​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្នុងពេល​ឆាប់ៗ​នេះ សហរដ្ឋ​អាម៉េរិក​នឹង​ប្រគល់​ប្រព័ន្ធ​រ៉ុក្កែត​ទំនើប​ចំនួន​បួន​បន្ថែមទៀត​ដល់​អ៊ុ​យក្រែន ដែល​គេ​សរសើរ​ថា​បាន​ជួយ​យោធា​របស់​ប្រទេស​នេះ​ក្នុង​ការទទួល​បាន​សន្ទុះ​ឈ្នះ​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី​។​

​យោង​តាម​មន្ត្រី​អាម៉េរិក ប្រព័ន្ធ​រ៉ុក្កែត HIMARS នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​ថ្មី​តម្លៃ ៦២៥ លាន​ដុល្លារ ដែល​រំពឹង​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​ការសម្រេចចិត្ត​នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​សហរដ្ឋ​អាម៉េរិក​បាន​បញ្ជូន​ប្រព័ន្ធ​រ៉ុក្កែត HIMARS បន្ថែម​ទៀត​ទៅ​កាន់​អ៊ុយ​ក្រែន​ចាប់តាំងពី​ចុងខែ​កក្កដា​ហើយ​វា​នឹង​ធ្វើ​ឱ្យ​ចំនួន​សរុប​ដែល​បាន​បញ្ជូន​​ទៅ​មក​ទល់​ពេល​នេះ​កើន​ដល់ ២០​គ្រឿង​។ ប្រព័ន្ធ​ទាំង​នេះ​បាន​ក្លាយជា​ឧបករណ៍​សំខាន់​នៅក្នុង​សមត្ថភាព​របស់​អ៊ុយ​ក្រែន​ក្នុង​ការវាយលុក​ស្ពានដែល​រុស្ស៊ី​បាន​ប្រើប្រាស់​ដើម្បី​ផ្គត់ផ្គង់​កងទ័ព​របស់​ខ្លួន ដោយ​អនុញ្ញាត​ឱ្យ​កងកម្លាំង​អ៊ុយ​ក្រែន​ធ្វើដំណើរ​តាម​ផ្លូវ​ចូល​ទៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​។​

​សហរដ្ឋ​អាម៉េរិក​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ក៏​បាន​ផ្តល់​មូលនិធិ​តាមរយៈ​កម្មវិធី​ដាច់ដោយឡែក​មួយ​ផង​ដែរ គឺ គំនិត​ផ្តួចផ្តើម​ជំនួយ​សន្តិសុខ​អ៊ុ​យក្រែន (USAI)​ដូច្នេះ​ប្រព័ន្ធ​រ៉ុក្កែត HIMARS ចំនួន ១៨ ផ្សេង​ទៀត​អាច​ត្រូវបាន​ទិញ​តាមរយៈ​កិច្ចសន្យា​រយៈពេល​វែង​។ មូលនិធិ USAI កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​លោកខាងលិច​ដើម្បី​ធានា​​ថា​កងកម្លាំង​របស់​អ៊ុយ​ក្រែន​ត្រូវបាន​បណ្តុះបណ្តាល​និង​បំពាក់​អាវុធ​ដើម្បី​ការពារ​ប្រទេស​របស់​ពួកគេ​ក្នុង​ឆ្នាំ​ខាងមុខ​។ ប៉ុន្តែ​កិច្ចសន្យា​ទាំងនោះ​នឹង​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​បំពេញ​។​

​កញ្ចប់​ជំនួយ​ចុងក្រោយ​នេះ​ក៏​ត្រូវ​គេ​រំពឹង​ដែរ​ថា​នឹង​រួមបញ្ចូល​គ្រាប់​យុទ្ធភណ្ឌ​និង​ឧបករណ៍​ផ្សេង​ទៀត​សម្រាប់​កងទ័ព​អ៊ុ​យក្រែន​។ ​មន្ត្រី​អាម៉េរិក​ជាច្រើន​នាក់​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​នៃ​កញ្ចប់​ជំនួយ​នេះ​មុនពេល​ប្រកាស​ផ្លូវការ​។ នេះ​ជា​ជំនួយ​ដំបូង​របស់​អាម៉េរិក ដែល​បាន​ផ្តល់ជូន​ក្នុង​ឆ្នាំសារពើពន្ធ​ថ្មី ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃទី ១ ខែតុលា​៕

ទាហាន​កំពុង​លើក​ប្រព័ន្ធ​រ៉ុក្កែត HIMARS ចុះ​ពី​យន្តហោះ​អាម៉េរិក MC-130J នៅ​ប្រទេស​ឡេតូ​នី​កាលពី​ថ្ងៃទី​២៦ កញ្ញា ឆ្នាំ​២០២២