ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងលោកឧត្តមសេនីយ៍ឯក Simon Stuart មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នេះ ក្នុងឱកាស នៃដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍ ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅទីក្រុងប្រ៊ីសបិន នៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី។

រូបថត ( លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ) 

ប្រភពរូប ហ្វេសបុកផេក Hun Manet

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងជួយឧបត្ថម្ភគាំទ្រប្រទេសកម្ពុជា ជាពិសេស ក្នុងដំណាក់កាលស្វែងរកសន្តិភាព និងការកសាងប្រទេសកម្ពុជាឡើងវិញ។
ក្នុងកិច្ចពិភាក្សានេះផងដែរ លោកឧត្តមសេនីយ៍ បានផ្តួចផ្តើមគំនិតឱ្យបង្កើនទំនាក់ទំនង រវាងកងទ័ពជើងគោកទាំងពីរ ថែមមួយកម្រិតទៀត។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក Simon Stuart បានឯកភាពចំពោះ គោលគំនិត និងសំណើរបស់ កងទ័ពជើងគោកកម្ពុជា ដោយបានបញ្ជាក់ថាៈ ភាគីទាំងពីរ អាចពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការ លើការងារជំនួយមនុស្សធម៌ និងសង្គ្រោះ គ្រោះមហន្តរាយ (HADR) បន្ថែមទៀត នៅពេលអនាគត។

ក្នុងឱកាសនេះផងដែរ មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី ក៏បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានស្នើសុំឱ្យ លោក ហ៊ុន ម៉ាណែត ចែករំលែកអំពី បទពិសោធន៍ពាក់ព័ន្ធនឹងការទប់ស្កាត់ និងការគ្រប់គ្រងការរាតត្បាតនៃជំងឺនេះ ហើយដែលតាមរយៈនេះ លោក ហ៊ុន ម៉ាណែត ក៏បានធ្វើការចែករំលែក អំពីវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ទាំងនៅក្នុងយន្តការថ្នាក់ជាតិ ក៏ដូចជាការចូលរួមរបស់កងទ័ព នៅក្នុងបេសកកម្មដ៏ សំខាន់បំផុតនេះ ជាពិសេសក្រោមការដឹកនាំដោយផ្ទាល់ និងដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ V / N

រូបថត : ប្រភពរូប ហ្វេសបុកផេក Hun Manet