ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាករ សាលី អូម៉ើត និងកីឡាករ ៤រូបទៀត កំពុងហ្វឹកហាត់ត្រៀមចូលរួមការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើឯងពិភពលោក Jet Ski World Series Season 2022 ជុំទី២ នៅ Lake Havasu City, រដ្ឋ Arizona សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥ ដល់ ៩ ខែតុលា ឆ្នាំ២០២២។

កីឡាករ សាលី អូម៉ើត បានបញ្ជាក់ថាៈ ការប្រកួតកីឡាម៉ូតូទឹក នៅសហរដ្ឋអាមេរិកនេះ ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ៥រូប រួមមាន កីឡាករ សាលី អូម៉ើត, សាលី ហ្វីលីន, មីន ម៉ូស្តាន់, មីន អូស្មាន់ និងកីឡាករ កៃ វ៉ាន់ស៊ីដែន កំពុងហ្វឹកហាត់យ៉ាងខ្លាំង ត្រៀមប្រកួត ប្រជែងជាមួយអត្តពលិកខ្លាំងៗ ធ្លាប់ឈ្នះពានកម្រិតទ្វីបអាស៊ី អឺរ៉ុប និងពិភពលោក មកពីបណ្តាទ្វីបនានា ជុំវិញពិភពលោក។

ការប្រកួតនេះ ជាការបន្សាំខ្លួនរបស់អត្តពលិក ជម្រើសរើសជាតិម៉ូតូទឹកកម្ពុជា ដើម្បី ពង្រឹងសមត្ថភាព ដកស្រង់បច្ចេកទេស ត្រៀមដណ្តើមមេដាយ ពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

សាលី អ៊ូម៉ើត បាននិយាយថាៈ ការចូលរួមលើកនេះ រំពឹងដណ្ដើមបានជោគជ័យច្រើន ជាង នៅប្រទេសប៉ូឡូញ ដោយមានសារមានការត្រៀមខ្លួន បានល្អ ទាំងការហ្វឹកហាត់ មានរយៈពេលវែង និងមានសម្ភារ សម្រាប់ធ្វើការប្រកួតល្អ។ ប៉ុន្តែក៏នៅមានបញ្ហាប្រឈម ខ្លះៗ ដោយសារការផ្ញើម៉ូតូទឹក ពីប្រទេសថៃ មកអាមេរិក ថ្លៃពេក គឺផ្ញើមកតែ ៣ គ្រឿង រីឯ ២ គ្រឿងទៀត ត្រូវជួលម៉ូតូទឹកម្ចាស់ផ្ទះ សម្រាប់កីឡា ២រូប ដើម្បីបន្ថយការចំណាយ។

កីឡាកររូបនេះ បានបន្ថែមថាៈ កីឡាករម៉ូតូទឹក ចំនួន ៥នាក់ ចូលរួមការប្រកួត Jet Ski World Series ខាងលើនេះ ទទួលបានការឧបត្តម្ភទាំងស្រុង ការហូបចុកស្នាក់នៅ និងសំបុត្រយន្តហោះ ពីលោក Karl Heindrich Knauf ម្ចាស់ក្លឹបម៉ូតូទឹក Flamingo នៅប្រទេសថៃ ។

អ៊ូម៉ើត បានបន្តថាៈ សម្រាប់វិញ្ញាសាប្រកួត នៅ World Series នៅសហរដ្ឋអាមេរិក និងប្រទេសថៃ នាចុងឆ្នាំ២០២២ នេះ សុទ្ធសឹងជាវិញ្ញាសា សក្តានុពល សម្រាប់អត្តពលិក ជម្រើសជាតិម៉ូតូទឹក ដុសខាត់សមត្ថភាព ជាមួយជើងខ្លាំងលំដាប់ទ្វីប ត្រៀមប្រជែងមេដាយពី Sea Games ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើងឯកពិភពលោក Jet Ski World Series Season 2022 ជុំទី២ នៅអាមេរិក កម្ពុជា បញ្ជូនកីឡាករ ៥រូប រួមមាន កីឡាករ សាលី អូម៉ើត ប្រកួត៥វិញ្ញាសា គឺវិញ្ញាសា Novice runabout 1100stock , Amateur runabout 1100stock , Pro am ski lites , Pro am four stroke ski lites , Pro am ski superstock។ ចំណែកឯ សាលី ហ្វីលីន ប្រកួត២វិញ្ញាសា គឺវិញ្ញាសា Amatuer runabout 1100 LTD , PRO AM RUNABOUT 1100 Stock ។ រីឯ មីន ម៉ូស្តាន់ ប្រកួត២វិញ្ញាសា គឺវិញ្ញាសា Amateur ski GP , Pro am ski superstock។ ដោយឡែក មីន អូស្មាន់ និងកីឡាករ កៃ វ៉ាន់ស៊ីដែន ប្រកួត១វិញ្ញាសា គឺវិញ្ញាសា Novice ski stock ដូចគ្នា៕/V-PC