ដោយៈបាយ័ន / សៀមរាបៈ គម្រោងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ បានជ្រើសរើសប្រទេសចំនួន៣ ក្នុងតំបន់អាស៊ាន រួមមាន ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា , ខេត្តវ៉ាងវៀង ប្រទេសឡាវ និងខេត្តដាឡាត ប្រទេសវៀតណាម ជាទីក្រុងសាកល្បង ក្នុងការលើកកម្ពស់ការគ្រប់គ្រងសម្រាម សំណល់រឹង នៃទីក្រុងទេសចរណ៍ ក្នុងបណ្ដាប្រទេសអាស៊ានប្រកបដោយនិរន្តរភាព ។

ដោយឡែក បើតាមប្រភពព័ត៌មានពីសាលាខេត្តសៀមរាប បានឱ្យដឹងថាៈ កិច្ចពិភាក្សាស្ដីពីការ លើកកម្ពស់ការគ្រប់គ្រងសម្រាម សំណល់រឹង ទីក្រុងទេសចរណ៍ ក្នុងបណ្តាប្រទេសអាស៊ាននេះ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានរបស់លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាល ខេត្តសៀមរាប និងលោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ( giz ) ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន និងមន្ទីរពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត សៀមរាប បានសាទរចំពោះគម្រោងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ដែលបានជ្រើសរើសយកខេត្តសៀមរាប ជាក្រុងអនុវត្តសាកល្បង លើការគ្រប់គ្រងកាកសំណល់រឹង ព្រមទាំងគាំទ្រការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព នៅក្នុងទីក្រុងទេសចរណ៍ខ្នាតមធ្យម កត្តាសំខាន់នោះលើកិច្ចសហប្រតិបត្តិការ រវាងក្រសួង ស្ថាប័នជាដៃគូសហការជាមួយសមាគមទេសចរណ៍ និង តួអង្គជាតិពាក់ព័ន្ធផ្សេងទៀត ដែលសកម្មក្នុងវិស័យគ្រប់គ្រងសំណល់ និងទេសចរណ៍ ។

លោក Frank Jattke បានបញ្ជាក់ក្នុងកិច្ចពិភាក្សានេះថាៈ គម្រោងនេះ មានគោលបំណងចូលរួមចំណែក ក្នុងការធ្វើឲ្យប្រសើរឡើង នូវគុណភាពបរិស្ថានក្នុងក្រុងទេសចរណ៍ខ្នាតមធ្យម នៅក្នុងតំបន់អាស៊ាន។ តាមរយៈការពង្រឹងសមត្ថភាពនៃការទុកដាក់សំណល់ចុងក្រោយ និងការកែច្នៃឡើងវិញ ប្រកបដោយប្រសិទ្ធភាព ។ ម៉្យាងទៀត គម្រោងនេះ ត្រូវបានផ្តល់មូលនិធិដោយក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ដែលអនុវត្តដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ ( giz ) ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយលេខាធិការដ្ឋានអាស៊ាន ។

លោកបានបន្តថាៈ គម្រោងនេះ ក៏បានរួមចំណែកដល់ការសម្រេចបាននូវគោលដៅរបស់អាស៊ាន ដូចបានចែងក្នុងផែនការមេ របស់សហគមន៍សង្គមវប្បធម៌អាស៊ាន ឆ្នាំ២០២៥ ។ កាបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងសំណល់រឹង និងការកែច្នៃឡើងវិញ ប្រកបដោយនិរន្តរភាព និងគិតគូរពីតួនាទីរបស់យេនឌ័រ នៅក្នុងទីក្រុងទេសចរណ៍គោលដៅ។

ក្នុងឱកាសនោះដែរ ក៏មានធ្វើបទបង្ហាញរបស់គម្រោង និងចំណាប់អារម្មណ៍របស់តំណាងក្រសួងពាក់ព័ន្ធ ចំពោះការគ្រប់គ្រងសំណល់រឹង ដើមី្បសំដៅឆ្លើយតបទៅនឹងភូមិ ឃុំមានសុវត្ថិភាព ដែលជាសូចនាករមួយដ៏សំខាន់ ក្នុងការប្រឡងប្រណាំង នៅថ្នាក់ក្រោមជាតិ ៕ V / N