ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅភូមិសាស្ត្រ ភាគនិរតីរាជធានីភ្នំពេញ និងខេត្តកណ្តាល និងពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោង សាងសង់ ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ ស្ទឹងព្រែកត្នោត ស្ថិតនៅរាជធានី ភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលប្រើប្រាស់ហិរញ្ញប្បទាន បានមកពីសាធារណរដ្ឋប្រជាមានិតចិន។

ស្ថានភាពទឹកតាមសណ្តរស្ទឹងព្រែកត្នោត បច្ចុប្បន្ន មិនទាន់មានសញ្ញាអ្វី គួរបារម្ភនៅ ឡើយទេ។ ទោះជាយ៉ាងណា លោករដ្ឋមន្ត្រី បានចាត់ក្រុមមន្ត្រីបច្ចេកទេសរបស់ក្រសួង ឱ្យដាក់ប្រចាំការ ជាមួយនឹងគ្រឿងចក្រ តាំងពីខែសីហា ឆ្នាំ២០២២ មកម៉្លេះ ។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋាន នៅតាមបណ្តោយស្ទឹង ក្នុងភូមិសាស្ត្រខាងភាគនិរតី នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ឱ្យរក្សាទុកនូវទំហំ ឬច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹក ឲ្យមានប្រសិទ្ធភាព បានទាន់ពេលវេលា បើពុំនោះទេ​ រាជធានីភ្នំពេញ អាចនឹងទទួលរងការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរ នៅពេលណាមួយ ជាមិនខានពី ជំនន់ទឹកស្ទឹងព្រែកត្នោត ។

នៅក្នុងឱកាសខាងលើ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញពិនិត្យការអនុវត្តគម្រោងសាងសង់ ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលប្រើប្រាស់ជំនួយហិរញ្ញប្បទាន ពីសាធារណរដ្ឋ ប្រជាមានិតចិន សម្រេចលទ្ធផលប្រមាណជា ៧០ ភាគរយ អាចជួយសម្រួលលំហូរទឹក បានយ៉ាងច្រើន និងលឿន បើប្រៀបធៀបទៅនឹងស្ថានភាពទឹក ឆ្នាំមុន៕ V / N