​ដោយ​៖ ដេប៉ូ / សៀមរាប​៖ កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ដ្រី​បរិស្ថាន អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ ពាក់ព័ន្ធ​មួយចំនួនទៀត បាន​បើក​ជា​ផ្លូវការ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២២ នេះ នៅលើ​ទឹកដី​អង្គរ នៃ​ខេត្ដ​សៀមរាប ដោយមាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ និង​ឧ​ត្ត​ម​មន្ត្រី បរិស្ថាន មកពី​ប្រទេស ដែលជា​សមាជិក​អាស៊ាន ទាំង​១០ ព្រមទាំង​ប្រទេស​ជប៉ុន ប្រទេស​កូរ៉េ ប្រទេស​ចិន សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​លេខាធិការដ្ឋាន​អាស៊ាន​។​

​ជាមួយគ្នានេះ ក៏មាន​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​បរិស្ថាន​អាស៊ាន បូក​៣ បូក​ចិន ជប៉ុន កូរ៉េខាងត្បូង ដើម្បី​ពិនិត្យមើល​ពី​វឌ្ឍនភាព នៃ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ ដែល​ប្រទេស​រដ្ឋ​សមាជិក អាស៊ាន បាន​ឯកភាពគ្នា នៅក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ រយៈពេល​៥​ឆ្នាំ និង​បន្ត​ពង្រឹងពង្រីក ភាពជា​ដៃគូ រវាង​អាស៊ាន បូក​៣ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត តាម​តម្រូវការ​ក្នុង​ក្របខ័ណ្ឌ នៅក្នុង​តំបន់​លើ​វិស័យ​បរិស្ថាន​។ ក្នុងនោះដែរ ក៏មាន​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​បរិស្ថាន អាស៊ាន​-​អាមេរិក និង​កិច្ចប្រជុំ​អាស៊ាន​-​អឺរ៉ុប ផងដែរ ដើម្បី​ពិភាក្សាគ្នា ស្តីពី​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុង​ក្របខ័ណ្ឌ​តំបន់​ជាមួយ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។​

​ដោ​ឡែក កាលពី​រសៀល ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២ ឧ​ត្ត​ម​មន្ត្រី​បរិស្ថាន មកពី​ប្រទេស មី​យ៉ាន់​ម៉ា លោក​បណ្ឌិត San Oo អគ្គនាយករង នៃ​ក្រសួង​អភិរក្ស​ធនធានធម្មជាតិ និង បរិស្ថាន នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​ផ្តោតទៅលើ របាយការណ៍ ចំនួន ៣ នៃ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​បរិស្ថាន​អាស៊ាន​នេះ​។​

​របាយការណ៍​ទាំង ៣ នោះ មានដូចជា ១) សេចក្តីព្រាង​របាយការណ៍ កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី បរិស្ថាន​អាស៊ាន លើក​ទី​៣១ ឆ្នាំ​២០២០ ២) សេចក្តីព្រាង​របាយការណ៍ កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី បរិស្ថាន​អាស៊ាន លើក​ទី​៣២ ឆ្នាំ​២០២១ និង ៣) សេចក្តីព្រាង​របាយការណ៍ កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​បរិស្ថាន លើក​ទី​៣៣ ឆ្នាំ​២០២២ ៕ V / N