សំណុំរឿង ០០៤/០១ របស់​អ្នកស្រី អ៊ឹម ចែម នៅ​តុលាការ​ខ្មែរក្រហម ត្រូវបាន​បិទ​បញ្ចប់​

2744
ចែករម្លែក
  • 10
    Shares

​ដោយ​: ម៉េង​ឆៃ​/ភ្នំពេញ​: អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅ​កាត់​ថា អ​.​វ​.​ត​.​ក បានប្រកាសថា អង្គ​បុ​រេ​ជំនុំជម្រះ​បានចេញ​សេចក្តី​ពិចារណា​របស់ខ្លួន លើ​បណ្តឹងឧទ្ធរណ៍​របស់​ស​ហ​ព្រះរាជអាជ្ញា​អន្តរជាតិ ប្រឆាំង នឹង​ដីកា​ដំណោះស្រាយ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត ដែល​សម្រេច​លើកលែង​ចោទ​ប្រឆាំងនឹង អ្នកស្រី អ៊ឹម ចែម​។ នោះ​គឺ អង្គ​បុ​រេ​ជំនុំជម្រះ បានសម្រេច​តម្កល់​ការសម្រេច​របស់​សហ​ចៅក្រម​ស៊ើបអង្កេត ដែល​សម្រេច​លើកលែង​បទ​ចោទ​ប្រឆាំង​អ្នកស្រី អ៊ឹម ចែម ហើយ​សំណុំរឿង​០០៤/០១ នៅ​តុលាការ​ខ្មែរក្រហម របស់​អ្នកស្រី អ៊ឹម ចែម ត្រូវបាន​បិទ​បញ្ចប់​ហើយ​។​

​អ្នកស្រី អ៊ឹម ចែម ដែល​ស្ថិតនៅក្នុង​សំណុំរឿង​០០៤/០១ ( រូបភាព​ពី​សាលាក្តី​ខ្មែរក្រហម )

​ ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​លើកឡើងថា អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បានចេញ​សេចក្តី​ពិចារណា​របស់ខ្លួន លើ​ពាក្យបណ្តឹង​ឧទ្ធរណ៍​រប​ស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ប្រឆាំងនឹង​ដីកា​ដំណោះ ស្រាយ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត ដែល​បានសម្រេច​លើកលែង​ការចោទប្រកាន់​ប្រឆាំងនឹង អ៊ឹម ចែម លើ​បទល្មើស​ព្រហ្មទណ្ឌ​នានា ដោយ​មូលហេតុ មិនមាន​យុត្តាធិការ​បុគ្គល​។​

​ ​សេចក្តីប្រកាស បន្តថា ជា​ឯកច្ឆ័ន្ទ អង្គ​បុ​រេ​ជំនុំជម្រះ យល់ឃើញថា មានការ​ខ្វះចន្លោះ​នៃ​នីតិវិធី ជាពិសេស​ទាក់ ទង​នឹង​ការកំណត់​ភស្តុតាង និង​ការពន្យារពេល ដោយ​មិន​សមស្រប​ក្នុង​ការបិទ​ការស៊ើបអង្កេត​។ អង្គ​បុ​រេ​ជំនុំ ជម្រះ​បានសម្រេច​ថា ច្បាប់​ជា​ធរមាន​ចំពោះមុខ អ​.​វ​.​ត​.​ក មិនបាន​ដកហូត​នូវ​សមត្ថកិច្ច​របស់​តុលាការជាតិ​នោះទេ​។

​សេចក្តីប្រកាស​ព័ត៌មាន បាន​គូសបញ្ជាក់ថា ចៅក្រម​ទាំង ៥​រូប របស់​អង្គ​បុ​រេ​ជំនុំជម្រះ មានការ​យល់ឃើញ​ផ្សេងគ្នា ចំពោះ​អង្គសេចក្តី​នៃ​បណ្តឹងឧទ្ធរណ៍​នេះ​។ ចៅក្រម ៣ រូប បាន​យល់ឃើញថា អ​.​វ​.​ត​.​ក មិនមាន​យុត្តាធិការ​បុគ្គល​ចំពោះ អ៊ឹម ចែម​។ ចៅក្រម ២ រូប បាន​យល់ឃើញថា មាន​ភស្តុតាង​គ្រប់គ្រាន់ ក្នុងការ​ចោទ ប្រកាន់ អ៊ឹម ចែម ថា​ជា​ជន​ម្នាក់ ក្នុងចំណោម​មនុស្ស​ផ្សេងទៀត ដែលជា​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត និង​ជឿជាក់ថា អ​.​វ​.​ត​.​ក មាន​យុត្តាធិការ​បុគ្គល​លើ​គាត់​។​

