​នៅ​តំបន់​២០​។ នៅក្នុង​តំបន់​២០ មានឈ្មោះ​តា ឆាំ បាន​បង្វឹក​ក្រុម​របស់ខ្ញុំ​ឲ្យ​ចេះ​គប់​គ្រាប់បែក និង​គេចខ្លួន​ពី​គ្រាប់បែក រហូតដល់​ចេះ​សព្វគ្រប់​ទើប​បញ្ជូនទៅ​ខាងត្បូង​ត្រពាំង​ផ្លុ​ង ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ខ្ញុំនៅក្នុងកងពលលេខ៦ដែលមាន​ទីតាំង​ឈរជើង​នៅ​ទួល​សង្កែ​ក្បាលដំរី ជិត​ច្រកព្រំដែន រំដេង ព្រំប្រទល់​កម្ពុជា​-​វៀតណាម​។ តួនាទី​របស់ខ្ញុំ​នៅ​ព្រំដែន គឺ​ចាំ​សែង​យោធា​ខ្មែរក្រហម​ដែល​រងរបួស​នៅពេល​វាយ​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម​។ ខ្ញុំ​នៅ​ធ្វើការ​ក្នុង​កងពល​លេខ​៦​រហូតដល់​ខែមិថុនា ឆ្នាំ​១៩៧៨ ទើប​មានឈ្មោះ អៀង នឹង​ឈ្មោះ​ល្វៃ នាំ​ខ្ញុំ​រត់​ត្រឡប់មកវិញ​។ នៅតាម​ផ្លូវ​ត្រឡប់មកវិញ ខ្ញុំ​ត្រូវ​ដើរកាត់​ព្រៃ កាត់​ភ្នំ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​សម្ងាត់​បំផុត និង​មាន​យោធា​ខ្មែរក្រហម​នៅ​ខាង​ស្រុក​ពញាក្រែក​ទៅ​ទទួល​ទៀតផង​។ បន្ទាប់មកទៀត​ខ្ញុំ​ធ្វើដំណើរ​មក​ស្រុក​មេសាង​វិញ​។ នៅ​ទីនោះ ប្រធាន​សហករណ៍​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​នៅ​ខាង​ស្រុក​បាភ្នំ​វិញ ព្រោះ​ប្រជាជន​នៅក្នុង​ភូមិ​ឫស្សី​សាញ់​មិន​ពេញចិត្ត​ខ្ញុំ​និង​តាម​សម្លាប់​ខ្ញុំ​ចោល​។ អ្នក​ដែល​បញ្ជូន​ខ្ញុំ​ទៅ​បាភ្នំ​មាន​ឈ្មោះថា ហ៊ាន​, ញ៉ និង​ឈ្មោះ សេង ហើយ​អ្នក​ទាំងនោះ​ត្រូវបាន​ប្រជាជន​តាម​សម្លាប់​បាន​នៅ​ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ នៅពេលដែល​អ្នក​ទាំងនោះ​ទៅដល់​ឃុំ​បឹង​ព្រះ​បាន​ប្រមាណ​៤​ថ្ងៃ​។ នៅពេល​ខ្ញុំ​រស់នៅ​បាភ្នំ​ក្នុង​តំបន់​២៤ មេទ័ព​តំបន់​ឈ្មោះ ខិ​ន និង ខិត បាន​ឲ្យ​ខ្ញុំ​បន្លំ​ខ្លួន​ធ្វើជា​ប្រជាជន និង​ជួយ​ស្ទូង​ដក​អ្នកភូមិ​ក្នុង​តំបន់​នោះ​សិន​រហូតដល់​ស្ថានភាព​នៅក្នុង​ភូមិ​ឬ​ស្សី​សាញ់​ធម្មតា​វិញ​។​

អ្នកភូមិ​កំពុង​ភ្ជួរស្រែ​ដោយ​ប្រើ​ម៉ាស៊ីន ស្ថិតនៅ​ភូមិ​ឫស្សី​សាញ់ ឃុំ​ជី​ផុ​ច ស្រុក​មេសាង ខេត្តព្រៃវែង កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

នៅ​ចុងឆ្នាំ​១៩៧៨ ខ្ញុំ​ត្រឡប់​ទៅ​រស់នៅ​ក្នុងភូមិ​ឫស្សី​សាញ់​វិញ ប៉ុន្តែ​នៅពេល​ទៅដល់​ផ្ទះ ឈ្មោះ​ជន គឺជា​ប្រធាន​តំបន់​២០​ថ្មី​ហៅ​ខ្ញុំ​ទៅ​សាកសួរ អំពី​មូល​ហេតុដែល​ខ្ញុំ​ត្រឡប់មកវិញ រួចហើយ​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​នៅ​មន្ទីរ​ពោធិ៍​តា​មុំ​។ នៅ​មន្ទីរ​ពោធិ៍​តា​មុំ ខ្ញុំ​ធ្វើការ​ដូច​អ្នកទោស ហើយ​អ្នកគ្រប់គ្រង​នៅ​ទីនោះ​មាន​ឈ្មោះថា ប៊ិច​។ ខ្ញុំ​ធ្វើការ​នៅ​ពោធិ៍​តា​មុំ​មិនបាន​ប៉ុន្មាន​ផង ក៏​កងទ័ព​វៀតណាម​វាយ​ចូលមក​រំដោះប្រជាជន​។ នៅពេល​មាន​ភាពចលាចល ខ្ញុំ​លួច​រត់​ចេញពី​មន្ទីរ​មក​ផ្ទះ​វិញ ហើយ​នាំ​គ្រួសារ​ភៀសខ្លួន​ចេញទៅ​នៅ​ជិតៗ​ភូមិ រហូតដល់​ស្ថានភាព​ធម្មតា​ទើប​នាំគ្នា​ចូលមកក្នុង​ភូមិ​វិញ​។ នៅ​ដើមឆ្នាំ​១៩៧៩ បន្ទាប់ពី​ខ្មែរក្រហម​ដួលរលំ បងប្អូន​របស់ខ្ញុំ​ប្រកប​របរ​ធ្វើស្រែ​ដើម្បី​ចិញ្ចឹមជីវិត​។ សព្វថ្ងៃនេះ​ខ្ញុំ​រស់នៅ​ជាមួយ​បងស្រី​របស់ខ្ញុំ ព្រោះ​ខ្ញុំ​ទាំងពីរ​នាក់​មិនមាន​គ្រួសារ​ដូចគ្នា​។ ខ្ញុំ​ប្រក​បរបរ​ធ្វើស្រែ ដាំ​ដំណាំ និង​ចិញ្ចឹមសត្វ ប៉ុន្តែ​ទោះបីយ៉ាងណា​ជីវភាព​គ្រួសារ​របស់ខ្ញុំ​ក៏​មិនសូវ​ជា​ធូរធារ​ប៉ុន្មាន​ដែរ​៕​សរន​