ដោយៈមុនីរ័ត្ន/ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសម្ដែងការសោកស្តាយចំពោះការបាញ់​​សាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើងឆ្លងកាត់ប្រទេសជប៉ុន។សម្ដេចតេជោក៏មិនយល់ស្របផងដែរចំពោះការភ្ជាប់ដែនដីបួនរបស់អ៊ុយក្រែនមកក្នុងទឹកដីរុស្ស៊ី។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស​ នាយករដ្ឋមន្រ្តី គុយបាដែលកំពុងទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអង្គារទី៤ខែតុលាឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគីជាមួយលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអង្គារទី៤ ខែតុលា សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជម្រាបសមភាគីថា សម្តេចថ្កោលទោស ការបាញ់ម៉ីស៊ីល ឆ្លងកាត់ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រសាសន៍ថា ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់និងជាការបំពានមួយទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្នុងជំនួបនេះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ចេញទស្សនៈចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរ។កម្ពុជា យល់អំពីហេតុផលប្រវត្តិសាស្រ្តយល់អំពីការព្រួយបារម្ភផ្នែកសន្តិសុខ និងភាពស្មុគស្មាញនៃបញ្ហាប៉ុន្តែ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមិនយល់ស្របចំពោះការចូលលុកលុយប្រទេស អ៊ុយក្រែននិងការភ្ជាប់ជាតំបន់ចំណុះពីប្រទេសអធិបតេយ្យមួយនោះទេ។កម្ពុជាក្នុងនាមជាប្រទេសតូចប្រកាន់នូវការគោរពអធិបតេយ្យ បូរណភាពដែនដី និងឯករាជ្យភាពនយោបាយនៃរដ្ឋសមាជិកនិងធម្មនុញ្ញអ.ស.ប។

ជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស​ នាយករដ្ឋមន្រ្តី គុយបាដែលកំពុងទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអង្គារទី៤ខែតុលាឆ្នាំ២០២២(រូបថត​ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន)

ប្រភពដដែលបន្តថានាយករដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរមតិពាក់ព័ន្ធនឹងបញ្ហាតំបន់និងអន្តរជាតិនិងបាន​ប្តេជ្ញាពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា គុយបា ចំណងមិត្តភាពនិងសហប្រតិបត្តិការលើវិស័យជាច្រើន មានដូចជា វិស័យអប់រំ សុខាភិបាល វប្បធម៌ កសិកម្ម ពាណិជ្ជកម្ម និងទំនាក់ទំនងលើឆាកអន្តរជាតិ។

គួររំលឹកថាកាលពីថ្ងៃទី៤ខែតុលាក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង ដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដែលជាការរំលោភមួយទៀតលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងដែល អាចបង្កឱ្យមានភាពតានតឹង និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ជាមួយគ្នានេះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអំពាវនាវដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េអនុវត្តឱ្យបានពេញលេញនូវរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់និងបង្កើត បរិយា​កាសអំណោយផលដល់ការបន្តកិច្ចចរចា៦ភាគីឡើងវិញដែលអាចនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ ដែលពេញលេញ អាចផ្ទៀងផ្ទាត់បាន មិនអាចវិលត្រឡប់ថយក្រោយ និងដោយសន្តិវិធី៕សរន