​សេចក្តីប្រកាស​ដដែល លើកឡើងថា ដើម្បី​បដិសេធ​សេចក្តីសម្រេច​របស់​សហ​ចៅក្រម​ស៊ើបអង្កេត យើង​ត្រូវការ​សំឡេងគាំទ្រ ៤ លើ ៥ ដូច្នេះ​សេចក្តីសម្រេច​អំពី​កង្វះ​យុត្តាធិការ​បុគ្គល​លើ អ៊ឹម ចែម ត្រូវបាន​តម្កល់​។ សេចក្តីសម្រេច​នេះ នឹង​បិទ​បញ្ចប់​នូវ​សំណុំរឿង អ​.​វ​.​ត​.​ក ០០៤/១​។ សេចក្តី​ពិចារណា​របស់​អង្គ​បុ​រេ​ជំនុំជម្រះ ក៏ដូចជា​សេចក្តីសម្រេច ដែល​ត្រូវបាន​ប្តឹង ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​របស់ អ​.​វ​.​ត​.​ក​។​

​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អ​.​វ​.​ត​.​ក បានប្រកាសថា អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បានទទួល​បណ្តឹងឧទ្ធរណ៍​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ប្រឆាំងនឹង​ដីកា​ដំណោះស្រាយ ដែល​ចេញ​ដោយ​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ និង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​។

​ ​សេចក្តីប្រកាស​ព័ត៌មាន បង្ហាញថា អង្គ​បុ​រេ​ជំនុំជម្រះ បានសម្រេច​រៀបចំ​បើកសវនាការ​ក្នុង​សំណុំរឿង​០០៤/០១ ដើម្បី​ស្តាប់​អំណះអំណាង​របស់​ភាគី មុននឹង​ចេញ​សេចក្តីសម្រេច​របស់ខ្លួន​លើ​បណ្តឹងឧទ្ធរណ៍​នោះ​។ អនុលោម​តាម​ដីកា​កំណត់​កាលបរិច្ឆេទ​រៀបចំ​សវនាការ ដែល​បានចេញ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ សវនាការ​នោះ រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​១១ និង​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧​។

​ ​សេចក្តីប្រកាស​បន្តថា អង្គជំនុំជម្រះ អនុញ្ញាត​ឲ្យ​មេធាវី​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី សហ​ព្រះរាជអាជ្ញា​ជាតិ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ព្រមទាំង​សហ​មេធាវី​ការពារ​ក្តី​ជាតិ និង​អន្តរជាតិ ធ្វើ​បទ​បង្ហាញ​អំពី​អំណះអំណាង​របស់ខ្លួន​។ ប្រសិនបើ​ជន​ត្រូវ​ចោទ​មាន​វត្តមាន គាត់​ក៏​ទទួលបាន​ឱកាស​ក្នុង​ការធ្វើ​សេចក្តីថ្លែងការណ៍​ដោយ ផ្ទាល់​ផងដែរ នៅពេល​បញ្ចប់​សវនាកា​រ​។​

​ ​សេចក្តីប្រកាស បន្ថែមថា នៅពេល​បញ្ចប់​សវនាកា​រ អង្គ​បុ​រេ​ជំនុំជម្រះ លើក​ពេល​សវនាការ ដើម្បី​ពិភាក្សា​ចេញ​សេចក្តីសម្រេច​របស់ខ្លួន ថា​តើ​នឹង​ច្រានចោល​សំណុំ​រឿងនេះ ឬ​បញ្ជូនទៅ​ជំនុំជម្រះ​។ សេចក្តីសម្រេច​លើ​បណ្តឹងឧទ្ធរណ៍ រំពឹងថា អាច​ចេញ​ក្នុង​រយៈពេល​យ៉ាងយូរបំផុត ៦​ខែ ក្រោយពេល​សវនាការ​។​

