អង្គការ Tiny Toones ប្រារព្ធ​​គម្រប់​ខួប​១០​ឆ្នាំ​របស់ខ្លួន​ជា​អង្គការ​ហ៊ី​ប​ហប​មួយ​នៅថ្ងៃនេះ​

1069
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​អង្គការ Tiny Toones​បានប្រកាសថា​នៅ​ថ្ងៃទី​៣០​ខែមិថុនា​នេះ​នឹង​ប្រារព្ធ​ពិធី​គម្រប់​​ខួប ១០​ឆ្នាំ​របស់ខ្លួន​ជាមួយនឹង​ព្រឹត្តិការណ៍ ចូលរួម​ដោយ​សេរី​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត ការ​រាំ​កម្សាន្ត ឌី​ជេ​ការ​គូរគំនូរ លើ​ជញ្ជាំង​ដោយផ្ទាល់​កំណាព្យ​រួមជាមួយ​តារា​សម្តែង​សិល្បៈ​ដែល​ប្រកបដោយ​ទេពកោសល្យ​ជាច្រើនរូប​របស់​កម្ពុជា​។​

​ប្រភព​ដដែល​បន្តថា​តារា​សម្តែង​សិល្បៈ អ្នករាំ ឌី​ជេ និង​សិល្បករ​ដែល​នឹង​បង្ហាញខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​រួមមាន កញ្ញា នី​គី នី​គី (Nikki-Nikki) ក្រុមការងារ​អង្គការ Tiny Toones កញ្ញា សាំង សុខ​សេរី ក្រុម ក្លា​ប​យ៉ា​ហ៊ែ​ន (KlapYaHandz) លោក 12me ក្រុម Kreative Kings, ក្រុម​ខ្មែរ​តស៊ូ (Khmer Thorsue) ឌី​ជេ Cake ឌី​ជេ Niko Yu ឌី​ជេ Jay ឌី​ជេ Shadow ឌី​ជេ B-Roc, ក្រុមការងារ ស្ទូ​ឌី​យោ​ក្បាច់ (Kbach) រួមទាំង​ភ្ញៀវ​ពិសេសៗ​ជាច្រើន​នាក់​ទៀត​។​

​ព្រឹត្តិការណ៍​នេះ ប្រារព្ធ​នៅ​កន្លែង​កម្សាន្ត Factory Phnom Penh ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ រហូតដល់​ម៉ោង​៦​ល្ងាច​។

​គួរ​បញ្ជាក់ថា​អង្គការ Tiny Toones បាន​ជួយ​ទៅដល់​កុមារ​ក្រីក្រ​បំផុត​នៅ​កម្ពុជា​ចំនួន ១៥០០០​នាក់ នៅក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ផ្តល់​ការអប់រំ​ដល់​កុមារ​ជាង​១០០​នាក់ ជា​រៀងរាល់ថ្ងៃ ហើយ​ត្រូវបានគេទទួល​ស្គាល់​ជា​អន្តរជាតិ​តាមរយៈ​ទស្សនាវដ្ដី Time ទស្សនាវដ្ដី New York Times និង​ទស្សនាវដ្ដី Huffington Post ទៀតផង​។​

​ស្ថាបនិក​អង្គការ Tiny Toones លោក Tuy “KK” Sobil បាន​និយាយថា “​នៅពេលដែល​ខ្ញុំ​បានចាប់ផ្តើម​បង្កើត​អង្គការ Tiny Toones ដំបូង ហើយ​ចាប់ផ្តើម​បង្ហាត់​ក្មេង​តាម​ចិញ្ចើមថ្នល់​ឲ្យ​ចេះ​រាំក្បាច់​ប្រេ​កដាន់ (breakdancing)​ក្តីសង្ឃឹម​ដ៏​ធំ បំផុត​របស់ខ្ញុំ​គឺ​ចង់ឃើញ​ក្មេង​ម្នាក់​ក្នុងចំណោម​ពួកគេ​អាចយ​កវា​ទៅប្រើ​ដើម្បី​ធ្វើ​អ្វីមួយ​ឲ្យ​ល្អ​សម្រាប់​ជីវិត​របស់​ពួកគេ​”​។​”​ខ្ញុំ​ស្ទើរតែ​មិន​ជឿថា​មាន​ក្មេង​ជាច្រើន​ទទួលបាន​ជោគជ័យ​ហើយនឹង​មក​សម្តែង​ជា​សិល្បករ​ពេញវ័យ​ដែលមាន​ទេពកោសល្យ ដើម្បី​បង្ហាញ​ពី​ការ​ច្រៀង​រ៉ែ​ប ការ​រាំ ការ​ច្រៀង និង​ទេពកោសល្យ​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ពួកគេ នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ​ទាល់តែសោះ​។​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ហើយ​មានការ​រំភើប​រីករាយ​យ៉ាងខ្លាំង​សម្រាប់​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ​។ ”

