ដោយៈ ជា សីហៈ/ភ្នំពេញៈ មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ដែលរៀបចំឡើងនៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ត្រូវបានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងថែររក្សា ការពារ និងលើកស្ទួយសិល្បៈ ល្ខោនបាសាក់ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ដោយប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ដោយមានវត្តមានរបស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើន ដែលមកពីបណ្តារាជធានី-ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាពរបស់ខ្លួនលើវិធីសាស្រ្តនៃការដឹកនាំរឿង, សិល្ប៍វិធីនៃការតាក់តែងនិពន្ធ និងសមត្ថភាពនៃការសម្តែង។ មានល្ខោនបាសាក់ ១០ក្រុម បានដាក់ពាក្យប្រកួតប្រជែង និងមាន ៥ក្រុម ដែលត្រូវបានជ្រើសរើសឲ្យប្រកួតផ្តាច់ព្រ័ត្រ។

ក្នុងឱកាសនោះ លោកស្រី ម៉ិញ កុសនី បានសម្តែងនូវការអបអរសាទរដ៏ស្មោះចំពោះ សិល្បករ សិល្បការិនី ល្ខោនបាសាក់ ទាំងអស់ ដែលទទួលបានជ័យលាភីនៅក្នុងមហោស្រពល្ខោនបាសាក់ទូទាំង ប្រទេសឆ្នាំ២០២២ នាថ្ងៃនេះ។ លោកស្រី បានលើកទឹកចិត្តដល់សិល្បករ សិល្បការិនី ដែលមិនទទួលបានពានរង្វាន់ និងសុំបន្តការខិតខំប្រឹងប្រែងបន្តទៀតដើម្បីរួមចំណែកលើកស្ទួយ វិស័យសិល្បៈទស្សនីយភាពឱ្យកាន់តែរីកចំរើន ប្រកបដោយនិរន្តរភាព។

លោកស្រីរដ្ឋលេខាធិការក្រសួងវប្បធម៌ បានបន្តថា «ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា មហោស្រពល្ខោនបាសាក់មិនគ្រាន់តែជាវេទិកា ប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែគឺជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធ និងចំណេះដឹងផងដែរ។ ដូចនេះ គោលដៅសំខាន់នៃការរៀបចំ មហោស្រពល្ខោនបាសាក់ គឺដើម្បីផ្តល់ឱកាសក្នុងការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ លើផ្នែកតាក់តែងនិពន្ធរឿង ការដឹកនាំតម្លើងរឿង និងការសម្តែងជាដើម សំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យសិល្បៈទស្សនីយភាពមួយនេះ ដើម្បីឈានទៅដល់ការប្រកួតប្រជែងលើឆាក អន្តរជាតិ»។

រង្វាន់ជ័យលាភី សម្រាប់ ៥ក្រុមចុងក្រោយនេះ រួមមាន៖
* ជ័យលាភីលេខ១ ទទួលបានពានមាស១ អមដោយទឹកប្រាក់១០លានរៀលនិងថវិកាសប្បុរជនបន្ថែមចំនួន ៣លានរៀល បានទៅលើក្រុមឈ្មោះ ក្រុមរស្មីវប្បធម៌ខេត្តកែប មកពីខេត្តកែប
* ជ័យលាភីលេខ២ ទទួលបានពានប្រាក់១ អមដោយទឹកប្រាក់ ៧លានរៀល និងថវិកាសប្បុរជនបន្ថែមចំនួន២លានរៀល បានទៅលើក្រុមឈ្មោះ នាយប៉េងប៉ោះ មកពីខេត្តកំពង់ចាម
* ជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ១ អមដោយទឹកប្រាក់ចំនួន៤លានរៀល និងថវិកាសប្បុរជនចំនួន១លានរៀល បានទៅលើក្រុមឈ្មោះ អុល សំអាង វង់ទី១ មកពីរាជធានីភ្នំពេញ
* ចំណាត់ថ្នាក់កិត្តិយស ២ក្រុម ទទួលបានប្រកាសនីយបត្រ អមដោយទឹកប្រាក់ក្នុង១ក្រុមទឹកប្រាក់ចំនួន៣លានរៀល និងថវិកាសប្បុរជនចំនួន១លានរៀល៕ N