ពលករ​ចំណាកស្រុក ១៤.០០០ នាក់​ប្រឈម​ការបណ្តេញ​ចេញពី​ថៃ​

1329
ចែករម្លែក
  • 89
    Shares

​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ​លោក អា​ឌុល សាង​សឹង​កែវ បាន​និយាយថា ខណៈដែល​ការចុះបញ្ជី​ពលករ​ចំណាកស្រុក​ឈានដល់​ថ្ងៃ​កំណត់​នៅ​ថ្ងៃ​សៅរ៍​ទី​៣០ មិថុនា​នេះ ពលករ​ជាង ១៤.០០០ នាក់​ដែល​គ្មាន​ឯកសារ នៅ​មិនទាន់បាន​បំពេញ​រួចរាល់​នូវ​ដំណើរការ​ចុះបញ្ជី​។​

​លោក​បាន​ជំរុញ​ឱ្យ​និយោជក​ធានាថា​បុគ្គលិក​ទាំងអស់​របស់​ពួកគេ​ត្រូវបាន​ចុះបញ្ជី​ដោយ​ស្របច្បាប់​ជាមួយនឹង​មជ្ឈមណ្ឌល​សេវាកម្ម​ចេញចូល​ច្រក​តែមួយ (OSS) របស់​ក្រសួង​។ ពលករ​ប្រមាណ ១៤.២៩៨ នាក់ ដែល​ភាគច្រើន​មកពី​ប្រទេសជិតខាង ឥឡូវនេះ​ត្រូវបាន​សង្ស័យថា​នៅតែ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។​

​ក្នុងចំណោម​ពួកគេ មាន​ពលករ ៩.៩៦៦ នាក់​មកពី​ប្រទេស​កម្ពុជា ១.៧២៨ នាក់​មកពី​ឡាវ និង ២.៦០៤ នាក់​មកពី​មី​យ៉ាន់​ម៉ា​។​

​ក្រសួង​បានចាប់ផ្តើម​ចុះឈ្មោះ​ពលករ​ចំណាកស្រុក​កាលពី​ឆ្នាំមុន​ក្នុង​គោលបំណង​ចងក្រង​ឯកសារ​និង​ធ្វើ​និយតកម្ម​ពលករ​ប្រមាណ ១,៣២ លាន​នាក់​ដែល​ភាគច្រើន​មកពី​ប្រទេសជិតខាង​ទាំង​៣​ខាងលើ​។ ប៉ុន្តែ​ដំណើរការ​នេះ​ត្រូវបាន​ញាំញី​ដោយ​បញ្ហា​ផ្សេងៗ​និង​ការពន្យារពេល​។​

​មានតែ​កម្មករ​ចំនួន ៨៤០.៧៣៦ នាក់​ប៉ុណ្ណោះ​បាន​ចុះបញ្ជី​កាលពី​ខែឧសភា ដែលនាំឱ្យ​ថ្ងៃ​ផុតកំណត់​ត្រូវបាន​ពន្យារ​មួយខែ​។​

​ចាប់តាំងពី​ពេលនោះ​មក មាន​ពលករ​ជាង ៣៣៣.០០០ នាក់​បាន​ប្រញាប់​មក​ចុះឈ្មោះ​នៅ​មជ្ឈមណ្ឌល OSS ដែល​ពាក់កណ្តាល​ក្នុងចំណោម​នោះ​គឺ​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​។

​ពលករ​នឹង​ប្រឈម​ការពិន័យ ៥.០០០ ទៅ ៥០.០០០ បាត​។ ពួកគេ​នឹងត្រូវ​ធ្វើ​មាតុភូមិនិវត្តន៍ និង ជាប់​បម្រាម​មិនឱ្យ​ធ្វើការ​ក្នុងប្រទេស​ថៃ ២ ឆ្នាំ​។

​និយោជក​នឹង​ប្រឈម​ការផាកពិន័យ ១០.០០០ ទៅ ១០០.០០០ បាត​សម្រាប់​ពលករ​ខុសច្បាប់​ម្នាក់​។ និយោជក​ណា​ដែល​បំពាន​ច្បាប់​ដដែលៗ នឹងត្រូវ​ផាកពិន័យ ៥០.០០០ ទៅ ២០០.០០០ បាត​សម្រាប់​ពលករ​ម្នាក់ ជាប់គុក​១​ឆ្នាំ និង ហាម​ជួល​ជនបរទេស ៣ ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

ពលករ​ចំណាកស្រុកកម្ពុជាចេញពីថៃកាលពីឆ្នាំ២០១៤

ប្រភព៖Bangkokpost

ទីតាំងផ្សាយពាណិជ្ជកម្ម