​ដោយៈ​សុ​ក្ខា​រិ​ន​/​ពោធិសាត់​៖​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម សហគមន៍ ដែល​បានធ្វើ​ប្រតិបត្តិការ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ប្រារព្ធ​ធ្វើ​នៅ​សាលាខេត្ត​កាលពី​ព្រឹក ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោក គិត សុ​ផា អភិបាលរង តំណាង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​។​

​លោក ឈាម តិច​ឡុង នាយក​ទីចាត់ការ​អន្តរ​វិស័យ​នៃ​រដ្ឋបាលខេត្ត​បាន​រាយការណ៍​ថា​នៅ​ដើមឆ្នាំ ២០២២​នេះ រដ្ឋបាលខេត្ត​បានធ្វើ​បច្ចុប្បន្នភាព សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សហគមន៍ ផ្សេងៗ​ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ខេត្តពោធិ៍សាត់​មាន សមាគម​មាន​ចំនួន​១៤, អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​ចំនួន​៣៧, សហគមន៍​មាន​ចំនួន​១០១ បើ​ធៀប​នឹង​ឆ្នាំ​២០២១​មានការ​ថយចុះ​ចំនួន​៦, សមាគម​ជនជាតិដើម​ភាគតិច​មាន​ចំនួន​១០ បើ​ធៀប​នឹង​ឆ្នាំ​២០២១​មានការ​កើនឡើង​ចំនួន​៩, គណបក្សនយោបាយ​មាន​ចំនួន​៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធនាគារ​មាន​ចំនួន​២៩​មាន​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ធ្វើ​សកម្មភាព​ខុសពី​លក្ខន្តិកៈ និង​ខ្លះទៀត​ពុំមាន​ទីស្នាក់ការ​ពិតប្រាកដ​នោះទេ​។​

​លោក ឌី គី​រី​ម៉ា នាយករង​ទីចាត់ការ​អន្តរ​វិស័យ និង​លោកស្រី ឡូ​វ ចំណាន​ប្រធាន​អង្គការ​អភិវឌ្ឍន៍ នារី​ខ្មែរ​បានធ្វើ​កិច្ចពិភាក្សា​ស្ដីពី​ភាពជា​ដៃគូ​ជាមួយ​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ថ្នាក់​រាជធានី​ខេត្ត​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​។​

​ក្នុងឱកាស​នេះ​លោក គិត សុ​ផា បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​សង្គម​ស៊ីវិល សមាគម និង​សហគមន៍​ទាំងអស់ ដែល​បានមក​រួមចំណែក​ជួយ​អភិវឌ្ឍន៍​នៅក្នុង​ខេត្តពោធិ៍សាត់​នេះ ទាំង​ខាង​វិស័យ​សុខាភិបាល វិស័យ​អប់រំ និង​វិស័យ​ផ្សេងៗ​ទៀត ក្នុង​គោលដៅ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​សេដ្ឋកិច្ច តាមរយៈ​ការជំរុញ​សុខដុម​នីយកម្ម រវាង​អង្គការ​សង្គម​ស៊ីវិល​និង​អាជ្ញាធរ​, ការចែករំលែក​បទពិសោធ​ន៍​លើកកម្ពស់​សមត្ថភាព​អង្គការ​សង្គម​ស៊ីវិល និង​ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​៕​សរន​