​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ បាន​ប្តឹង​ទូរទស្សន៍ CNN​ពី​បទ​បរិហារកេរ្តិ៍​កាលពី​ថ្ងៃ​ចន្ទ ទី​៣​តុលា ដោយ​ទាមទារ​សំណង​ចំនួន ៤៧៥ លាន​ដុល្លារ និង​អះអាងថា បណ្តាញ​ទូរទស្សន៍​នេះ​បាន​អនុវត្ត “​យុទ្ធនាការ​បង្ខូចឈ្មោះ​និង​មួលបង្កាច់​” ប្រឆាំង​នឹង​រូបលោក​។​

​លោក​ត្រាំ​ប្តឹង​ទារ ៤៧៥ លាន​ដុល្លារ​ពី CNN

​លោក​ត្រាំ​បាន​អះអាង​នៅក្នុង​ពាក្យបណ្ដឹង​របស់​គាត់ ដែល​ដាក់​នៅ​តុលាការ​ក្នុង​ទីក្រុង​ហ្វ​ត​ឡូត​ដឺ​ដែល (Fort Lauderdale) រដ្ឋ​ផ្លរីដា ថា CNN​បាន​ប្រើប្រាស់​ឥទ្ធិពល​ដ៏​សន្ធឹកសន្ធាប់​របស់ខ្លួន​​ជា​ស្ថាប័ន​ព័ត៌មាន​ឈានមុខ​គេ​ដើម្បី​កម្ចាត់​គាត់​តាម​នយោបាយ​។​

CNN បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​នេះ​ទេ​។​

​លោក​ត្រាំ ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ បាន​អះអាង​នៅក្នុង​ពាក្យបណ្ដឹង​កម្រាស់ ២៩ ទំព័​រថា CNN មាន​កំណត់ត្រា​យូរយារ​ណាស់​មកហើយ​ក្នុង​ការរិះគន់​គាត់​ប៉ុន្តែ​បាន​បង្កើន​ការវាយប្រហារ​​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយសារ​តែ​បណ្តាញ​ទូរទស្សន៍​នេះ​បារម្ភ​ថា​គាត់​នឹង​ឈរ​ឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ម្តងទៀត​នៅ​ឆ្នាំ ២០២៤​។​

​ពាក្យបណ្តឹង​អះអាងថា «​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ខ្លួន​ដើម្បី​បង្វែរ​តុល្យភាព​នយោបាយ​ទៅ​ខាងឆ្វេង ទូរទស្សន៍​CNN​បាន​ព្យាយាម​បង្ខូចឈ្មោះ​ដើមបណ្តឹង​ជាមួយនឹង​ការ​លាប​ពណ៌​​យ៉ាង​អាស្រូវ ក្លែងក្លាយ និង​សម្អុយ​ឈ្មោះ​ជា​បន្តបន្ទាប់ អំពី “​ជន​រើសអើង​ជាតិ​សាសន៍​” “​កញ្ជះ​រុស្ស៊ី​” “​ជន​បះបោរ​” និង​ទីបំផុត គឺ “​ហ៊ី​ត្លែរ​”»​។​

​ពាក្យបណ្តឹង​នេះ​បាន​រាយ​បញ្ជី​ឧទាហរណ៍​ជាច្រើន ដែល​ក្នុងនោះ CNN ហាក់​ប្រៀបធៀប​ត្រាំ​ទៅនឹង​ហ៊ី​ត្លែរ រួម​ទាំង​របាយការណ៍​ពិសេស​ខែមករា​ឆ្នាំ ២០២២ ដោយ​ពិធីករ​ឈ្មោះ ហ្វា​រីដ ហ្សា​ការៀ (Fareed Zakaria) ដែល​បាន​រួម​បញ្ចូល​វីដេអូ​របស់​មេដឹកនាំ​ផ្តាច់ការ​អាល្លឺម៉ង់​។​

​ត្រាំ ដែល​ក្នុង​ឆ្នាំ ២០២០ បាន​ចាញ់​ការបោះឆ្នោត​ក្រោម​ថ្វីដៃ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ដិន មិន​បាន​និយាយថា​តើ​គាត់​នឹង​ឈរឈ្មោះ​បោះឆ្នោត​ឡើងវិញ​ឬ​អត់​នោះទេ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ អតីត​ប្រធានាធិបតី​រូបនេះ​បាន​និយាយថា លោក​នឹង​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​ផ្សេងទៀត “​ក្នុង​ប៉ុន្មាន​សប្តាហ៍​និង​ខែ​ខាងមុខ​”​ហើយ​​ថា​គាត់​ថែម​ទាំង​អាច​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​គណៈកម្មាធិការ​សភា​ដែល​ស៊ើបអង្កេត​ការវាយប្រហារ​នៅ​ថ្ងៃទី ៦ ខែ​មករា ឆ្នាំ ២០២១ លើ​វិមាន​កា​ពី​តូ​ល​អាម៉េរិក​ដោយ​អ្នកគាំទ្រ​របស់គាត់​ទៀតផង​។​

​បណ្តឹង​នេះ​កើតឡើង ខណៈ​អតីត​ប្រធានាធិបតី​អាយុ ៧៦ ឆ្នាំ​រូប​នេះ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្លូវច្បាប់​យ៉ាង​ច្រើន​រួម​ទាំង​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ដោយ​ក្រសួង​យុត្តិធម៌​អាម៉េរិក​សម្រាប់​ការរក្សា​​ទុក​កំណត់​ត្រា​របស់​រដ្ឋាភិបាល​នៅ​ឯ​ផ្ទះ Mar-a-Lago របស់​គាត់​ក្នុង​រដ្ឋ​ផ្លរីដា បន្ទាប់​ពី​ចាកចេញ​ពី​តំណែង​ក្នុង​ខែ​មករា ឆ្នាំ ២០២១​។​

​លោក​ត្រាំ​ត្រូវ​បាន​ប្តឹង​កាលពី​ខែ​មុន​ដោយ​អគ្គ​រដ្ឋអាជ្ញា​នៃ​រដ្ឋ​ញូវយ៉ក លោកស្រី ឡេ​ទីស្យា ជែម​ស៍ (Leticia James)​ដែល​បាន​ចោទប្រកាន់​គាត់​ពី​បទ​កុហក​ធនាគារ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អំពី​តម្លៃ​អចលនទ្រព្យ​របស់​គាត់​៕

​អតីត​ប្រធានាធិបតី​អាយុ ៧៦ ឆ្នាំ​រូប​នេះ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្លូវច្បាប់​យ៉ាង​ច្រើន​រួម​ទាំង​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ដោយ​ក្រសួង​យុត្តិធម៌​អាម៉េរិក​