ដោយៈ ទេព មង្គល / ភ្នំពេញៈ ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បានបន្តឡើង រហូតដល់កម្រិតប្រកាសអាសន្ន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានសម្រេចផ្អាកចរាចរណ៍ ជាបណ្តោះអាសន្ន រថយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពីចំណុចគីឡូម៉ែត្រលេខ១០០ ដល់គីឡូម៉ែត្រ លេខ១០១ ស្ថិតក្នុងឃុំមរកត (ចំណុចក្បាលដំរី) ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានសេចក្តីជូនដំណឹងសាជាថ្មី ។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នេះ ។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង របស់ខ្លួនថាៈ ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បានបន្តឡើងរហូតដល់កម្រិត ប្រកាសអាសន្ន មិនអាចធ្វើចរាចរណ៍បាន ចំពោះរថយន្តគ្រប់ប្រភេទ ។ អាស្រ័យហេតុ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមធ្វើកាតបិទចរាចរណ៍ ទាំងស្រុង ជាបណ្តោះអាសន្ន ចំពោះរថយន្តគ្រប់ប្រភេទទាំងអស់ នៅលើកំណាត់ ផ្លូវជាតិលេខ៩២ (ចាប់ពីចំណុចគីឡូម៉ែត្រលេខ១០០ ដល់គីឡូម៉ែត្រលេខ១០១) ស្ថិតក្នុងឃុំមរកត (ចំណុចក្បាលដំរី) ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ រហូតមានសេចក្តីជូនដំណឹងសាជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សង្ឈឹមយ៉ាងមុតមាំថា ក្រោយពីបាន ទទួលសេចក្ដីជូនដំណឹងនេះ ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តគ្រប់ប្រភេទទាំងអស់ នឹងចូលរួមអនុវត្ត តាមសេចក្ដីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសហការ ជាមួយនឹងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយឈរលើស្មារតីទទួលខុសត្រូវ ខ្ពស់ ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕/V

កំណាត់ផ្លូវជាតិលេខ៩២ ដែលរងការលិច ដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តព្រះវិហារ