ដោយៈ​មុនី រ័ត្ន​/​ភ្នំពេញ​៖ មួយថ្ងៃ​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​លើកទឹកចិត្ត ផង​និង​ជំរុញ​ផង​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការដាំដុះ ការចិញ្ចឹម​សត្វ​ផង​តាម “​ទស្សនទាន​ការនាំចេញ​នៅនឹងកន្លែង​” ដើម្បី​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​នោះ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​បាន​សាទរ​ចំពោះ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​យ៉ាង​ក្រៃលែង​។

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៣ ខែតុលា​នេះ​ថា ក្នុងនាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​យល់ឃើញថា វិស័យ​ចិញ្ចឹមសត្វ​មានការ​រីកចម្រើន ហើយ​ការរីកចម្រើន​នេះ ក៏​ដោយសារ​សម្តេច​កាត់​បន្ថយ​ការ​នាំចូល​ដើម្បី​ជំរុញ​វិស័យ​ចិញ្ចឹមសត្វ​។

​​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា(រូបថត ឯកសារ)

លោក​បន្តថា សត្វ​នៅក្នុង​ស្រុក​សព្វថ្ងៃនេះ គឺ​ជោគជ័យ​ហើយ​។ បានន័យថា ហូប​អត់​អស់​ទេ​នៅក្នុង​ប្រទេស ។​ឥឡូវនេះ​រហូតដល់​ធ្វើការ​នាំចេញ​។​ទាំងអស់នេះ គឺ​បានមកពី​អនុសាសន៍​របស់​សម្តេច​។​

​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ចិ​ញ្វឹ​ម​សត្វ ក៏ដូចជា​កសិដ្ឋាន និង​ក្រុមហ៊ុន​ក្នុងស្រុក គឺមាន​ភាពកក់ក្តៅ​យ៉ាងខ្លាំង ដោយសារតែ​សម្តេច​នៅតែ​យកចិត្តទុកដាក់​ខ្ពស់​នៅក្នុង​វិស័យ​ចិញ្ចឹមសត្វ ក៏ដូចជា​វិស័យ​កសិកម្ម​នេះ​។ យើង​ឃើញ​ហើយ​មិនមែន​តែ​វិស័យ​ចិញ្ចឹមសត្វ​មួយ​មុខ​ទេ វិស័យ​ចិញ្ចឹមសត្វ គឺ​យើង​មាន​ស្អី​ខ្លះ​? ។​ដូច្នេះ​កត្តា​ដែល​យើង​ទទួលបាន​ផលប្រយោជន៍​ពី​វិស័យ​ចិញ្ចឹមសត្វ គឺ​ដូចជា ដាំពោត សណ្តែក ល្ង … នឹង​ហើយ​ដែល​ជំរុញ​ឱ្យ​កសិករ​យើង​មានការ​ងារ​ធ្វើ ។​កាត់បន្ថយ​ចំណាកស្រុក​។ ចំណុច​ទាំងអស់នេះ ដែល​យើង​ស្វាគមន៍​និង​ត្រេកអរ​យ៉ាងខ្លាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ដ៏​ឈ្លាសវៃ​”​។​

​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ដែល​ទើប​ទៅ​តាំងទី​លំនៅ​ថ្មី​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១​ខែតុលា​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​លើកទឹកចិត្ត​ផង​និង​ជំរុញ​ផង​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ឱ្យធ្វើ​ការដាំដុះ​ធ្វើការ​ចិញ្ចឹមសត្វ​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ដែល​សម្តេច​បានបញ្ជាក់​ថា​នេះ​គឺជា​”​ទស្សនទាន​នាំចេញ​នៅនឹងកន្លែង​”​ដើម្បី​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា នៅពេលនេះ​ទេសចរ​កំពុងតែ​រើបៗ​ឡើងវិញ​។​បន្តិចទៀត​ប្រទេស​ចិន នឹង​កាត់បន្ថយ​ឬ​បញ្ឈប់​ការអនុវត្ត​គោលនយោបាយ​សូន្យ​កូ​វីដ​។​ពេលនោះ​ភ្ញៀវ​ចិន​ក្នុង​ចំនួន​ច្រើន​នឹងធ្វើ​ដំណើរ​មកកាន់​ខេត្តសៀមរាប​។​ខេត្តសៀមរាប​មាន​អាកាសយាន​យន្តហោះ​អន្តរជាតិ​ថ្មី​ដែល​អាកាសយានដ្ឋាន​មុននេះ​អាច​ចុះ​បានតែ​យន្តហោះ​ខ្នាតតូច​។​ឥឡូវ​យើង​មាន​ព្រលានយន្តហោះ​ថ្មី​ដែល​អាច​ចុះ​យន្តហោះ​ខ្នាត​យក្ស​។​យន្តហោះ​ប្រភេទ​ណា​ក៏​អាច​ចុះចត​បាន​។​ពេលនោះ​ភ្ញៀវទេសចរ​នឹង​សម្រុក​មក​ខេត្តសៀមរាប​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ដោយហេតុ​យើង​ត្រូវតែ​ធ្វើ​ការដាំដុះ ធ្វើការ​ចិញ្ចឹមសត្វ​។​យើង​ធ្វើ​វិធី ហ្នឹង​ដើម្បី​ធ្វើយ៉ាងណា​ទាញ​ទេសចរ​,​បង្កើត​ការងារ​,​បង្កើត​ប្រាក់ចំណូល ។​ការដាំដុះ​ការចិញ្ចឹម​សត្វ​របស់​យើង​បម្រើ ឱ្យ​វិស័យ​ទេសចរណ៍​ដែល​”​ខ្ញុំ​ប្រើ​ទស្សនទាន​ថា​នាំចេញ​នៅនឹងកន្លែង​។​មិនបាច់​នាំ​ចេញទៅ​ក្រៅប្រទេស​ទើប​ហៅថា​នាំចេញ​ទេ​!​។​យើង ដាំ​ដុះ យើង​ចិញ្ចឹមសត្វ នាំចូល​សណ្ឋាគារ​ឱ្យ​ភ្ញៀវ​បរទេស បរិភោគ ចាត់ទុកថា ជាការ​នាំចេញ​នៅនឹងកន្លែង​ដើម្បី​ជំរុញ សេដ្ឋកិច្ចកម្ពុជា​៕​សរន​