​ ​សាលាក្តី​ខ្មែរក្រហម បានប្រកាសថា អង្គ​បុ​រេ​ជំនុំជម្រះ​នៃ​អ​.​វ​.​ត​.​ក រួមមាន ចៅក្រម​ជាតិ ៣ រូប និង​ចៅក្រម​អន្តរជាតិ ២ រូប​។ ក្នុងឋានៈ​ជា​អង្គជំនុំជម្រះ សម្រេច​លើ​បណ្តឹងឧទ្ធរណ៍ អង្គជំនុំជម្រះ​អាច​បើកសវនាការ​ស្តាប់​សំណើ និង​បណ្តឹងឧទ្ធរណ៍​ប្រឆាំងនឹង​ដីកា និងសេចក្តីសម្រេច​នានា ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើប អង្កេត​។ រាល់​សេចក្តីសម្រេច​នានា​របស់​អង្គជំនុំជម្រះ តម្រូវ​ឲ្យ​មាន​សំឡេងគាំទ្រ​ពី​ចៅក្រម ៤ រូប​យ៉ាងតិច ក្នុងចំណោម​ចៅក្រម​ទាំង ៥​រូប​។​

​ ​សូមបញ្ជាក់ថា សំណុំរឿង ០០៤/០១ ត្រូវបាន​បំបែក​ចេញពី​សំណុំរឿង ០០៤ ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ ២០១៦​។ សំណុំរឿង ០០៤/០១ ទាក់ទង​នឹង​អ្នកស្រី អ៊ឹម ចែម​។ ការ​បំបែកសំណុំរឿង​នេះ គឺ​ដើម្បី​ធានា​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ ចំពោះ​ការកំណត់​បទ​ចោទ​ប្រឆាំងនឹង​រូបគាត់​ដោយ​គ្មាន​ការពន្យារពេល​។

​ ​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ សហ​ចៅក្រម​ស៊ើបអង្កេត បានចេញ​ដីកា​ដំណោះស្រាយ​រួមគ្នា នៅក្នុង​កិច្ចដំណើរការ​នីតិវិធី​ប្រឆាំង អ៊ឹម ចែម នៅក្នុង​សំណុំរឿង ០០៤/០១​។ នោះ​គឺ​សហ​ចៅក្រម​ស៊ើបអង្កេត បាន សម្រេច​លើកលែង​ការចោទប្រកាន់​សំណុំ​រឿងនេះ ដោយសារ​ថា តាមរយៈ​ការវាយតម្លៃ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត លើ​ភស្តុតាង ដែល​ប្រមូលបាន នៅក្នុង​អំឡុងពេល​ស៊ើបសួរ អ៊ឹម ចែម មិន​ស្ថិតនៅក្រោម​យ​យុត្តាធិការ​បុគ្គល​របស់ អ​.​វ​.​ត​.​ក ឡើយ​។ នេះ​មានន័យថា អ៊ឹម ចែម មិនមែនជា​មេដឹកនាំ​ជាន់ខ្ពស់ ឬក៏​ជា​ជន​ម្នាក់ ក្នុងចំណោម​មន្ត្រី ដែល​ទទួលខុសត្រូវ​ខ្ពស់បំផុត នៅក្នុង​របប​ខ្មែរក្រហម​ទេ​។​

​ ​សូម​បន្ថែមថា អ្នកស្រី អ៊ឹម ចែម ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ដោយ​កំបាំងមុខ នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៥​។ អ្នកស្រី អ៊ឹម ចែម ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ចំពោះ​ឧក្រិដ្ឋកម្ម ៣ រួមមាន​៖ ១-​មនុស្សឃាត ដែលជា​ការរំលោភបំពាន​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ ១៩៥៦ ដែល​បាន​ប្រព្រឹត្ត​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រ​យោង និង​ការដ្ឋាន​ស្ពាន​ស្រែង ២-​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ដែល​ក្នុងនោះ​មាន​ការធ្វើ​មនុស្សឃាត ការសម្លាប់​រង្គាល ការធ្វើ​ឲ្យ​ទៅជា​ទាសករ ការដាក់​ក្នុង​មន្ទីរឃុំឃាំង ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​មូលហេតុ​នយោបាយ និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រ​យោង និង​៣-​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ដែល​ក្នុងនោះ មាន​ការធ្វើ​មនុស្សឃាត ការធ្វើ​ឲ្យ​ទៅជា​ទាសករ ការដាក់​ក្នុង​មន្ទីរឃុំឃាំង និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត នៅ​ការដ្ឋាន​ស្ពាន​ស្រែង​៕MN

ទីតាំងផ្សាយពាណិជ្ជកម្ម