​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា អ្នកកាសែត​ហ្វីលីពីន​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​ក្នុងពេល​ធ្វើដំណើរ​ទៅ​ធ្វើការ​នៅក្នុង​រដ្ឋធានី​ម៉ានីល​កាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​បង្ក​ការ​​ថ្កោលទោស​ពី​បណ្តា​អង្គការ​និង​សមាគម​សារព័ត៌មាន រួម​ទាំង​សកម្មជន ដែល​បាន​ពណ៌នា​ការសម្លាប់​លោក​ភើ​ស៊ី​វ៉ាល់ ម៉ា​បា​សា​(Percival Mabasa)​ថា​ជា​ការដើរថយក្រោយ​បន្ថែម​ទៀត​នៃ​សេរីភាព​​បញ្ចេញមតិ​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​អ្នក​ផ្សាយ​វិទ្យុអាយុ​៦៣​ឆ្នាំនេះ ត្រូវបាន​សម្លាប់​ដោយ​ឃាតករ​ជិះ​ម៉ូតូ​ពីរ​នាក់​នៅ​មាត់ទ្វារ​របង​នៃ​ផ្ទុះ​របស់​លោក​នៅ​ជាយ​ក្រុង​ម៉ានីល​កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​សហភាព​អ្នកកាសែត​ជាតិ​ហ្វីលីពីន បាន​និយាយថា​«​ហេតុការណ៍​នៅ​ក្រុម​ម៉ានីល​នេះ​បង្ហាញ​ការ​ហ៊ាន​របស់​ឃាតករ និង​របៀប​ដែល​អាជ្ញាធរ​ខកខាន​ក្នុង​ការការពារ​អ្នកកាសែត ព្រមទាំង​ពលរដ្ឋ​អោយ​​ចាក​ផុត​ពី​គ្រោះថ្នាក់​»​។​

​ប៉ូលិស​ជាតិ​ហ្វីលីពីន បាន​ប្តេជ្ញា​តាម​ស្វែងរក​ចាប់​ឃាតករ​មក​ទទួល​ទោស​ចំពោះ​ឃាតកម្ម​នេះ​។​

​ឃាតកម្ម​នេះ​បាន​កើតឡើង​ក្រោយ​ពី​ការចាក់សម្លាប់​អ្នកកាសែត​វិទ្យុ​លោក រ៉េ ប្លង់កូ​(Rey Blanco)​នៅ​ហ្វីលីពិន​កណ្តាល​កាលពី​ខែ​មុន​។​

​ហ្វីលីពីន ជា​ប្រទេស​មាន​បរិយាកាស​សារព័ត៌មាន​សេរី​បំផុត​មួយ​នៅ​អាស៊ី តែ​ក៏​ជា​ប្រទេស​គ្រោះថ្នាក់​បំផុត​មួយ​សំរាប់​អ្នកកាសែត​ផងដែរ ។​

​យ៉ាងហោចណាស់​អ្នកសារព័ត៌មាន​១៨៧​នាក់​ត្រូវបាន​សម្លាប់​នៅ​៣៥​ឆ្នាំ​មកនេះ​នៅ​ហ្វីលីពីន រួមមាន​៣២​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ឆ្នាំ​២០០៩៕

​គ្រួសារ​លោក ម៉ា​បា​សា បាន​ហៅ​ការសម្លាប់​លោក​ថា​ជា​«​ឧក្រិដ្ឋ​ដ៏ចង្រៃ​»​និង​ទាមទារ​នាំ​ឃាតករ​មក​ផ្តន្ទាទោស​