ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានជួបប្រជុំពិភាក្សាការងាររួមជាមួយលោក អាលី បាដាណេហ្វ ( Ali Badarneh ) នាយកផ្នែកសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធស្បៀងអាហារនៃអង្គការ UNIDOដោយផ្តោតលើការផ្លាស់ប្តូរទស្សនទានស្តីពីការអនុវត្តកម្មវិធី UNIDO សម្រាប់ភាពជាដៃគូប្រទេស (Programme Country Partnership និង ការកសាងសមត្ថភាពមន្រ្តីជំនាញក្នុងវិស័យកសិកម្ម ដោយមានការគាំទ្រពីអង្គការនេះ ។

លោករដ្ឋមន្រ្តីក៏បានលើកឡើង អំពីវឌ្ឍនភាពនៃគម្រោងភាពជាដៃគូប្រទេស ដែលភាគីទាំងពីរបាននិងកំពុងអនុវត្ត មានជាអាទិ៍៖ ការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល ការកសាងសមត្ថភាពលើការបង្កើតគោលនយោបាយឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យាស្អាត ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនៅតំបន់ឆ្នេរ ខេត្តព្រះសីហនុ ការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ការស្តារឡើងវិញនូវសហគ្រាសកសិ-អាហារ និងទេសចរណ៍ សមិទ្ធផលនៃគម្រោង CAPFish-Capture ដែលអនុវត្តរួមគ្នារវាងរដ្ឋបាលជលផល និង UNIDO (២០១៩-២០២៤) ដោយទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖

លទ្ធផលទី១. ពង្រឹងសមត្ថភាពបច្ចេកទេស និងសេវាត្រួតពិនិត្យផ្លូវការ ដែលគាំទ្រដល់បច្ចេកទេសក្រោយប្រមូលផល ការរៀបចំច្បាប់ជលផលថ្មី ផែនការសកម្មភាពជាតិសម្រាប់អធិការកិច្ច និងត្រួត ពិនិត្យគុណភាព និងសុវត្ថិភាពសម្រាប់ផល ផលិតផលជលផល (២០២០-២០២៤) គោលការណ៍ណែនាំបច្ចេកទេសសម្រាប់អធិការកិច្ច និងត្រួតពិនិត្យផលផលិតផលជលផល ការអនុវត្តកម្មវិធីជាតិតាមដានសំណល់ (NRMP) និងកម្មវិធីអធិការកិច្ច ការបង្កើត និងដាក់ឱ្យអនុវត្ត និងប្រើប្រាស់និមិត្តសញ្ញាគុណភាពនៃផលិតផលជលផលកម្ពុជា (CQS) ការពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ សម្រាប់មន្ទីរពិសោធន៍អាហារចំនួន ៧ ឆ្ពោះទៅសម្រេចបានការទទួលស្គាល់ ISO17025 រៀបចំគោលការណ៍ណែនាំបច្ចេកទេសនៃការត្រួតពិនិត្យ និងផែនទីបង្ហាញផ្លូវនៃការលើកកម្ពស់សុវត្ថិភាពអាហារ ស្របតាមតម្រូវការរបស់ EU ក្នុងគោលបំណងនាំចេញទៅកាន់ទីផ្សារ EU នៅឆ្នាំ២០២៤។

លទ្ធផលទី២. ការលើកកម្ពស់មត្ថភាពវិស័យឯកជន ដោយអនុលោមតាមលក្ខខណ្ឌតម្រូវស្តង់ដារ និងទីផ្សារអន្តរជាតិពាក់ព័ន្ធនឹងជលផលក្រោយប្រមូលផល៖ សហគ្រាសចំនួន៣៩ ត្រូវបានគាំទ្រតាម រយៈកម្មវិធី Value Chain Investment Support (VCIS) ផ្តល់សម្ភារៈ ឧបករណ៍ និងជំនួយបច្ចេកទេស។ គាំទ្រសហគ្រាសធន់មធ្យមមួយចំនួន ក្នុងការអនុលោមតាមតម្រូវការទីផ្សារសហភាពអឺរ៉ុប។

លទ្ធផលទី៣. ការបង្កើតថ្នាលភាពជាដៃគូជាមួយស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន ថ្នាលបច្ចេកវិទ្យាអាហារ ការស្រាវជ្រាវ និងនវានុវត្តន៍ (FTRIP) សម្រាប់គាំទ្រឧស្សាហកម្ម។ ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអំពីបញ្ហាប្រឈមមួយចំនួនដែលបាន និងកំពុងបង្អាកដំណើរការទាក់ទងនឹងផលជលផលក្រោយប្រមូលផល វារីវប្បកម្ម និងកសិពាណិជ្ជកម្ម ដូចជាជំនាញបច្ចេកទេស ការវិនិយោគ លទ្ធភាពទទួលបានហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផល ជំនាញបច្ចេកទេសក្រោយប្រមូលផលបែបទំនើប ការយល់ដឹងលើសុវត្ថិភាពចំណីអាហារនៅមានកម្រិត ពិសេសថ្លៃដើមនៃការផលិតគឺនៅមានកម្រិតខ្ពស់ធៀបទៅនឹងប្រទេសជិតខាង។

ឆ្លៀតយកឱកាស ឯកឧត្តមរដ្ឋមន្ដ្រីក៏បានស្នើដល់អង្គការ UNIDO ពិនិត្យលទ្ធភាពជួយគាំទ្រ និងសហការលើការអភិវឌ្ឍអាជីវកម្មកសិកម្ម កសាងសមត្ថភាពលើផ្នែកសុវត្ថិភាពអាហារ ការគាំទ្រដល់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គុណភាពសេវាមន្ទីរពិសោធន៍ និងវិញ្ញាបនប័ត្រគាំទ្រ។ ទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា គឺដើម្បីសម្រេចបាននូវចក្ខុវិស័យចម្បងរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ជាការឆ្លើយតប លោក អាលី បាដាណេហ្វ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងភាគីទាំងពីរ ឈានទៅសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។

លោកបន្ថែមថា លក្ខណៈពិសេសនៃគម្រោង CAP FISH នេះគឺផ្តោតសំខាន់ទៅលើសុវត្ថិភាពនៃផលិតផលជលផល និងការគាំទ្រដល់ផ្នែកហិរញ្ញប្បទានដល់កសិករលើការកែច្នៃ វេចខ្ចប់ ប្រកបដោយគុណភាពនិងសុវត្ថិភាព ហើយអង្គការ UNIDO ពិតជារីករាយក្នុងការពង្រីកគម្រោងនេះថែមមួយកម្រឹតទៀត ដោយបានចាប់ផ្តើមជជែកការងារលម្អិតជាមួយគ្រប់ភាគីពាក់ព័ន្ធដូចជាសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ដទៃទៀតផងដែរ។

លោកសង្ឃឹមថា ផលិតផលជលផលប្រកបដោយគុណភាព និងសុវត្ថិភាពរបស់កម្ពុជានឹងអាចនាំមកពីផ្សារអឺរ៉ុបនាពេលអនាគត។ ចំពោះសំណើររបស់ឯកឧត្តមរដ្ឋមន្ត្រី អង្គការ UNIDO នឹងជជែកលម្អិតជាមួយមន្ត្រីជំនាញនៃរដ្ឋបាលជលផលក្នុងកិច្ចប្រជុំផ្នែកបច្ចេកទេសនារសៀលនេះ៕