ដោយៈ ទេពកង្រី / កំពង់ឆ្នាំងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ខ្លួន នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈិន សេងងួន អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង។

នៅក្នុងកិច្ចប្រជុំនេះ លោក ឈិន សេងងួន បានលើកឡើងអំពីវឌ្ឍនភាព នៃការអភិវឌ្ឍ របស់ខេត្តកំពង់ឆ្នាំង ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ទេសចរណ៍ និង អនាម័យ។ ក្នុងរយៈពេល កន្លងមកនេះ មន្ទីរជំនាញ អង្គភាពជុំវិញខេត្ត តែងតែបានយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ លើការអភិវឌ្ឍវិស័យជំនាញ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ ក្រៅពីនេះ អាជ្ញាធរមូលដ្ឋាន ក៍បានចូលរួមកែលម្អ នូវរាល់ចំណុចខ្វះខាត ក្នុងការអនុវត្តបំពេញ ការងារ ដើម្បីបង្កើននូវប្រសិទ្ធិភាពការងារ ក្នុងការបម្រើ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន។

នៅក្នុងឱកាសនោះ លោក ឡុង ឈុនឡៃ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសកម្មភាព ការងារ ដែលរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ទីរ អង្គភាពជុំវិញខេត្ត បានអនុវត្ត កន្លងមកនេះ ដែលមានភាពប្រសើរ ប្រជាពលរដ្ឋរស់នៅដោយមានសន្តិសុខ សុវត្ថិភាព មានជីវភាពល្អប្រសើរ ។

ប្រធានក្រុមប្រឹក្សាខេត្ត ក៍បានជំរុញដល់មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍមូលដ្ឋាន ដូចជាការបង្កើតនូវ សក្តានុពលនានា ដើម្បីបង្កើនការអភិវឌ្ឍខេត្ត និងការពង្រឹងរៀបចំសណ្តាប់ធ្នាប់ នៅតាមទីប្រជុំជន ឱ្យបានល្អប្រសើរ ។

លោកប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថាៈ នៅចំពោះមុខនេះ អាជ្ញាធរខេត្ត និង នៅតាមមូលដ្ឋាន ពិសេសនៅតាមដងទន្លេ ត្រូវបន្តយកចិត្តទុកដាក់ ការកើនឡើងនៃ ទឹកជំនន់ ដើម្បីត្រៀមបង្ការជួយប្រជាពលរដ្ឋ ក្នុងការបម្លាស់ទី រកទីទួលសុវត្ថិភាព ។ ពង្រឹងការអនុវត្តវិធានការ ការពារជំងឺកូវីដ១៩ និងបន្តការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋ ។ ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ដែលមានអាយុគ្រប់បោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោត ដើម្បីត្រៀចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នាពេលខាងមុខ ។

កិច្ចប្រជុំក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លើកទី៤០នេះ ក៏បានលើកឡើង អំពីចំណុចអវិជ្ជមាន មួយចំនួន ដើម្បីកែលម្អ ដែលតែងតែកើតឡើងជាញឹកញាប់ ពិសេសនៅក្នុង ក្រុងកំពង់ឆ្នាំង ដែលទាមទារឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមដោះស្រាយ បញ្ហាប្រឈមនេះ ដូចជាសណ្តាប់ធ្នាប់សាធារណៈ នៅជុំវិញផ្សារលើ អ្នកលក់ដូរលើ ផ្លូវសាធារណៈ បញ្ហាអនាម័យ និងបរិស្ថាន ជាដើម ដែលត្រូវធ្វើការដោះស្រាយ៕ V / N