ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់ ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៤ តុលា នេះ នៅក្នុង​វត្ត​ឈូក​វ៉ា ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ប្រជាពលរដ្ឋ​រស់នៅ ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​ស្នើឱ្យ​អាជ្ញាធរ ជួយ ដោះស្រាយ​សំណើរ សំណូមពរ​ជាច្រើន ពិសេស​អោយជួយ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ព នៅក្នុង​មូលដ្ឋាន​ពួកគាត់​។​

​វេទិកា​នេះ បានធ្វើ​ឡើង​ក្រោម​វត្តមាន​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ លោក ហួត ហៃ អភិបាលរង​រាជធានី តំណាង​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ និង​លោក រស់ សូ​ផាន់ ប្រធាន​ក្រុមការងារ ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ​។​

​ក្នុង​វេទិកាសាធារណៈ​នេះ ប្រជាពលរដ្ឋ បានលើកឡើង​ពី​កង្វល់​របស់ខ្លួន​ជាច្រើន ដូចជា សុំ​ការស្ថាបនា​ផ្លូវ លូ សុំឱ្យ​មានការ​ពន្យល់​ពី​ការបង់ថ្លៃ​សំរាម តាម​ប្រព័ន្ធ​អន​ឡាញ សុំ​ត​បណ្ដាញ​ទឹកស្អាត សុំ​កាត់បន្ថយ​គ្រូបង្រៀន យកមុខ​វិជ្ជា​ល្អៗ ទៅ​បង្រៀន​គួរ​
​មិន​យកមក​បង្រៀន នៅក្នុង​កម្មវិធីសិក្សា​ក្នុង​សាលា និង​មួយ​ចំណុច​ទៀត គឺ ការ​សូមឱ្យ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច បង្ក្រាប​ល្បែងស៊ីសង និង​ការលុបបំបាត់ ការជួញដូរ​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ បានលើកឡើង​ថាៈ នៅក្នុង​មូលដ្ឋាន​ពួកគាត់ នៅតែ​មានការ​លួច​លេង​ល្បែងស៊ីសង ប៊ៀ កន្ទុយលេខ​ដដែល ។ ដូច្នេះ​ពួកគាត់​ស្នើ សូមឱ្យ​លុបបំបាត់​ឱ្យអស់​។ ចំណែក​គ្រឿងញៀន​ក៏​ដូច្នេះ​ដែរ សូម​លុបបំបាត់​ឱ្យបាន ពិសេស​គឺ ការបង្ក្រាប​អ្នកជួញដូរ​គ្រឿងញៀន​តែម្តង​។​

​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ រាប់​តាំងពី​មន្ត្រីរដ្ឋបាល​ខណ្ឌ សង្កាត់ ត្រូវ​បន្ត​យកចិត្តទុកដាក់ ចុះ​បំពេញ​តួនាទី​ភារកិច្ច និង​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​គ្រប់គ្រង​របស់ខ្លួន ឱ្យបាន​ជាប់​ជាប្រចាំ ក៏ដូចជា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​។​

​លោក ម៉ប់ សារិន បានបញ្ជាក់​ថាៈ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍន៍ នៅ​មូលដ្ឋាន ដើម្បីឱ្យ​អាជ្ញាធរ​បាន​ដឹងឮ និង​រក​យន្តការ​ដោះស្រាយ​ជូន​។​

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់ ក្រុមប្រឹក្សា​រាជធានី​ភ្នំបេញ ត្រូវបានធ្វើ ឡើង​ក្នុង ១​ឆ្នាំ​ម្តង ដើម្បី​ដោះស្រាយ​រាល់​កង្វល់ សំណូមពរ និង​សំណើ​របស់​ប្រជាពលរដ្ឋ ។ ប៉ុន្តែ​ក្នុង​រយៈពេល ២ ឆ្នាំ​ជាប់​គ្នា​នេះ ត្រូវបាន​ខកខាន​ដោយ​ការ​រាតត្បាត​ជំងឺ កូ​វីដ​-១៩​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ដោះស្រាយ ទុក្ខ​កង្វល់​ប្រជាពលរដ្ឋ​ជានិច្ច​។​

​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថាៈ សម្រាប់​ការចូលរួម មតិយោបល់ និង​លើកឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់ ប្រជាពលរដ្ឋ នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៤ តុលា​នេះ មាន​សំណើ សំណួរ សំណូមពរ​ផ្ទាល់មាត់ ចំនួន ១៩ នាក់ ស្មើនឹង ៣២ បញ្ហា និង​សំណើ សំណួរ សំណូមពរ ក្នុង​ប្រអប់​សំបុត្រ ចំនួន ៧៦ បញ្ហា​។​

​លោក​បាន​បន្តថាៈ រាល់​បញ្ហា​ដែល​បានលើកឡើងរ​បស់បង​ប្អូន អាជ្ញាធរ​របស់​យើង ពិតជា​បានដឹង និង​មាន​វិធានការ​មួយចំនួន​រួចហើយ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី អាជ្ញាធរ នឹងធ្វើ​ការដោះស្រាយ ជា​បន្តបន្ទាប់​ទៀត ពោលគឺ​អ្វីដែល​ដោះស្រាយបាន យើង​ដោះស្រាយ​ភ្លាម ហើយ​អ្វីដែល​ដោះស្រាយ​មិនបាន​ភ្លាម យើង​នឹង​សុំ​គោលការណ៍​ដោះស្រាយ​នៅពេល​ក្រោយ​ទៀត​។​

​លោក​បាន​បន្តទៀតថាៈ រាល់​មតិយោបល់ និង​ការលើកឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិតជា​បាន​នាំមក​នូវ សក្តានុពល​យ៉ាង​ធំធេង និង​បានធ្វើ ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នា​របស់ខ្លួន ពេលកន្លងមក ដើម្បី​ធ្វើការ​កែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ និង​ស្វែងរក​នូវ ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ ឲ្យ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ក្នុងនាម​ជា តំណាង​ឲ្យ​រដ្ឋបាល​សាធារណៈ​៕ V / N