​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រោយ​បើកឆាក​ចាញ់​និង​ស្មើ​ក្នុង​ការប្រកួត Uefa Champions League ក្រុម​តោ​ខៀវ Chelsea ត្រូវ​ទទួល​ភារកិច្ច​លំបាក​បំផុត គឺ​ត្រូវ​ផ្តួល AC Milan ឱ្យខាងតែបាន​។ ប្រសិនបើ​ស្មើ​ឬ​ចាញ់​ម្តងទៀត នោះ​តោ​ខៀវ​អាច​នឹង​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្ទាប់​។ ដោយឡែក ក្រុម​មេឃ​ខៀវ Man City ដែល​កំពុង​ល្អ​ដូច​ផ្កា រំពឹង​ផ្តួល​ជើងឯក​ដា​ណឺ​ម៉ាក Copenhagen យ៉ាង​ងាយស្រួល​បំផុត​។

​ការព្យាករណ៍ ៖

– Chelsea vs AC Milan

​លោក Graham Potter បាន​កត់ត្រា​ជ័យជម្នះ​លើកដំបូង​របស់​គាត់​ក្នុងនាម​ជា​អ្នក​ចាត់ការ​ទូទៅ​របស់ Chelsea នៅ​ទឹកដី Crystal Palace កាលពី​ចុង​សប្តាហ៍ ហើយ​នឹង​មាន​បំណង​ចង់​យក​សន្ទុះ​នេះ​ទៅកាន់​រាត្រី Champions League នៅពេលដែល Milan មក​ដល់​ទីក្រុង​ឡុង​ដ៍​។​

​មកទល់​ពេល​នេះ​ក្រុម​តោ​ខៀវ​កំពុង​យ៉ាប់​នៅ​គ្រប់​ការប្រកួត​ទាំងអស់ ហើយ​ការ​ឈ្នះ​នៅ​កីឡដ្ឋាន Selhurst Park គឺជា​ជ័យជម្នះ​លើក​ទី​បួន​របស់​ពួកគេ​ក្នុង​រដូវ​កាល​នេះ​។ មហិច្ឆតា​ដណ្តើមពាន Premier League របស់​ពួកគេ​គឺ​ប្រហែល​ចប់​រួចទៅហើយ ដោយហេតុ​ថា Man City កំពុង​លេង​សាហាវ​ដូច​បិសាច និង ក្រុម​ប្រជែង​នៅ​ទីក្រុង​ឡុង​ដ៍ ដូចជា Arsenal និង Tottenham កំពុង​លេង​ល្អ​ដូច​ផ្កា​។​

Chelsea បាន​បង្ហាញ​ពី​ភាពប្រសើរ​ឡើង​ខ្លះៗ​ក្រោម​ការដឹកនាំ​របស់​លោក Graham Potter ប៉ុន្តែ​ពួកគេ​មាន​ភារកិច្ច​ធំ​ប៉ុន​ភ្នំ​នៅ​កីឡដ្ឋាន Stamford Bridge នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​រក​បាន​ត្រឹមតែ ១ ពិន្ទុ​ពី​ការប្រកួត Champions League ពីរ​លើក​ដំបូង​។ ការប្រកួត​ទាំងពីរ ដែល​សុទ្ធតែ​អាច​យកឈ្នះ​បាន បែរ​ជា​បញ្ចប់​ដោយ​បរាជ័យ ១-០ ក្រោម​ស្នាដៃ​ក្រុម Zagreb អំឡុង​ការដឹកនាំ​របស់​លោក Tuchel មុន​ពេល​ពួកគេ​លេង​ស្មើ Salzburg ក្នុងផ្ទះ​។​

​ដោយឡែក AC Milan នឹង​ចូលមក​ការប្រកួត​នេះ​ទាំង​ស្មារតី​ល្អ បន្ទាប់ពី​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១ ក្រៅ​ដី​ក្នុង​ការប្រកួត Serie A ទល់នឹង Empoli ។ ក្នុង​ការប្រកួត Champions League ពួកគេ​បាន​យកឈ្នះ Dinamo Zagreb ៣-១ មុន​ពេល​លេង​បាន​ត្រឹម​ស្មើ ១-១ ទល់នឹង Salzburg ។​

​បច្ចុប្បន្ន​ពួកគេ​កំពុង​ឈរ​លើ​កំពូល​តារាង​ដោយមាន​៤​ពិន្ទុ ប៉ុន្តែ Chelsea ដែល​ស្ថិតនៅ​បាត​តារាង អាច​នឹង​វិល​មក​កំពូល​តារាង​វិញ​ជាមួយនឹង​ការ​ឈ្នះ​នៅ​ទីនេះ​។​

​ក្រុម​ទាំង​ពីរ​ធ្លាប់​ប៉ះគ្នា​ក្នុង UCL ពីរ​ដង​ក្នុង​រដូវ​កាល ១៩៩៩-២០០០ ដោយ​ស្មើ ១-១ នៅ​អង់គ្លេស និង​ស្មើ ០-០ នៅ​ទឹកដី​អ៊ីតាលី​។

