​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការ​ណា​តូ​បាន​ព្រមាន​សមាជិក​របស់​ខ្លួន​ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រហែលជា​បាន​បញ្ជូន​ចេញ​នាវាមុជទឹក​នុយក្លេអ៊ែរ​ដ៏​ធំ​សម្បើម​មួយ​ដែល​ដឹក​អាវុធ​​ប្រល័យ​លោក​ចុងក្រោយបង្អស់​របស់​ខ្លួន​។​

​សារ​ព្រមាន​របស់​ណា​តូ​ដែល​បែកធ្លាយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីតាលី​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​បានលើកឡើង​ថា នាវាមុជទឹក​ឈ្មោះ Belgorod​បាន​បាត់​ខ្លួន​ពី​មូលដ្ឋាន​របស់​វា​នៅ​តំបន់​រង្វង់​​មូល​អា​ក់ទិក (Arctic Circle) ហើយ​ប្រហែលជា​កំពុងធ្វើដំណើរ​ទៅកាន់​សមុទ្រ​កា​រ៉ា (Kara)​ដើម្បី​សាកល្បង​អាវុធ​នុយក្លេអ៊ែរ Poseidon​។​

Poseidon​គឺជា​ដ្រូ​ន ដែល​គេ​និយាយថា​មាន​សមត្ថភាព​ធ្វើដំណើរ​បាន​ចម្ងាយ​ឆ្ងាយ​នៅក្រោម​ទឹក មុន​ពេល​បំផ្ទុះ​ជាមួយនឹង​កម្លាំង​គ្រប់គ្រាន់​ល្មម​ដើម្បី​បង្ក​ឱ្យ​មាន​រលក​យក្ស​ស៊ូ​ណា​មី​នុយក្លេអ៊ែរ​កម្ពស់ ៤៩០ ម៉ែត្រ ដែល​រចនា​ឡើង​ដើម្បី​ពន្លិច​ទីក្រុង​មាត់​ឆ្នេរ​។​

​ប្រសិនបើ​ការធ្វើ​សាកល្បង​នេះ​ដំណើរការ​ទៅមុខ​វា​នឹង​ក្លាយ​ជា​ការប៉ុនប៉ង​ចុងក្រោយបង្អស់​របស់​ពូ​ទីន​ក្នុង​ការបំភិតបំភ័យ​ប្រទេស​លោកខាងលិច​ជុំវិញ​សង្គ្រាម​បរាជ័យ​របស់គាត់​នៅក្នុង​ប្រទេស​​អ៊ុ​យក្រែន បន្ទាប់ពី​គាត់​ត្រូវ​គេ​សង្ស័យថា​បាន​បញ្ជា​ឱ្យមាន​ការវាយប្រហា​រលាក់​កំ​បាំងលើ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream កាលពី​សប្តាហ៍​មុន​។​

​នាវា Belgorod ត្រូវបាន​ដាក់​ឱ្យ​ធ្វើ​ជា​បេក្ខភាព​សម្រាប់​បេសកកម្ម​បំផ្លិចបំផ្លាញ ព្រោះ​វា​ក៏​ដឹក​នាវាមុជទឹក​ខ្នាត​តូច ដែល​រចនា​ឡើង​ដើម្បី​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ពន្ធ​ក្រោម​បាតសមុទ្រ​ផងដែរ​។​

​ទោះយ៉ាងណា ការសង្ស័យ​ត្រូវបាន​ធ្វើ​ឡើង​លើ​ការជាប់​ពាក់ព័ន្ធ​របស់​នាវា​នេះ ពីព្រោះ​នៅ​ប្រវែង​ជាង ១៨០ ម៉ែត្រ នាវាមុជទឹក​នេះ​គឺជា​នាវាមុជទឹក​ធំ​បំផុត​មួយ​របស់​ពិភពលោក​ហើយ​ការចូលទៅ​​ដល់​បាតសមុទ្រ​បាល់ទិ​កដោយ​គ្មាន​អ្នក​រក​ឃើញ ច្បាស់​ជា​នឹង​បង្ក​ការលំបាក​កាន់តែខ្លាំង​។​

​គេ​ក៏​មិន​ច្បាស់​ដែរ​ថា​តើ​នាវា Belgorod មាន​ពេលវេលា​ដើម្បី​ចេញ​ពី​មូលដ្ឋាន​របស់​វា​នៅ​សមុទ្រ​ស​ទៅកាន់​សមុទ្រ​បាល់​ទិក ដែល​មាន​ចម្ងាយ​ជិត ៥.០០០ គីឡូម៉ែត្រ ឬ​យ៉ាងណា​ពីព្រោះ​គេ​មិន​អាច​កត់​​សម្គាល់​ដឹង​វត្តមាន​របស់​វា​នោះ​ទេ​។​

​ចាប់តាំងពី​ពេលនោះ​មក អង្គការ​ណា​តូ​បាន​បញ្ជូន​ការព្រមាន​ដល់​សម្ពន្ធមិត្ត​ថា នាវាមុជទឹក​នេះ​បាន​បាត់​ខ្លួន​ហើយ ប៉ុន្តែ​និយាយថា គេ​នៅតែ​គិតថា​វា​នៅតែ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​អា​ក់ទិក​។​

​គេ​មិន​ច្បាស់​ទេ​ថា​ពេល​ណា​ដែល​ការព្រមាន​នេះ​ត្រូវបាន​បញ្ជូន ប៉ុន្តែ​វា​ត្រូវបាន​រាយការណ៍​ជា​លើកដំបូង​ដោយ​កាសែត​អ៊ីតាលី La Repubblica កាលពី​ថ្ងៃអាទិត្យ​។​

​នាវា​មុជទឹក Belgorod បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​តាំងពី​ខែ​កក្កដា​៕

​នាវា​មុជទឹក Belgorod បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​តាំងពី​ខែ​កក្កដា​