ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អង្គការផ្កាយសមុទ្រ បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ វិលជុំ ថ្នាក់សហគមន៍ប្រចាំឆ្នាំ នៅទីលានបាល់ទាត់របស់ខ្លួន ដោយកម្មវិធីប្រកួត បាល់ទាត់សហគមន៍នេះ ស្វាគមន៍វត្តមានកីឡាករ ចំនួន ៣៥០ នាក់ មកពី ១៤ ក្រុម ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្ត ទៅនៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ។

នេះគឺជាលើកទី៤ហើយ ដែលអង្គការផ្កាយសមុទ្រ បានរៀបចំកម្មវិធីប្រកួតបាល់ទាត់វិលជុំថ្នាក់សហគមន៍នេះឡើង។ កម្មវិធីបាល់ទាត់ ដែលមានរយៈពេល ២ខែនេះ នឹងផ្តល់ឱកាសដល់យុវជន មកពីសហគមន៍នានា នៅជុំវិញរាជធានីភ្នំពេញ ក្នុងការលេងកីឡា ក្នុងបរិស្ថានប្រកបដោយសុវត្ថិភាព និងជាពិសេសរៀនសូត្រពីជំនាញ បំណិនជីវិតសំខាន់ៗ ដូចជាការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការដោះស្រាយ បញ្ហា និងការប្រាស្រ័យទាក់ទងជាដើម ។

លោក យិន សាមឌី ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ បានលើកឡើងថាៈ ដូចឆ្នាំផ្សេងៗដែរ ខ្ញុំ និងក្រុមការងារកម្មវិធីបាល់ទាត់ គឺពិតជារំភើប រីករាយយ៉ាងខ្លាំង ក្នុងការទទួលស្វាគមន៍កីឡាករទាំងអស់ ដែលមានទឹកចិត្តស្រឡាញ់ កីឡាបាល់ទាត់ មកចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីប្រកួតបាល់ទាត់វិលជុំ ថ្នាក់សហគមន៍ ប្រចាំឆ្នាំ២០២២ នេះ ។

លោក សាមឌី មានជំនឿចិត្តថាៈ កម្មវិធីប្រកួតបាល់ទាត់នេះ នឹងផ្តល់នូវភាពសប្បាយ រីករាយ ដល់កីឡាករទាំងអស់ ក៏ដូចជាផ្តល់ឱកាសឲ្យពួកគេ បានបញ្ចេញសមត្ថភាព និងទេពកោសល្យ និងកសាងទំនាក់ទំនង ផងដែរ៕ V / N