ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកវិទ្យាសាស្ត្រ​បី​នាក់​បាន​រួម​គ្នា​ឈ្នះ​ពានរង្វាន់​ណូបែល​រូបវិទ្យា​នៅ​ឆ្នាំ​នេះ​កាលពី​ថ្ងៃ​អង្គារ​ទី​៤​តុលា​សម្រាប់​ការបង្ហាញ​ថា​ភាគល្អិត​តូចៗ​អាច​រក្សា​ទំនាក់ទំនង​គ្នា​​ទៅវិញទៅមក​បាន បើ​ទោះបីជា​នៅ​ពេល​បំបែកចេញ​ពី​គ្នា​ក៏​ដោយ ជា​បាតុភូត​មួយ​ដែល​ធ្លាប់​មាន​ការសង្ស័យ ប៉ុន្តែ​ឥឡូវនេះ​ត្រូវបាន​រុករក​សម្រាប់​លទ្ធភាព​អនុវត្ត​ពិតៗ​ជាក់ស្តែង​ដូចជា​ព័ត៌មាន​​អ៊ី​ន​គ្រីប (Encrypt) ឬ​ព័ត៌មាន​ដែល​បាន​ចាក់​កូដ​សម្ងាត់​។​

​ជនជាតិ​បារាំង លោក អា​ឡាំង អាស្ពិ​ច (Alain Aspect) ជនជាតិ​អាម៉េរិក លោក ច​ន អេ​ហ្វ ក្លោស​ស័រ (John F. Clauser) និង​ជនជាតិ​អូទ្រីស លោក អ៊ែន​ថុន ហ្សី​លីង​ហ្គឺ (Anton Zeilinger) ត្រូវបាន​ប្រកាស​ផ្តល់​រង្វាន់​ដោយ​រាជបណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ស៊ុយអែត សម្រាប់​ពិសោធន៍​ដែល​បង្ហាញ​ថា ដែន​នៃ​សំណុំ​ភាគល្អិត​កង់​ទិច (Quantum) “​ដ៏​វីវក់​ទាំងស្រុង​” គឺ​ពិត​​ជា​មាន​ពិតៗ​។ ពួកគេ​បាន​បង្ហាញថា ភាគ​ល្អិត ដែល​មើលមិនឃើញ ដូចជា ហ្វូ​តុង (Photon) អាច​ត្រូវបាន​ត​ភ្ជាប់ ឬ “​ជាប់​គ្នា​រដឹក​” ទៅវិញទៅមក​ទោះបីជា​ពួក​វា​ត្រូវ​បាន​បំបែកចេញ​ក្នុង​គម្លាត​ដ៏​​ឆ្ងាយ​ក៏ដោយ​។​

​អ្វីៗ​ទាំងអស់​បាន​ត្រឡប់​ទៅ​រក​លក្ខណៈ​នៃ​ចក្រ​វាល ដែល​បាន​ធ្វើឱ្យ​សូម្បីតែ​លោក អាល់​បឺត អា​ញ​ស្តា​ញ (Albert Einstein)​ក៏​ងឿងឆ្ងល់​ដែរ​ហើយ​ត​ភ្ជាប់​រូបធាតុ​និង​ពន្លឺ​តាម​របៀប​ដែល​ច្របូក​​ច្របល់​និង​ជាប់​គ្នា​រដឹក​។​

​ព័ត៌មាន​ឬ​រូបធាតុ​ដែល​ធ្លាប់​នៅជាប់​គ្នា ទោះបី​ពេលនេះ​ពួក​វា​ត្រូវ​បាន​បំបែកចេញ​ពីគ្នា គឺ​មាន​ការតភ្ជាប់​គ្នា​ឬ​ទំនាក់ទំនង ដែល​នេះ​ជា​រឿង​មួយ​អាច​ជួយ​ចាក់​លេខ​កូដ​សម្ងាត់​លើ​ព័ត៌មាន​ឬ​សូម្បី​​ទូរ​លេខ​។ ផ្កាយរណប​របស់​ចិន​ឥឡូវ​បានបង្ហាញ​ថា កុំព្យូទ័រ Quantum​ល្បឿន​លឿន​ដូច​ផ្លេកបន្ទោរ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​តូចតាច​និង​មិនទាន់​មាន​ប្រយោជន៍​នោះ​ក៏​ពឹងផ្អែក​លើ​ការ​ត​​ភ្ជាប់​ទំនាក់ទំនង​រដឹក​នេះដែរ​។ អ្នក​ផ្សេង​ទៀត​ថែមទាំង​សង្ឃឹមថា​នឹង​ប្រើ​វា​នៅ​ក្នុង​សមាសធាតុ​កំពូល​បន្ទះ​ឈីប​ទៀតផង​៕

ជនជាតិ​បារាំង លោក អា​ឡាំង អាស្ពិ​ច (​រាប់​ពីឆ្វេង​ទៅ​ស្តាំ​) ជនជាតិ​អាម៉េរិក លោក ច​ន អេ​ហ្វ ក្លោស​ស័រ និង​ជនជាតិ​អូទ្រីស លោក អ៊ែន​ថុន ហ្សី​លីង​ហ្គឺ ឈ្នះ​ពាន​ណូបែល​រូបវិទ្យា