ដោយៈសុផល/ភ្នំពេញ៖ ទោចក្រយានយន្ត (ម៉ូតូ) ដែលមានទំហំស៊ីឡាំងតូចជាង 500cc ឬ 27kW មិនអនុញ្ញាតឱ្យធ្វើដំណើរលើផ្លូវល្បឿនលឿនជាដាច់ខាត។នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៤ ខែតុលា។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការក្រើនរម្លឹកជាថ្មីម្ដងទៀត ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា គ្រប់ទោចក្រយានយន្ត (ម៉ូតូ)ដែលមាន ទំហំស៊ីឡាំងតូចជាង 500cc ឬ កម្លាំងម៉ូទ័រ 27kW មិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាដាច់ខាត។ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋគ្រប់រូបនឹងចូលរួមអនុវត្តតាមសេចក្ដីណែនាំ និងច្បាប់ចរាចរណ៍បានខ្ជាប់ខ្ជួន។

ជាមួយគ្នានេះដែរ ដើម្បីជៀសវាងគ្រោះថ្នាក់ ដោយប្រការណាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន បានប្រកាសនឹងចាត់វិធានការច្បាប់ ចំពោះអ្នកដែលលួចកាត់របងលួសជិះម៉ូតូ ឆ្លងកាត់ ឬ លើកម៉ូតូ ឆ្លងកាត់របង នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ៕