​ដោយៈ​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​អះអាងថា​ថ្នាក់លើ​បញ្ជូនមក​មាន​អង្គរ​បម្រុង ២០​តោន ហើយ​ទុក​សម្រាប់​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទាំង​អ្នក​រង​ផលប៉ះពាល់ ទឹក​លិច​លំនៅឋាន ទាំង​ពលរដ្ឋ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។​

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​ប្រាប់​សារព័ត៌មាន​កាលពី​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០២២ ថា : ដំណាក់កាល​បឋម​នេះ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​តាមរយៈ​លោក​ឧបនាយក រដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​ជា​ប្រធាន​ក្រុមការងារ​
​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជូន​ស្បៀងអាហារ​ជាច្រើន​ក្នុងនោះ​មាន​អង្ករ ចំនួន​២០​តោន​មក​រួចហើយ​មក​ទុក​ក្នុង​ឃ្លាំង​និង​គោលដៅ​មួយចំនួន​។​ទន្ទឹមនេះ​ផ្នែក​សេនាធិកា​គ្រប់គ្រង​ស្បៀងអាហារ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​និង​ជំនន់​ទឹកភ្លៀង​ក៏បាន​រៀបចំ​បម្រុង​ហើយ ។​

​គួររំលឹកថា ជា​បន្តបន្ទាប់​និង​ជាប្រចាំ​មន្ត្រី​អាជ្ញាធរ​ដែនដី កងកម្លាំង​នគរបាល កងទ័ព កងរាជអាវុធហត្ថ និង​ក្រុមការងារ​បាន​ចុះ​ពិនិត្យ វាយតម្លៃ​ស្ថានភាព​ទឹកជំនន់ ជន្លៀស​ពលរដ្ឋ​មក​ទួល​សុវត្ថិភាព​។​

​ដោយឡែក​លោក ប៉ាន់​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​ហ៊ុន សែន កាលពី​ថ្ងៃទី​២​ខែតុលា ក៏បាន​អញ្ជើញ​មកជា​មួយ​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​បន្ត​ដឹកនាំ​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន​កង​កម្លាំង​សមត្ថកិច្ច​ចុះ​ជម្លៀស​ប្រជាពលរដ្ឋ ពី តំបន់​ទឹក​ជន់​លិច មកកាន់​ទីទួល​សុវត្ថិភាព​នៅ​ក្រុង​ប៉ោយប៉ែត ។​

​មាន​ទីទួល​សុវត្ថិភាព​ចំនួន​ពីរ​ទីតាំង​ក្ន្ហ​ង​ភូមិ​ប៉ោយប៉ែត​សង្កាត់​អូរជ្រៅ​ក្រុង​ប៉ោយប៉ែត​គឺ :
១.​នៅ​ទីទួល​សុវត្ថិភាព​ផ្សារ​មង្គល​ចំនួន​៣៤​គ្រួសារ​និង​២.-​នៅ​ទីទួល​សុវត្ថិភាព​សាលារៀន​កូរ៉េ​ចំនួន​៤៣ គ្រួសារ និង​ប្រជាពលរដ្ឋ ដែល​ពុំទាន់​ឡើងមក​ទីទួល​សុវត្ថិភាព​ចំនួន​៦៣​គ្រួសារ ៕​សរន​ / N