ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កម្ពុជា និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ចាប់​ដៃគូ​គ្នា ក្នុងការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍ និង​ជួយ​គ្នា​ក្នុង​ជំនាញ​កីឡា សម្រាប់​ការរៀបចំ​ការប្រកួត កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ របស់​កម្ពុជា និង​អ្នកស្ម័គ្រចិត្ត​របស់​អារ៉ាប៊ីសាអ៊ូឌីត នឹង​យកទៅជួយ​រៀបចំ ដល់​ការធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​ធំៗ​ជា​អន្តរជាតិ នៅ​ប្រទេស​របស់ខ្លួន​។​

រូបថត ( លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈ​ក​ម្មា ធិ​ការ​ជាតិ អូឡាំពិក​កម្ពុជា )

​នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ CAMSOC ក្រោយ​បញ្ចប់​ជំនួប​សម្តែង ការគួរសម រវាង​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈ​ក​ម្មា ធិ​ការ​ជាតិ អូឡាំពិក​កម្ពុជា (NOCC) ជាមួយ​ព្រះអង្គម្ចាស់ Abdulaziz Bin Turki AI Saud រដ្ឋមន្ដ្រីក្រសួង​កីឡា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក នៃ​ព្រះរាជាណាចក្រ អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២ នៅ​ក្នុងឱកាស​មហាសន្និបាត​ក្រុមប្រឹក្សា កីឡា​អូឡាំពិក​អាស៊ី លើក​ទី​៤១ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ ពីថ្ងៃ​ទី​១-៥ ខែតុលា ឆ្នាំ​២០២២​។​

​លោក​បាន​បញ្ជាក់ថាៈ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កំពុង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ ធំៗ​ជាច្រើន ដូចជា ការត្រៀម​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ Asian Games, Asian Winter Games, Asian Indoor Martial Art Games ជា​បន្តបន្ទាប់​។ ដូច្នេះ ប៉ុន្មាន​ឆ្នាំ​ទៅមុខ​នេះ ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​នេះ ក៏​កំពុង​មមាញឹក​ខ្លាំង ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ​។ ជាមួយគ្នានេះ លោក​បណ្ឌិត ថោង ខុន ក៏បាន​រៀបរាប់ អំពី​ទិដ្ឋភាព​ទូទៅ នៃ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ហើយ​លោក​បណ្ឌិត ក៏មាន​ប្រសាសន៍​ក្នុងការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា ទៅវិញទៅមក នៃ​វិស័យ​កីឡា​ផងដែរ ជាពិសេស​គឺ​ផ្លាស់ប្តូរ​គ្នា ក្នុង​កម្រិត​រដ្ឋបាល​កីឡា ក្នុង​កម្រិត​ប្រតិភូ​ជំនាញ​បច្ចេកទេស​កីឡា​។​

​លោក​បាន​បញ្ជាក់ទៀតថាៈ មានការ​ឯកភាពគ្នា​ដ៏​សំខាន់​មួយ គឺ​ក្នុងអំឡុងពេល​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នឹង​រៀបចំ​អ្នកស្ម័គ្រចិត្ត មួយចំនួន មកជួយ​ដល់​កម្ពុជា ក្នុងការ​បណ្តុះបណ្តាល​ប​ន្ថែ​ម ដល់​មន្ត្រី​កម្ពុជា ហើយក៏​ជា ការផ្លាស់ប្តូរ​បទពិសោធ​ន៍ ដើម្បី​ឲ្យ​អ្នកស្ម័គ្រចិត្ត អា​រ៉ា​ប៊ី​សៅ​អូឌីត យកទៅជួយ​ដល់​ការរៀបចំ ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ធំៗ ជា​អន្តរជាតិ នៅ​ប្រទេស​របស់ខ្លួន​ផងដែរ​។​

​ក្នុងជំនួប​នេះដែរ លោក​អគ្គលេខាធិការ បាន​គូសបញ្ជាក់​បន្ថែមថាៈ លោក​បណ្ឌិត ថោង ខុន ក៏បាន​អញ្ជើញ​ព្រះអង្គម្ចាស់ Abdulaziz BinTurki AISaud មក​ចូលរួម​ពិធី​បើក​ការប្រកួត​កី​​ឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ខែឧសភា ឆ្នាំ​២០២៣ នៅ​កម្ពុជា ហើយ​ព្រះអង្គម្ចាស់ ក៏បាន​អញ្ជើញលោក​បណ្ឌិត ថោង ខុន ទៅធ្វើ​ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​ពិភាក្សាគ្នា និង​អាច​ឈានដល់ ការចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា (MOU) ក្នុងការ​ផ្លាស់ប្តូរ បទពិសោធន៍ និង​ជួយ​គ្នា​ទៅវិញទៅមក លើ​ជំនាញ​បច្ចេកទេស​កីឡា​។​

​លោក វ៉ា​ត់ ចំរើន បាន​អះអាងថាៈ ប្រសិនបើ​ពេលវេលា​អំណោយផល​ល្អ អ្វីៗ​នឹង​ចាប់​ផ្តើមធ្វើ ក្នុងពេល​ឆាប់ៗ ខាងមុខនេះ មុនពេល​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ ក្រោយ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា ព្រះអង្គម្ចាស់ ក៏​ស្នើសុំ​ការគាំទ្រ​ពី​កម្ពុជា តាមរយៈ​ការចូលរួម ប្រកួត​កម្រិត​អាស៊ី (Asian Indoor Martial Art Games) នា​ឆ្នាំ​២០២៥ ផងដែរ​។​

​ក្នុង​ការទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី លើក​ទី​៤១ (41st OCA GENERAL ASSEMBLY) នៅ​រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​១-៥ ខែតុលា ឆ្នាំ​២០២២​នេះ ត្រូវបាន​លោក វ៉ា​ត់ ចំរើន សង្កត់ធ្ងន់​ទៀតថាៈ កម្ពុជា​ទទួលបាន​ទំនាក់ទំនង​ទ្វេភាគី រវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ម្ពុ​ជា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក នៃ​បណ្តា​ប្រទេស នានា នៃ​ទ្វីបអាស៊ី ជាពិសេស​លោក​បណ្ឌិត ថោង ខុន បាន​ជួបពិភាក្សា​ជាមួយ ប្រធាន​អូឡាំពិក​អ៊ីរ៉ង់ លើ​វិស័យ​កីឡា និង​ចលនា​អូឡាំពិក រួមទាំង​អូឡាំពិក​អារ៉ាប៊ីសាអ៊ូឌីត នាពេល​នេះដែរ​។ នេះ​ជា​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​បន្ថែមទៀត សម្រាប់​កម្ពុជា និង​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា លើ​វិស័យ​កីឡា ដែល​កន្លងមក មិន​ធ្លាប់ធ្វើ​ជាមួយគ្នា​នោះទេ​។ ពេលនេះ គឺជា​ឱកាស​ដ៏​ល្អ ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ មហាសន្និបាត​ក្រុមប្រឹក្សា អូឡាំពិក​អាស៊ី ដែល​បណ្តា​ប្រទេស​ទាំងអស់ បាន​មើលឃើញ​ពី​សក្តានុពល​របស់​កម្ពុ​ជា ដោយ​រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​វិស័យ​កីឡា​ជាតិ របស់​យើង​៕ V/ N