ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យ អាជ្ញាធរស្រុក បន្តតាមដានស្ថានភាពទឹកជំនន់ និងចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ មករកទីទួលមាន សុវត្ថិភាព ឱ្យបានទាន់ពេលវេលា ។

លោកអភិបាលខេត្តកំពង់ធំ បានជំរុញបែបនេះ នៅពេលលោក បានអញ្ជើញចែក អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ ចំនួន ២៧៣ គ្រួសារ ដែលរងគ្រោះ ដោយសារទឹកជំនន់ នៅស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។

លោកអភិបាលខេត្ត បានបន្ថែមទៀតថាៈ បច្ចុប្បន្ននេះ ស្ថានភាពទឹកជំនន់ នៅក្នុងខេត្តកំពង់ធំ នៅមិនទាន់មានការថមថយនៅឡើយទេ ដែលបានបង្កឲ្យមានផល ប៉ះពាល់ដល់ផ្ទះសម្បែង ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ពិបាកក្នុងការធ្វើដំណើរ និង ការប្រកបមុខរបរប្រចាំថ្ងៃ ដែលបង្កឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ។

លោកបានឱ្យដឹងថាៈ អំណោយដែលត្រូវចែកជូន នៅពេលនេះ បានមកពីក្រុមចលនាស្ត្រី ស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ និងក្រុមហាត់ប្រាណមិត្តភាព ខេត្តកំពង់ធំ សម្រាប់ចែជូនបងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់ខ្លាំង មានជីវភាពទន់ខ្សោយជាងគេ ក្នុងចំណោមអ្នកដែលប៉ះពាល់ទាំងអស់។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ ថែរក្សាសុខភាពឱ្យបានល្អ ការពារខ្លួន កុំឱ្យមានជួបគ្រោះថ្នាក់ ដោយសារទឹកជំនន់ និងចូលរួមចាក់ថ្នាំការពារជំងឺកូវីដ១៩ ទាំងអស់គ្នាបន្តទៀត ដើម្បីខ្លួនយើង និងសង្គមជាតិ និងកុំភ្លេចទៅចូលរួមចុះឈ្មោះ បោះឆ្នោត នៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ ដើម្បីយើងមានឱកាសទៅបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាព បន្តទៅទៀត។

ទន្ទឹមនឹងនោះ លោក ងួន រតនៈ បានថ្លែងអំណរគុណចំពោះបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុន្នី ដែលបានជួយឧបត្ថម្ភ នូវថ្នាំពេទ្យ និងក្រុមចលនាស្ត្រី ស្រុកប្រាសាទសំបូរ និងក្រុមហាត់ប្រាណមិត្តភាព ខេត្តកំពង់ធំ ជួយឧបត្ថម្ភស្បៀង នៅក្នុងឱកាសនេះ ។ សកម្មភាពទាំងនេះ បានបង្ហាញអំពីកាយវិការមនុស្សធម៌មួយ មានតម្លៃណាស់ នៅក្នុងសង្គមជាតិយើង ជួយគ្នាក្នុងគ្រាលំបាក ។

លោក ងួន រតនៈ បានបន្តទៀតថាៈ នៅចំពោះមុខ រដ្ឋបាលខេត្ត បានបន្តស្រង់ទិន្នន័យ គ្រប់ក្រុង ស្រុក កំពុងលិចលង់ទឹកជំនន់ ដើម្បីធ្វើលើខិតស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ជួយផ្ដល់ស្បៀងបន្តទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋ តែកំពុងជួបទុក្ខលំបាក ដោយសារទឹកជំនន់។ សកម្មភាពទាំងនេះ បានបង្ហាញអំពីកាយវិការមនុស្សធម៌របស់ ថ្នាក់ដឹកនាំ ដែលបានគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាល:ទេសៈ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់ នៅស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ មី ទឹកត្រី ត្រីខ ទឹកបរិសុទ្ធ សៀង ភួយ និងថ្នាំពេទ្យ៕/V