​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បញ្ជី​ឈ្មោះ​ដ៏​វែង​របស់​តារា​ល្បីៗ​ដែល​ផ្សព្វផ្សាយ​រូបិយប័ណ្ណ​គ្រីប​តូ (​លុយ​អេឡិចត្រូនិក​) កំពុង​រួញ​ខ្លី​ទៅៗ​។ នាង គីម កា​ដា​សៀន (Kim Kardashian)​ត្រូវបាន​​ហាមឃាត់​មិនឱ្យ​ធ្វើ​ដូច្នេះ​រយៈពេល​បី​ឆ្នាំ ហើយ​នឹង​ត្រូវ​បង់ប្រាក់​ពិន័យ ១ លាន​ដុល្លារ ដើម្បី​ដោះស្រាយ​ការចោទប្រកាន់​របស់​ស​ហ​ព័ន្ធ​ថា នាង​បាន​ណែនាំ​អំពី​សុវត្ថិភាព​លុយ​គ្រីប​តូ​ដល់​អ្នក​តាមដាន Instagram របស់​នាង​ចំនួន ៣៣០ លាន​នាក់ ដោយ​មិន​បាន​បញ្ជាក់​ច្បាស់​ថា នាង​ត្រូវបាន​គេ​បង់​ប្រាក់​ឱ្យ​ធ្វើ​ដូច្នេះ​។​

​តារា​ទូរទស្សន៍​រូបនេះ​ក៏​ត្រូវ​លះបង់​ចោល​ប្រាក់​ចំនួន ២៥ ម៉ឺន​ដុល្លារ ដែល​នាង​ទទួល​បាន​សម្រាប់​ការ​បង្ហោះ​សារ​លើ Instagram អំពី​លុយ​អេឡិចត្រូនិក Ethereum Max បូក​នឹង​ការប្រាក់​ផងដែរ នេះ​បើ​យោង​តាម​ការដោះស្រាយ​របស់​គណៈកម្មកា​រ​មូលបត្រ (SEC) ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​។​

​នាង​កា​ដា​សៀន​គឺ​ជា​តារា​ល្បី​ចុងក្រោយ​គេ​ដែល​ជាប់​នៅក្នុង​បទ​ប្បញ្ញត្តិ​នានា ដែល​តម្រូវ​ឱ្យ​មាន​ការ​លាតត្រដាង​ពេញលេញ​ដោយ​មនុស្ស​ដែល​ទទួល​ប្រាក់​គេ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ហិរញ្ញវត្ថុ​។​

​ក្នុង​ឆ្នាំ ២០២០ តារា​សម្តែង ស្តេ​វិន ស៊ី​ហ្គាល់ (Steven Seagal) បាន​យល់ព្រម​បង់​ប្រាក់​ជាង ៣០ ម៉ឺន​ដុល្លារ ជា​ផ្នែក​នៃ​ការដោះស្រាយ​ស្រដៀង​គ្នា​ជាមួយ SEC​ដែល​បាន​ហាមឃាត់​គាត់​ពី​ការ​​ផ្សព្វផ្សាយ​ការវិនិយោគ​រយៈពេល​បី​ឆ្នាំ​៕

​នាង​កា​ដា​សៀន​ត្រូវបាន SEC ផាក​១​លាន​ដុល្លារ​ពី​បទ​ផ្សាយ​លុយ​អេឡិចត្រូនិក