ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង សរុបចំនួន ៥០គ្រួសារ ដែលមកសង្កាត់វាលវង់ ក្នុងខណ្ឌ៧មករា ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា និងមានការអញ្ជើញចូលរួមពីសំណាក់លោក ឌី រ័ត្នខេមរុណអភិបាលរងខណ្ឌ៧មករា និងជាប្រធានគណៈកម្មការអនុសាខាកាកបាទ ក្រហមខណ្ឌ៧មករា លោក-លោកស្រី អភិបាលរងខណ្ឌ។

ក្នុងឱកាសនោះ ក៏មានការនិមន្តចូលរួមពីព្រះគ្រូបញ្ញាឧត្តមនី តិល កុសល ព្រះគ្រូសូត្រឆ្វេង តំណាង ព្រះបីដកធម្ម ម៉ៅ នីម ព្រះគ្រូអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្ដ្រ សមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌ៧មករា លោក-លោកស្រី នាយក-នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធានការិល័យចំណុះទាំង១១ លោក លោកស្រីចៅសង្កាត់ទាំង៨ ។

មន្រ្តីសាលាខណ្ឌ បានឱ្យដឹងថាៈ អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង ១គ្រួសារៗ រួមមាន អង្ករ ១បាវ (២៥ គីឡូក្រាម) , ទឹកត្រី ឬទឹកស៊ីអ៉ីវ ១យួរ , មី ១កេស , ទឹកសុទ្ធ ១កេស និងថវិកា ៥ ម៉ឺនរៀល ។

ក្នុងឱកាសនោះដែរ លោក ថេង សុថុល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ ហើយជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធាន តែងតែបានគិតគូរ ដោយយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែងទាំងអស់ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ។

លោកក៏បានសូមឱ្យបងប្អូន យកចិត្តទុកដាក់ខ្ពស់ ក្នុងការមើលថែទាំសុខភាព ដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមកុំធ្វេស ប្រហែសពីជំងឺកូវីដ១៩​ ដោយបន្តអនុវត្តវិធានការ ការពារខ្លួនជានិច្ច​ពោលគឺ ៣ការពារ​​ និង​ ៣​កុំ ​៕​​ V / N