​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ពេលនេះ គឺមាន​រយៈពេល​ជាង ២ សប្ដាហ៍​មកហើយ ដែល​ក្រុមកីឡា​លើក​ទម្ងន់​កម្ពុជា ចេញទៅ​ហាត់ រយៈពេល​វែង នៅ​ទីក្រុង​គួ​ន​មីង ប្រទេស​ចិន ។ ការហ្វឹកហាត់​នៅ​ប្រទេស​ចិន ជំហាន​ដំបូង ជួប​បញ្ហា​ប្រឈម​ខ្លះៗ ដូចជា​អាកាសធាតុ និង​ភាសា​ជាដើម ប៉ុន្តែ​អត្ត​ព​លិ​ក បាន​បន្សាំ​ខ្លួន​បានល្អ​បណ្តើរៗ​ហើយ ក្រោយ​បាន​ហ្វឹកហាត់​​រយៈពេល​ប្រមាណ ២ សប្តាហ៍​មក​នោះ​។​

​អ្នកស្រី ទ្រី ថា​វី គ្រូបង្វឹក​កីឡា​លើក​ទម្ងន់​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង ពី​ទីក្រុង​គួ​ន​មីង ប្រទេស​ចិន មក​ថាៈ ចំពោះ​សិទ្ធ​ផល នៅ​មិនទាន់​វាយតម្លៃ​បានទេ ពីព្រោះ​កា​ហ្វឹកហាត់​នៅ​ចិន​ទើប​តែមាន​រយៈពេល​ខ្លី​។ ទោះជា​យ៉ាងណា បើ​និយាយ​ពី​សម្ភារៈ សម្រាប់​ការហ្វឹកហាត់ គឺ​នៅ​ចិន​មាន​កម្រិតស្តង់ដា​។ ជាពិសេស​គឺ មាន​គ្រូ​ជំនាញ​ច្បាស់លាស់ មាន​ផែនការ​ហ្វឹកហាត់​ត្រឹម​​ត្រូវ តាម​បច្ចេកទេស​ថ្មី គឺ​វា​ស្របទៅតាម​និយាម​បច្ចេកទេស​អន្តរជាតិ ដែល​អាច​ខុសពី នៅ​កម្ពុជា​ខ្លះ​ដែរ​។​

​អ្នកស្រី គ្រូបង្វឹក បាន​បន្តថាៈ ប៉ុន្តែ​កីឡាករ កីឡាការិនី គឺ​ឆាប់​ចាប់បាន​នូវ​អ្វី ដែល​គ្រូ​ជំនាញ ចិន ផ្តល់​ឲ្យ ដោយសារ​ការហ្វឹកហាត់​ដំបូង​នេះ គឺ​ចាប់ផ្ដើម​ធ្វើតេស្ត​បច្ចេកទេស សមត្ថភាព និង​កាយសម្បទា ដើម្បី​ឲ្យ​គ្រូ​យល់​ពី​កម្រិត​សមត្ថភាព របស់​អត្ត​ព​លិ​ក​កម្ពុជា មុនពេល​ដាក់ ផែនការ​ហ្វឹកហាត់ ជាក់លាក់ ឲ្យ​ស្របតាម​កម្លាំង និង​សមត្ថភាព​របស់​ពួកគេ​។​

​អ្នកស្រី ទ្រី ថា​វី រំពឹងថាៈ ការហ្វឹកហាត់ រយៈពេល​វែង​នៅ​ប្រទេស​ចិន នឹង​អាចមាន​លទ្ធផល ល្អ នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ពីព្រោះ កីឡាករ កីឡាការិនី សុទ្ធ​តែមាន​ឆន្ទៈ​ខ្ពស់ ក្នុងការ​ហ្វឹកហាត់ ដែល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គ្រូបង្វឹក​ចិន បាន​បន្ថែម​គីឡូ និង​បង្ហាញ​របៀប​លើក​ថ្មីៗ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ ក្រោម​ម​ជំនួយឥតសំណង​របស់ រដ្ឋាភិបាល និង​ប្រជាជន​ចិន កម្ពុជា​បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ជម្រើសជាតិ ១៦១​នាក់ លើ ១២ ប្រភេទ​កីឡា ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន រយៈពេល ៦ ខែ រហូតដល់​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រោយ​បញ្ចប់​បេសកកម្ម សម្រាប់​ស៊ី​ហ្គេម បើសិនជា​គ្មាន ការប្រែប្រួល​នោះទេ អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា នឹង​ត្រឡប់​ទៅ​ហាត់​នៅ​ចិន បន្ដទៀត រហូត​ចប់​កិច្ចព្រមព្រៀង រយៈពេល ២ ឆ្នាំ​។ ក្នុងនោះ ក៏មាន​គ្រូបង្វឹក និង​អត្ត​ព​លិ​ក​កីឡា លើក​ទម្ងន់ សរុប ១០ នាក់​ទៀតផង​។​

​សម្រាប់​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បាន​ត្រៀម ១៤ វិញ្ញាសា ផ្នែក​បុរស ៧ វិញ្ញាសា និង​ផ្នែក​នារី ៧ វិញ្ញាសា ធ្វើការ​ប្រកួតប្រជែង​ជាមួយ​ក្តី​រំពឹង មេដាយមាស​មួយគ្រឿង តាម​ស​ន្ទ​ស្សន៍​របស់ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣៕ V / N