ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង ស្នើ​សុំឱ្យ​រៀបចំ​ឱ្យ ផែនទី​បង្ហាញផ្លូវ ដើម្បី​ធ្វើការ​ឆ្លើយតប ទៅនឹង​ការទប់ស្កាត់ ការប្រើប្រាស់​សារធាតុ អាស​បេ​ស្តុ​ស នៅ​កម្ពុជា និង​ស្នើ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ​លទ្ធភាព​រៀបចំ​នូវ បទ​ប្បញ្ញត្តិ​ចាំបាច់ ដែល​គាំទ្រ​ដល់​ការអនុវត្ត ដើម្បីឱ្យ​កម្ពុជា អាច​ឈានទៅ​លប់បំបាត់ ការប្រើប្រាស់​សារធាតុ​អាស​បេ​ស្តុ​ស នាពេល​អនាគត​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឱ្យ​ក្រុមការងារ ពង្រីក​វិសាលភាព​បណ្តុះ បណ្តាល ផ្សព្វផ្សាយ​ចំណេះដឹង ទៅដល់​និយោជក កម្មករ និយោជិត និង​មហាជន បានដឹង​ជ្រួតជ្រាប អំពី​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ សារធាតុ​អាស​បេ​ស្តុ​ស ផងដែរ​។​

​បញ្ជាក់​ក្នុង​ពិធី​ផ្សព្វផ្សាយ​កម្រង​ព័ត៌មាន​ជាតិ ស្តីពី​បច្ចុប្បន្នភាព​នៃ​សារធាតុ​អាស​បេ​ស្តុ​ស នៅ​កម្ពុជា ដែល​បាន​រៀបចំឡើង នា​សណ្ឋាគារ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២ លោក អ៊ិត សំហេង បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរៀបចំ ការដឹកនាំ និង​ការចូលរួម​យ៉ាងសកម្ម ប្រកបដោយ​ស្មារតី​សហការ និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​រៀបចំ​ចេញ​ជា​សៀវភៅ កម្រង​ព័ត៌មាន​ជាតិ​ស្តីពី សារធាតុ​អាស​បេស​ស្តុ​ស ជា​លើក​ទី​២ បានចេញ​ជា​រូបរាង​ឡើង សម្រាប់​គ្រប់គ្រង​ធនធាន​ព័ត៌មាន ស្តីពី​សារធាតុ អាស​បេ​ស្តុ​ស នៅ​កម្ពុជា ដើម្បី​ជូន​ព័ត៌មាន​ពី ការអភិវឌ្ឍ​គោលនយោបាយ ការកំណត់ បញ្ហា​ប្រឈម​នៅ​កន្លែងធ្វើការ ជួយ​ក្នុង​ការរៀបចំ​ផែនការ និង​កំណត់​សកម្មភាព​អាទិភាព សំដៅ​កាត់បន្ថយ​ការប៉ះពាល់ នៃ​សរសៃ​អាស​បេ​ស្តុ​ស មកលើ​សុខភាព​មនុស្ស ពិសេស កាត់បន្ថយ​ហានិភ័យ​នានា ចំពោះ​កម្មករនិយោជិត​។​

​ជាមួយគ្នានេះ លោក អ៊ិត សំហេង បាន​គូសបញ្ជាក់ថាៈ អាស​បេ​ស្តុ​ស គឺជា​ជាតិ​សរសៃ ដែល​កើតឡើង​ពី រ៉ែ​ធម្មជាតិ​ដ៏​រឹងមាំ និង​ត្រូវបាន​ប្រើប្រាស់​ច្រើនយ៉ាង នៅ​ជុំវិញ ពិភពលោក នៅក្នុង​ផលិតផល ជាង​បី​ពាន់​មុខ ជាពិសេស​នៅក្នុង​វិស័យ​សំណង់ ផលិតផល​កកិត សម្ភារ​ទប់​កំដៅ និង​វាយ​ន​ភណ្ឌ​មួយចំនួន​។ ទោះបីជា​យ៉ាងណា ក៏ដោយ ចាប់តាំងពី​ទសវត្សរ៍ ឆ្នាំ​១៩៧០ មក មាន​ប្រទេស​ជាច្រើន បានធ្វើការ​ឆ្លើយតប ទៅនឹង​ភស្តុតាង​នៃ​ផលប៉ះពាល់ មកលើ​សុខភាព​មនុស្ស តាមរយៈ​ការដកដង្ហើម ដោយសារតែ​ស្រូប​សរសៃ អាស​បេ​ស្តុ​ស​នេះ ដែល​បង្ក​ទៅជា​ជំងឺ រួមមានៈ ជំងឺមហារីក មហារីក​កោសិកា មេ​សូ​តេ​ល្យូ​ម នៅ​ស្រោម​សួត មហារីក​សួត មហារីក​បំពង់ក និង​មហារីក​អូវែ និង​ជំងឺមហារីក ដែល​ពាក់ព័ន្ធ​នឹង​សារធាតុ​អាស​បេ​ស្តុ​ស​ដទៃទៀត ដូចជា ជំងឺ​អាស​បេ​ស្តុ​ស៊ី​ស និង​ក្រិន​សួត ជាដើម​។ បើ​គិត​ត្រឹម​ឆ្នាំ​២០២១ គឺមាន​ចំនួន ៦៧ ប្រទេស ហើយ​ដែល​បាន​ហាមឃាត់​ការប្រើប្រាស់​សារធាតុ អាស​បេ​ស្តុ​ស គ្រី​សូ​ថា​យ៍ ដោយបាន​ប្រើប្រាស់​ផលិតផល​ផ្សេង ជំនួស​វិញ ដែលមាន​សុវត្ថិភាព​ជាង​។​

​ដោយឡែក លោក ទុន សោភ័ណ អ្នកសម្របសម្រួល​ថ្នាក់ជាតិ អង្គការ ILO ប្រចាំ​កម្ពុជា បាន​សម្តែង​ការអបអរសាទរ ដល់រ​ដា្ឋ​ភិ​បាល​កម្ពុជា ដែល​បាន​សម្រេចបាន នូវ​សមិទ្ធផល​ថ្មី​មួយទៀត នូវ​សៀវភៅ​កម្រង​ព័ត៌មាន​ជាតិ ស្តីពី​សារធាតុ​អាស​បេស​ស្តុ​ស ជា​លើក​ទី​២ ដែល​បានដាក់​ឲ្យ​ផ្សព្វផ្សាយ និង​ប្រើប្រាស់ ចាប់ពី​ថ្ងៃនេះ​ទៅ​។ នេះ​ជាការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា របស់​ក្រុមការងារ កសាង​កម្រង​ព័ត៌មាន​ជាតិ ស្តីពី​សារធាតុ​អាស​បេ​ស្តុ​ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កម្រង​ព័ត៌មាន​នេះ ដែល​ឲ្យ​អ្នកពាក់ព័ន្ធ អាចធ្វើ​ការកំណត់​បាន​នូវ​អាទិភាព ដើម្បី​ទប់ស្កាត់ និង​ឈានទៅ លុបបំបាត់​ការប្រើប្រាស់​នូវ​សារធាតុ​អាស​បេស​ស្តុ​ស​នៅ​កន្លែងធ្វើការ​។​

​លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា បានលើកឡើង​ថាៈ សារធាតុ​អាស​បេ​ស្តុ​ស ពិតជា​បង្ក​ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់​សុខភាព​មនុស្ស ដូចជា បង្ក​ឲ្យ​កើតមាន​ជំងឺមហារីក​សួត បំពង់ក​ជាដើម តាមរយៈ​ការប្រើប្រាស់​របស់របរ​ផ្សេងៗ ដោយ​មិនដឹង​ខ្លួន​។ ខណៈ​មនុស្ស​មួយចំនួន បាន​អះអាងថា ការប្រើប្រាស់​សារធាតុ​នេះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សុខភាព​នោះទេ តែ​វា​ផ្ទុយស្រឡះ​ពី​ការគិត​របស់​ពួកគាត់ ទៅវិញ​៕ V / N