ដោយៈ​ប​.​ខុន / ភ្នំពេញៈ ជំនន់​ទឹក​ស្ទឹងសែន បន្ត​កើនឡើង​ថែមទៀត នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា នេះ ធ្វើឱ្យ​កម្ពស់​ទឹក នៅ​ក្រុង​កំពង់ធំ ឡើងដល់​កម្រិត​កម្ពស់ ១៣,៩៩ ម៉ែត្រ ហើយ​អាច​នឹង ជន់​ឡើង​ថែម ០,៣០ ម៉ែត្រ​ទៀត នៅពេល​ខាងមុខ ដោយសារ​ស្ថានភាព ទឹកស្ទឹង​សែន នៅ​ភាគ​ខាងលើ នៅមាន​បរិមាណ​ច្រើន មិនទាន់​ហូរ​មកដល់ ហើយ ដល់ពេល​នោះ ក្រុង​កំពង់ធំ ភាគច្រើន អាច​នឹងត្រូវ​លិច​ដែរ​។

​ពេលនេះ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ជម្រាប​ទៅ​រដ្ឋបាលខេត្ត ឱ្យ​រៀបចំ ធ្វើ​សេចក្តីជូនដំណឹង បញ្ជាក់បន្ថែម ពី​ការឱ្យ​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់ ដោយ​ឱ្យ​ប្រជាពលរដ្ឋ រៀបចំ​របស់របរ លើកដាក់​លើ​ធ្នើរ ឱ្យ​ខ្ពស់​ផុតពី​ដី ដើម្បី​ចៀសវាង​ការខូចខាត ដោយសារ លិច​ទឹក​។​

​លោក យូ ឡា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ធំ បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២​ថាៈ ស្ថានភាព​ទឹកស្ទឹង​សែន នៅ​ក្រុង​កំពង់ធំ ថ្ងៃនេះ (៤​តុលា​) បន្ត​កើនឡើង​ថែមទៀត និង​នៅថ្ងៃនេះ មន្ទីរ​បាន ជម្រាប​ទៅ​រដ្ឋបាលខេត្ត ឱ្យ​រៀបចំ​ធ្វើ​សេចក្តីជូនដំណឹង​បន្ថែម​ស្តីពី​ស្ថានភាព​ទឹកស្ទឹង​សែន ដែល​នៅ​បន្ត​ជន់​ឡើង ឱ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់ ដោយ​ត្រូវយក របស់របរ​ដាក់​លើ​ធ្នើរ​ខ្ពស់​ផុតពី​ដី ដើម្បី​ចៀសវាង​ការ​លិច​ទឹក​ខូច​។​

​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ថាៈ កម្ពស់​ទឹកស្ទឹង​សែន នៅ​ក្រុង​កំពង់ធំ ព្រឹក​នេះ បាន​ឡើងដល់​កម្រិត​កម្ពស់ ១៣,៩៩ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៣ ខែតុលា ០,០៦ ម៉ែត្រ គឺ​ខ្ពស់ ជាង​កម្ពស់​ទឹក ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ០,៤៩ ម៉ែត្រ (​កម្ពស់​ទឹក ប្រុងប្រយ័ត្ន ១៣,៥០ ម៉ែត្រ​)​។ ទឹកស្ទឹង​សែន នៅ​ក្រុង​កំពង់ធំ អាច​នឹង​ឡើង​ថែម ០,៣០ ម៉ែត្រ​ទៀត នៅពេល​ពីរ បី ថ្ងៃ​ខាងមុខ ដោយសារ​ស្ថានភាព​ទឹក នៅ​ផ្នែក​ខាងលើ នៅមាន​បរិមាណ​ច្រើន មិនទាន់​ហូរ​មកដល់ ហើយ​ដល់​ពេលនោះ ក្រុង​កំពង់ធំ ភាគច្រើន អាច​នឹងត្រូវ​លិច ដោយ​ជំនន់​ទឹកស្ទឹង​សែន​ហើយ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១១ ខែតុលា​ថាៈ​ ​ប្រព័ន្ធ​សម្ពាធ ទាប (ITCZ) ដែល​កើតមាន​ជាថ្មី បាន​បន្ត​អូសបន្លាយ កាត់​លើ​ប្រទេស​កម្ពុជា ជាមួយនឹង​ខ្យល់មូសុង​និរតី​ខ្សោយ ។ ទន្ទឹមនេះ មាន​ការជួប​ប្រសព្វ​គ្នា រវាង​ទ្រនុង​សម្ពាធ ខ្ពស់​រុញ​ចុះ​ពី​ប្រទេស​ចិន (​ភាគ​ខាងជើង​) និង​សម្ពាធ​ទាប ដែល​រុញ​ពីក្រោម (​ត្បូង​) ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ការ​ព្យាករ​ខាងលើ បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​ភ្លៀង​នៅតែ បន្ត​ធ្លាក់ ជាប់​ជា​បន្តបន្ទាប់ នៅលើ​ផ្ទៃ​ប្រទេស​  ដោយ​កនៅ​តំបន់​ទំនាប​កណ្តាល​មាន​
​សីតុណ្ហភាព​អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់ ។ ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ និង​ភាគ​ខាងជើង​ជាប់ ប្រទេស​វៀតណាម ភ្លៀង​អាច​ធ្លាក់​ច្រើន​ដោយ​អន្លើ ។​

​នៅ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា​ពី ២១ ទៅ ២៣ អង្សា​សេ សីតុណ្ហភាព អតិបរមា​មាន​ពី ៣០ ទៅ ៣២ អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កំរិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ  ​សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ២៩ ទៅ ៣១ អង្សា​សេ អាចមាន​ភ្លៀង ក្នុង​កំរិត​ពី​តិច ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​យោង​លើ​ស្ថានភាព​ធាតុអាកាស ដូច​បាន​ជម្រាបជូន​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​អាជ្ញាធរ​ដែនដី និង​សាធារណជន ជ្រាប​ជា​ព័ត៌មាន​ ​និង​បន្ត​ប្រុង​​ប្រយ័ត្ន​ចំពោះ​បាតុភូតធម្មជាតិ ដែល​អាច​នឹង​កើតមានឡើង ជាយថាហេតុ​៕ V / N