​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២២ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​សមាជិក​នៃ​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សហប្រជាជាតិ (United Nation Industrial Development Organization) នា​កិច្ចប្រជុំ នៅ​ទីក្រុង​វី​យេន ប្រទេស​អូទ្រីស អំពី​កង្វល់​កម្ពុជា​លើ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ ។

​នាឱកាស​នោះ លោក​បាន​លើកឡើងថា សុវត្ថិភាព​ចំណីអាហារ​គឺជា​កង្វល់​ដ៏​សំខាន់ និង​ជា​ទិដ្ឋភាព​ប្រឈម​សម្រាប់​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​ដូចជា​កម្ពុជា​។

លោក​បាន​បន្តថា ដោយមាន​ជំនួយ​ពី​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​ឌីជីថល​នេះ កម្ពុជា​កំពុងធ្វើការ​កែលម្អ​ជា​បន្តបន្ទាប់​លើ​បញ្ហា​នេះ ដូចជា​ការផ្លាស់ប្តូរ​ព័ត៌មាន និង​ទិន្នន័យ​អាហារ​កំពុង​ត្រូវបាន​ចែករំលែក​ដោយ​ប្រើ​បច្ចេកវិទ្យា block chain ជាមួយនឹង QR code និង E-Phytosanitary certificate ក៏ត្រូវ​បាន​កំពុង​រៀបចំឡើង​ដើម្បី ឆ្លើយតប នឹង​បញ្ហា ។

​លោក​បាន​បន្ថែមទៀតថា លើសពីនេះ កម្មវិធី​ទូរស័ព្ទ​ដែល​រំលេច​ផលប៉ះពាល់ និង​ការណែនាំ​អំពី​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ប្រកបដោយ​សុវត្ថិភាព​ក៏ត្រូវ​បានដាក់​ឱ្យ​ដំណើរការ ហើយ​ប្រព័ន្ធ​ត្រួតពិនិត្យ និង​តាមដាន​តាម​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​ផលិតផល​ជលផល​ក៏​ត្រូវបាន​បង្កើតឡើង និង​អនុវត្ត​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ស្ថិតក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ ការប្រែប្រួល​អាកាសធាតុ និង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ដែល​បណ្តាលមកពី​សង្គ្រាម​រុស្សី និង​អ៊ុយ​ក្រែ​ន បាននិងកំពុង​កើតមានឡើង​នាពេល​បច្ចុប្បន្ន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​ន៍ក​សិ​កម្ម និង​ពាណិជ្ជកម្ម​ស្បៀងអាហារ​ទូទាំង​ពិភពលោក​។

​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក​គួរ​សហការ គាំទ្រ​គ្នា​ទៅវិញទៅមក ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ ទន្ទឹមនឹងនេះ វិទ្យាសាស្ត្រ ឌីជីថល​ភាវូបនីយកម្ម បច្ចេកវិទ្យា​ជឿនលឿន និង​ការអប់រំ​ក្នុង​វិស័យ​កសិកម្ម ជាពិសេស​ទៅកាន់​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​ក៏ត្រូវ​ចាត់ទុកជា​អាទិភាព​ផងដែរ​។

​លោក​ក៏បាន​បញ្ជាក់ថា​នឹង​ជួយ​រក្សាបាន​នូវ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​ស្ថិរភាព លើកកម្ពស់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​កសិកម្ម និង​ធានា​សុវត្ថិភាព​ចំណីអាហារ និង​សន្តិសុខ​ស្បៀង​ក្នុងស្រុក និង​អន្តរជាតិ​។​

​វេទិកា​អន្តរជាតិ​ដ៏​មាន​សារសំខាន់​នេះ មាន​វត្តមាន​ពី​បណ្តាល​ប្រទេស​សមាជិក​ទូទាំង​ពិភពលោក​ដោយផ្ទាល់​ជាង ២០០​នាក់ និង​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាន​ជាង ៤០០​នាក់​ផងដែរ​។​ N