​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការធ្វើដំណើរ​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ (Ferdinand Marcos Jr.)​ទៅកាន់​ប្រទេស​សិង្ហ​បុរី​កាលពី​ចុង​សប្តាហ៍​​ដើម្បី​ទស្សនា​ការប្រណាំង​រថយន្ត Formula One បាន​ទទួលរង​ការវាយប្រហារ​ពី​អ្នក​រិះគន់ ដែល​បាន​ពណ៌​នាវា​ថា​ជា​ទង្វើ “​អត់​ចិត្ត​ជាទីបំផុត​”​ខណៈ​ដែល​ប្រជាជន​ហ្វីលីពីន​រាប់ពាន់​នាក់​នៅ​​កំពុង​ជម្លៀស​ខ្លួន​ដោយសារតែ​ព្យុះ​ទី​ហ្វុង​នា​ពេល​ថ្មីៗ​នេះ​នៅឡើយ​។​

​លោក​ម៉ាកូ​ស​បាន​បញ្ជាក់​អំពី​ដំណើ​ររបស់​គាត់​ទៅកាន់​ប្រទេស​សិង្ហ​បុរី​សម្រាប់​ព្រឹត្តិការណ៍ Grand Prix នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ និង​រូបភាព​ដែល​គាត់​បាន​បង្ហោះ​នៅលើ Facebook កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​៣​តុលា បន្ទាប់ពី​មាន​ការរិះគន់​យ៉ាង​ពេញទំហឹង​លើ​អ៊ីនធឺណិត​។​

​លោក​ម៉ាកូស​បាន​និយាយថា “​គេ​និយាយថា​ការលេង​កីឡា​វាយ​កូន​ហ្គោល​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការបង្កើត​អាជីវកម្ម ប៉ុន្តែ​ខ្ញុំ​សូម​និយាយ​ថា​វា​ជា​ការប្រណាំង Formula 1 ទេ​។​ចុង​សប្តាហ៍​ពិត​​ជា​មាន​ផលិតភាព​មែន​”​។​

​លោក​បាន​និយាយ​ដោយ​មិន​បាន​បញ្ជាក់ថា លោក​ត្រូវបាន​អញ្ជើញ​ជា​មួយ​ឥស្សរជន​ផ្សេងទៀត និង​បាន​ជួប​មិត្តភក្តិ​អ្នកជំនួញ​ថ្មីៗ ដែល​មាន​បំណង​ចង់​វិនិយោគ​នៅ​ប្រទេស​ហ្វីលីពីន ហើយ​លោក​បាន​បន្ថែមថា លោក​នឹង​បង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែមទៀត​នៅពេល​ក្រោយ​។​

​កាលពី​ចុង​សប្តាហ៍ របាយការណ៍​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​អំពី​ការធ្វើដំណើរ​ទៅ​សិង្ហ​បុរី​ដោយ​មិន​បាន​ប្រកា​របស់​លោក​ម៉ាកូ​ស​។​អ្នកនាំពាក្យ​របស់​លោក​ម៉ាកូ​សមិន​បាន​ចេញ​ការ​បញ្ជាក់ទេ​​រហូត​ទាល់តែ​មន្ត្រី​សិង្ហ​បុរី​ម្នាក់​បង្ហោះ​រូបភាព​របស់​លោក​ម៉ាកូ​សនៅក្នុង​ទីក្រុង​-​រដ្ឋ​នេះ​នៅលើ Facebook​។​

​រដ្ឋមន្ត្រីក្រសួង​ពលកម្ម​សិង្ហ​បុរី លោក តាន់ ស៊ី​ឡេង (Tan See Leng) បាន​ប្រកាស​ឈ្មោះ​លោក​ម៉ាកូស​ក្នុងចំណោម​ឥស្សរជន​បរទេស​ដែល​គាត់​បាន​ជួប​”​ដើម្បី​បញ្ជាក់​ទំនាក់ទំនង​សេដ្ឋកិច្ច​​ទ្វេភាគី​របស់​យើង​និង​ពង្រឹង​ការសហការ​ក្នុង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពលកម្ម​ក៏ដូចជា​ការផ្លាស់ប្តូ​រទ​ស្សនៈ​ស្តីពី​គោលនយោបាយ​កម្លាំង​ពលកម្ម​នៅ​ខាងក្រៅ​ការប្រណាំង​”៕

​លោក​ម៉ាកូ​សរងការ​រិះគន់​ចំពោះ​ការចូលរួ​មការ​ប្រណាំង F1 ស្ងាត់ៗ​នៅ​សិង្ហ​បុរី