ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នេះ លោក យ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាល ស្រុកកំពង់លែង បានដឹកនាំកម្លាំងចម្រុះ អនុសាខាកាកបាទក្រហមស្រុក ឃុំ ចុះពិនិត្យពីស្ថានភាពគ្រោះទឹកជំនន់ និងចែក អំណោយជូនប្រជាពលរដ្ឋ ៤៣ គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកទន្លេសាប ។

លោក យ៉ែម លក្ខិណា បានឲ្យដឹង នៅរសៀលថ្ងៃទី៤ តុលានេះថាៈ ផ្ទះរបស់ពួកគាត់ តូចទាប ហើយខ្លះមានការបម្លាស់ទី ពីការរស់នៅក្នុងទឹក ឱ្យទៅរស់នៅលើគោកវិញ ក្នុងឃុំសំរោងសែន​មានចំនួន ៤៣ គ្រួសារ ។

លោកអភិបាលស្រុកកំពង់លែង បានឱ្យដឹងទៀតថាៈ បន្ទាប់ពីបានការចុះពិនិត្យជាក់ស្ដែង រួចមក លោកអភិបាលស្រុកកំពង់លែង ក្រុមប្រឹក្សាស្រុក និងក្រុមការងារ ក៏បានប្រជុំ និងណែនាំទៅដល់មន្ត្រីរដ្ឋបាលឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ ក្រោមឱវាទទាំងអស់ ឲ្យយកចិត្តទុកដាក់ រាល់ការទុក្ខលំបាករបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា បើមានភាព ប្រក្រតី ឬក៏មានទុក្ខលំបាកអ្វីមួយ ត្រូវរាយការណ៍ជូន គណៈបញ្ជាការឯកភាស្រុកភ្លាម ដើម្បីមានវិធានការដោះស្រាយ ជូនប្រជាពលរដ្ឋបន្តទៀត។

លោក យ៉ែម លក្ខណា បានបញ្ជាក់ឲ្យដឹងថាៈ អំណោយដែលបាននាំយកមកចែកជូន បងប្អូនប្រជាពលរដ្ឋ នៅក្នុងភួមិសំរោងសែន មានអង្ករ ២៥គីឡូក្រាម. មី១កេះ ទឹកត្រី ១យួរ. ទឹកស៉ីអ៉៏វ១យួរ រួមនឹងថវិកា ក្នុងមួយគ្រួសាៗ ២ ម៉ឺនរៀល ជារបស់លោក កែ វណ្ណដេត និងភរិយា និងលោក សឹង សំណាង ក្រុមការងារចុះឃុំសំរោងសែន ។

បើយោងតាមរបាយការណ៍របស់រដ្ឋបាលស្រុក បានឱ្យដឹងដែរថាៈ ប្រជាពលរដ្ឋដែលរង គ្រោះដោយជំនន់ទឹកទន្លេសាប ចំណុចឃុំផ្លូវទូកវិញ លោកអភិបាលស្រុក មានចំនួន ១៤២ ខ្នងផ្ទះ ក្នុងនោះ បាក់បែក ៣ខ្នងផ្ទះ។ ដោយឡែក ផ្ទះប្រជាពលរដ្ឋខ្លះ បាននាំគ្នា អូសទូក. អូសផ្ទះចូលក្នុងព្រៃ ដើម្បីបាំងខ្យល់។

បើតាមតាមរបាយការណ៍របស់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន ក៏បានដឹងនៅថ្ងៃទី៤ តុលា នេះដែរថាៈ ស្ថានភាពទឹកទន្លេ នៅស្ថានីយជលសាស្ត្រផ្សារក្រោម ទឹកមានកម្ពស់ ៩,៣៤ ម៉ែត្រ  តែបើធៀបនឹងឆ្នាំ ២០២១ កន្លងទៅ ទឹកមានកម្ពស់ ៧,៤០ ម៉ែត្រ ហើយកម្ពស់ទឹកទន្លេសាប ដែលត្រូវប្រកាសអាសន្ន មានកម្ពស់ ១១ ម៉ែត្រ នៅខេត្តកំពង់ឆ្នាំង៕ V / N