​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៥​តុលា​ថា​យោធា​កូរ៉េខាងត្បូង​និង​អាម៉េរិក​បាន​បាញ់​កាំជ្រួច​ស្រោច​ចូលក្នុង​សមុទ្រ​ជា​ការឆ្លើយតប​នឹង​ការបាញ់​​កាំជ្រួច​ផ្លោង​​រំលង​ជប៉ុន​មួយ​គ្រាប់​ដោយ​កូរ៉េ​ខាងជើង​កាលពី​មួយ​ថ្ងៃ​អង្គារ ។

​កូរ៉េខាងជើង​ដែល​មាន​សព្វាវុធ​នុយក្លេអ៊ែ​រ​បាន​សាកល្បង​កាំជ្រួច​ផ្លោង​ចម្ងាយ​មធ្យម​មួយ​កាលពី​ថ្ងៃ​អង្គារ ដោយ​វា​បាន​ហោះ​ពីលើ​ជប៉ុន​ជា​លើកដំបូង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ និង​បណ្តាលអោយ​អ្នក​​ស្រុក​ជប៉ុន​ស្វែងរក​កន្លែង​ការពារ​ខ្លួន​។​

​ទាហាន​កូរ៉េខាងត្បូង​និង​អាម៉េរិក​បានធ្វើ​សមយុទ្ធ​បាញ់​កាំជ្រួច​របស់​គេ​ផ្ទាល់​ជា​ការឆ្លើយតប​នឹង​អំពើ​របស់​កូរ៉េខាងជើង នេះ​បើ​តាម​នាយសេនាធិកា​រក​ង​ទ័ព​ចំរុះ​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​​ពុធ​។​វា​បាន​និយាយថា ភាគី​នីមួយៗ​បាន​បាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​ATACMS ផលិត​នៅ​អាម៉េរិក​ចំនួន​ពីរ​គ្រាប់​។​

​យោធា​កូរ៉េខាងត្បូង​ក៏​បាន​រាយការណ៍​ថា ការបាញ់​កាំជ្រួច​ហ្យុន​មូ​-2(Hyunmoo-2)​ផលិត​នៅ​កូរ៉េខាងត្បូង​បាន​បរាជ័យ​និង​បាន​ធ្លាក់​តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

​សូមបញ្ជាក់​ថា ប្រធានាធិបតី​អាម៉េរិក និង​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ថ្កោលទោស​ការបាញ់​សាកល្បង​កាំជ្រួច​របស់​កូរ៉េខាងជើង​ក្នុងការ​ប្រើ​សម្តី​ខ្លាំងៗ ហើយ​សហភាព​អឺរ៉ុប​បាន​ហៅ​វា​ថា​ជា​«​អំពើ​បង្ករឿង​​ដោយ​ចេតនា​និង​ធ្វេសប្រហែស​»​មួយ​។​អគ្គលេខា​អង្គការសហប្រជាជាតិ​ក៏​បាន​ថ្កោលទោស​ការបាញ់​បង្ហោះ​កាំជ្រួច​ផ្លោង​ពី​សំណាក់​កូរ៉េ​ខាងជើង​និង​ថា​វា​រំលោភ​សេចក្តីសំរេចចិត្ត​របស់​ក្រុមប្រឹក្សា​អង្គការ​​សហប្រជាជាតិ​។​

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើសុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កោះប្រជុំ​នៅ​ថ្ងៃ​ពុធ​ស្តីពី​កូរ៉េខាងជើង តែ​ពួក​អ្នកការទូត​បាន​និយាយថា ចិន​និង​រុស្ស៊ី​ប្រឆាំង​ការពិភាក្សា​ជា​សាធារណៈ​ណាមួយ​ដោយ​​ក្រុមប្រឹក្សា​ដែល​មាន​សមាជិក​១៥​ប្រទេស​នេះ​៕

​ទាហាន​កូរ៉េខាងត្បូង​និង​អាម៉េរិក​បានធ្វើ​សមយុទ្ធ​បាញ់​កាំជ្រួច​របស់​គេ​ផ្ទាល់​ជា​ការឆ្លើយតប​នឹង​អំពើ​របស់​កូរ៉េខាងជើង