​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ លោក អាយ៉ា​តូលឡា អា​លី ខា​មេ​នី (Ayatollah Ali Khamenei)​បាន​ឆ្លើយតប​ជា​សាធារណៈ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​តុលា​​ចំពោះ​ការតវ៉ា​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​បំបែក​ភាព​ស្ងៀមស្ងាត់​ជាច្រើន​សប្តាហ៍​ដើម្បី​ថ្កោលទោស​នូវ​អ្វី​ដែល​លោក​ហៅថា “​កុបកម្ម​”​និង​ចោទប្រកាន់​សហរដ្ឋ​​អាម៉េរិក​និង​អ៊ីស្រាអែល​ថា​បានរៀបចំ​ផែនការ​ធ្វើ​បាតុកម្ម​នេះ​។​

​ភាពចលាចល ដែល​បាន​បញ្ឆេះ​ដោយ​ការស្លាប់​របស់​នារី​វ័យក្មេង​ម្នាក់​នៅ​ក្នុង​ការ​ឃុំឃាំងរ​បស់​ប៉ូលិស​សីលធម៌​របស់​អ៊ីរ៉ង់ កំពុង​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​សម្រាប់​សប្តាហ៍​ទី​បី​បើទោះបីជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុងការ​បង្ក្រាបក៏​ដោយ​។​

​កាលពី​ថ្ងៃ​ចន្ទ អ៊ីរ៉ង់​បាន​បិទ​សាកលវិទ្យាល័យ​បច្ចេកវិជ្ជា​កំពូល​របស់​ខ្លួន​បន្ទាប់​ពី​ការប្រឈមមុខ​ដាក់​គ្នា​អស់​ជាច្រើន​ម៉ោង​រវាង​និស្សិត​និង​ប៉ូលិស​ដែល​បានប្រែក្លាយ​ស្ថាប័ន​ដ៏​មាន​កិត្យានុភាព​មួយ​​នេះ​ទៅ​ជា​ចំណុច​ចុងក្រោយ​នៃ​ការតវ៉ា ហើយ​បាន​បញ្ចប់​ដោយ​មនុស្ស​វ័យក្មេង​រាប់រយ​នាក់​ត្រូវបាន​ចាប់ខ្លួន​។​

​ថ្លែង​ទៅ​កាន់​កម្មាភិបាល​និស្សិត​ប៉ូលិស​នៅ​ទីក្រុង​តេ​ហេ​រ៉ង់ លោក​ខា​មេ​នី​បាន​និយាយថា គាត់​មានការ​ខូចចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការស្លាប់​របស់​នាង ម៉ាសា អា​មី​នី (Mahsa Amini) អាយុ ២២ ឆ្នាំ​នៅក្នុង​មន្ទីរឃុំឃាំង​របស់​ប៉ូលិស ដោយ​ហៅ​វា​ថា​ជា “​ឧបទ្ទវហេតុ​សោកនាដកម្ម​”​។ ទោះយ៉ាងណា លោក​បាន​ថ្កោលទោស​ការតវ៉ា​នេះ​ថា​ជា​ផែនការ​បរទេស​ដើម្បី​ធ្វើឱ្យ​អស្ថិរភាព​អ៊ីរ៉ង់​ដោយ​បន្ទរ​តាម​​មតិ​យោបល់​ពី​មុនៗ​របស់​អាជ្ញាធរ​។​

​លោក​បាន​និយាយថា “​កុបកម្ម​នេះ​ត្រូវបាន​គ្រោងទុក​។ កុបកម្ម​និង​អសន្តិសុខ​ទាំងនេះ​ត្រូវបាន​រៀបចំឡើង​ដោយ​អាម៉េរិក​និង​របប​អ៊ីស្រាអែល និង​បុគ្គលិក​របស់​ពួកគេ​”​។​

​ទន្ទឹមនឹងនេះ​ដែរ សាកលវិទ្យាល័យ​បច្ចេកវិជ្ជា​សារីហ្វ (Sharif University of Technology) ក្នុង​ទី​ក្រុងតេអេ​រ៉ង់​បានប្រកាសថា​មានតែ​និស្សិត​ថ្នាក់​បណ្ឌិត​ប៉ុណ្ណោះ​នឹង​ត្រូវបាន​អនុញ្ញាត​​នៅក្នុង​បរិវេណ​សាលា រហូតដល់​មាន​ការជូន​ដំណឹង​បន្ថែម បន្ទាប់ពី​មាន​ភាពចលាចល​ជាច្រើន​ម៉ោង​កាលពី​ថ្ងៃអាទិត្យ នៅពេល​ដែល​សាក្សី​និយាយ​ថា​ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​ប៉ះទង្គិច​ជា​​មួយ​និស្សិត​ដែល​គាំទ្រ​រដ្ឋាភិបាល​៕

​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ លោក អាយ៉ា​តូលឡា អា​លី ខា​មេ​នី ថ្លែង​ទៅ​កាន់​កម្មាភិបាល​និស្សិត​ប៉ូលិស​នៅ​ទីក្រុង​តេ​ហេ​រ៉ង់​កាលពី​ថ្ងៃ​ចន្ទ​