​ជា​ចុងក្រោយ នៅ​ខែមិថុនា ឆ្នាំ​២០០៨ អង្គការ Tiny Toones បាន​ផ្លាស់​ចេញពី​អាគារ​ផ្ទះល្វែង​ដ៏​តូចចង្អៀត​របស់​ស្ថាបនិក​របស់ ខ្លួន​លោក Tuy “KK” Sobil ហើយ​បាន​បង្កើត​មជ្ឈមណ្ឌល​ពិតប្រាកដ​ដំបូង​របស់ខ្លួន​នៅក្នុង​សហគមន៍ ដែល​ខ្លួន​បានចាប់ផ្តើម ផ្តល់​ការអប់រំ និង​បង្ហាត់​ក្បាច់​រាំ​ប្រេ​កដាន់ (breakdancing) ដល់​កុមារ​ដែល​ជួប​ការលំបាក​ដែល​មិនមាន​លទ្ធភាព​ទៅ​សាលារៀន ដែល​ក្រោយមក​បានធ្វើ​ឲ្យ​ខ្លួន​មាន​ភាពល្បី​ល្បាញ​នៅក្នុង​ប្រទេស​។ គោលបំណង​របស់​អង្គការ​នេះ គឺ​ដើម្បី​បង្វែរ​កុមារ​ឲ្យ​រួច​ផុតពី​ក្រុម​ក្មេង​ពាល គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម ហើយ​ធ្វើដំណើរ​ឆ្ពោះទៅរក​ការអប់រំ និង​អនាគត​ដ៏​ល្អប្រសើរ​។​

​ចាប់តាំងពី​ពេលនោះ​មក ៨០%​នៃ​សិស្ស​របស់​ពួកគេ បាន​ត្រឡប់​ទៅ​រៀន​នៅ​សាលា​រដ្ឋ​វិញ​។ ៩៦% បាន​បន្ត​ធ្វើការ​ដ៏​មាន​អត្ថន័យ សិស្ស​រាប់ពាន់នាក់​ទៀត បានគេច​ផុតពី​ការប្រើប្រាស់​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​នានា ហើយ​ជាច្រើន​នាក់​ផ្សេងទៀត​បានក្លាយ​ទៅជា​អ្នកចម្រៀង​រ៉ែ​ប អ្នករាំ និង​សិល្បករ​ដ៏​ល្បីល្បាញ ដែល​បាន​បង្កើត​វប្បធម៌​ដែលមាន​ភាព​ច្នៃប្រឌិត​របស់​កម្ពុជា​។​

​កញ្ញា សាំង សុខ​សេរី អតីត​សិស្ស​របស់​អង្គការ Tiny Toone និង​ជា​តារាចម្រៀង​រ៉ែ​ប​នាពេល​បច្ចុប្បន្ន បាន​និយាយថា “​ខ្ញុំ​មិនដឹងថា​ខ្ញុំ​នឹង​ធ្លាក់ខ្លួន​ធ្វើ​អ្វី​នោះទេ បើសិនជា​គ្មាន​អង្គការ Tiny Toones ព្រោះ​ពួកគាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​រកឃើញ​ទេពកោសល្យ​របស់ខ្ញុំ​” ៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម