​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​ថៃ​កំពុង​តស៊ូ​នឹង​ជំនន់​ដ៏​អាក្រក់​បំផុត​ធៀប​នឹង​ទឹក​ជំនន់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​នៅ​ពេល​ដី​កសិកម្ម​ធំៗ​ត្រូវ​ជន់​លិច​ក្នុង​ជំនន់​បង្កឡើង​ដោយ​ព្យុះ​និង​​ទឹកទន្លេ​ឡើង​ហូរហៀរ​ច្រាំង​ដែល​គំរាម​ធ្វើអោយ​ទំនិញ​ឡើងថ្លៃ​និង​រារាំង​ការ​រើប​រើ​ឡើងវិញនៃ​វិស័យ​ទេសចរណ៍​។​

​ទីតាំង​ទេសចរណ៍​ពេញនិយម​ដូចជា​ក្រុង​បាងកក​និង​ខេត្ត​ឈៀង​ម៉ៃ​នៅ​ភាគ​ឦសាន​ប្រទេស​ត្រូវ​បាន​រាយការណ៍​អំពី​ការ​ជន់​លិច​ដងផ្លូវ​នៅ​សប្តាហ៍​នេះ​ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បង្កឡើង​ដោយ​ព្យុះ​ណូរុ​​ដែល​ធ្វើអោយ​ទឹកទន្លេ​ចាវ ប្រា​យ៉ា​និង​ទន្លេ​ភីង​ឡើង​។​

​វិថី​មួយ​ក្នុង​ក្រុង​បាងកក​លិច​ក្នុង​ជំនន់​ទឹកភ្លៀង​កាលពី​ថ្ងៃ​៤​តុលា​

​យោង​តាម​ទិន្នន័យ​ផ្លូវការ ដី​កសិកម្ម​ប្រមាណ​១,២​លាន​រ៉ៃ ឬ​១៦០.០០០​ហិច​តា​ត្រូវ​ជន់​លិច​ក្នុង​ទឹកជំនន់ និង​ផ្ទះ​ប្រមាណ​៨២.០០០​ខូចខាត​នៅ​ទូទាំង​៥១០​ស្រុក​នៅ​៧២​ខេត្ត​ក្នុងប្រទេស​ថៃ​។​

​ដោយ​ព្យុះ​មួយចំនួន​ទៀត​ត្រូវបាន​ព្យាករណ៍​ថា​នឹង​ចូលមក​ដល់​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ពួក​មន្ត្រី​ថៃ​កំពុង​ចាត់វិធានការ​កាត់បន្ថយ​ផល​ប៉ះពាល់​ខូចខាត​ដំណាំ​និង​ផ្ទះ​។​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ​​ចាន់​អូ​ចា កាលពី​ថ្ងៃ​អង្គារ​បាន​ចុះ​ទៅ​បណ្តា​ខេត្ត​ភាគ​ឦសាន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ខ្លាំង​ដើម្បី​ត្រួតពិនិត្យ​និង​ដឹកនាំ​ការងារ​ជួយសង្គ្រោះ​។​

​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា (​ឆ្វេង​)​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​តំបន់​មួយ​ក្នុង​ខេត្ត​ខុន​ឃែន​កាលពី​ថ្ងៃ​៤​តុលា ២០២២

​លោកនាយក​រដ្ឋមន្ត្រី បាន​ប្តេជ្ញា​ការពារ​សេដ្ឋកិច្ច​និង​គ្រួសារ​មាន​ចំណូល​ទាប​ដែល​រងគ្រោះ​ដោយ​ជំនន់​។​

​ខូចខាត​ខ្លាំង​បំផុត​គឺ​ស្រូវ និង​វា​កើតឡើង​ចំពេល​មានការ​ព្យាករណ៍​អំពី​ការប្រមូល​ផល​តិច​ទៅ​សំរាប់​ប្រទេស​ផលិត​ស្រូវ​ធំៗ​ក្នុង​លោក ដូចជា​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ដែល​ក៏​រងគ្រោះ​ដោយ​ទឹកជំនន់​ដ៏​អាក្រក់​​បំផុត​នៅ​ឆ្នាំនេះ​។​

​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​កសិករ​វាយ​តំលៃ​ថា «​ការប្រមូល​ផល​ស្រូវ​ថៃ​អាច​ធ្លាក់ចុះ​៩​ភាគរយ​ដោយសារ​ទឹកជំនន់ ដែល​បំផ្លាញ​ដំណាំ​ស្រូវ​នៅ​ពេល​ជិត​ប្រមូល​ផល​។​បើតាមមជ្ឈមណ្ឌលនេះ ផល​ប៉ះពាល់​ពី​ទឹកជំនន់​​បច្ចុប្បន្ន​នឹង​វាយប្រហារ​គ្រួសារ​ដែល​មាន​កំលាំង​ទិញ​ទាប​ស្រាប់ បង្កើន​ចំណាយ​លើ​ការរស់នៅ​និង​បំណុល​គ្រួសារ​»៕