​តាមមើលទៅ​ផ្អែកលើ​ទម្រង់​លេង​បច្ចុប្បន្ន​និង​ប្រវត្តិ​ជួបគ្នា ពួក​គេ​ច្បាស់​ជា​អាច​ស្មើ​គ្នា​ទៀត​ក្នុង​លទ្ធផល​ព្យាករណ៍ ២-២ ឬក៏ AC ជា​អ្នកឈ្នះ​។

– Manchester City vs Copenhagen

Manchester City នឹង​សម្លឹង​រក​ការ​ឈ្នះ​ជា​ទម្លាប់​នៅពេលដែល​ពួក​គេ​ស្វាគមន៍​ក្រុម Copenhagen នៅ​ជុំ​ទី​៣ នៃ​ការប្រកួត Champions League ២០២២-២៣​។​

​ការពិភាក្សា​ធំ​បំផុត​នៅពេល​នេះ​ប្រហែល​ថា​តើ​មេឃ​ខៀវ​ល្អ​ប៉ុនណា​ជា​មួយ​នឹង​ការដាក់បញ្ចូល​កីឡាករ Erling Haaland ដែល​កំពុង​រក​គ្រាប់​បាល់​បាន​តាម​អំពើ​ចិត្ត​។ រូបគេ​ពិតជា​គ្រោះថ្នាក់​ដូច​គេ​ថា​មែន ដោយ​ស៊ុត​រហូត​៣​គ្រាប់​ម្នាក់ឯង​ក្នុងការ​យកឈ្នះ​លើ​ក្រុម Manchester United ៦-៣ កាលពី​ចុង​សប្តាហ៍​។​

​នោះ​គឺជា​ជ័យជម្នះ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ហើយ Manchester City ឥឡូវ​កំពុង​ស្ថិត​នៅក្នុង​លី​កមួយ​ផ្សេង​ទៀត​របស់​របស់​ពួកគេ​ផ្ទាល់ បើ​ប្រៀបធៀប​ទៅ​នឹង​សម​ភាគី​អឺរ៉ុប​របស់​ពួកគេ​ដូចជា PSG ។ ការ​ដែល​មាន​ក្រុម​ខ្លាំង​សាហាវ​ច្រើន​បែប​នេះ​វា​ជា​រឿង​ល្អ​និង​រំភើប​សម្រាប់​មជ្ឈដ្ឋាន​អ្នកគាំទ្រ​បាល់ទាត់​ឯករាជ្យ​ទាំងឡាយ​។​

​ដូច​ការរំពឹងទុក Manchester City ចូលមក​ដល់​ការប្រកួត​នេះ​ដោយ​មិន​ដែល​ស្គាល់​ចាញ់​នៅ​គ្រប់​កម្មវិធី​ទាំងអស់ បើ​ទោះបី​ពួកគេ​បាន​ស្មើ ២ ប្រកួត​ក្នុងចំណោម ១០ ប្រកួត​ក្នុង​រដូវ​កាល​នេះ​ក្តី​។​

​កូនក្រុម​របស់លោក Pep Guardiola ខ្លាំង​សម្បើម​ណាស់​មិនមែន​ជា​ដៃគូ​អាច​ទ្រាំទ្រ​បាន​សម្រាប់​ក្រុម​គីឡូ​ស្រាល​ដា​ណឺម៉ា​ក​នោះ​ទេ​។ Copenhagen កំពុង​លេង​មិន​ល្អ​ក្នុង​លី​ក​ក្នុងស្រុក​របស់​ពួកគេ​ផងដែរ​។ ពួកគេ​នឹង​ចូល​មក​ការប្រកួត​នេះ​ដោយ​មាន​១​ពិន្ទុ​ពី​ការប្រកួត ២ លើក ដោយ​ស្មើដោយ​គ្មាន​គ្រាប់​បាល់​ជាមួយ Sevilla​។ ពួកគេ​ត្រូវបាន​ក្រុម Borussia Dortmund លុត​ក្នុង​លទ្ធផល ៣-០ នៅ​ថ្ងៃ​ប្រកួត​ទី ១​។​

Copenhagen មាន​បញ្ហា​ច្បាស់​មើល​ឃើញនឹងភ្នែក គឺ​ពិបាក​ស៊ុត​បាល់​បញ្ចូល​ទី ខណៈ​តំបន់​ការពារ​របស់​ពួកគេ​ក៏​នៅតែ​ងាយ​រងគ្រោះ​ដូច​សព្វដង​។ លទ្ធផល​អ្វី​ក៏ដោយ​ឱ្យតែ​តិច​គ្រាប់​មិន​អាម៉ាស់មុខ​នឹង​ក្លាយ​ជា​លទ្ធផល​ដ៏​ល្អ​បំផុត​សម្រាប់​គ្រូបង្វឹក លោក Jacob Neestrup ដែល​អាទិភាព​ភ្លាមៗ​របស់​គាត់​គឺ​ការបន្ត​ស្ថិតនៅ​ក្នុង​ការប្រកួត​ជម្រុះ រួច​ឡើង​ទៅ​វគ្គ​បន្ត​។​

​ក្រុម​ទាំង​ពីរ​មិន​ដែល​ជួប​គ្នា​ទេ ប៉ុន្តែ​មើល​តាម​សភាព​ជាក់ស្តែង Man City រំពឹង​ឈ្នះ​យ៉ាងតិច​ក៏ ៤-០ ដែរ​៕

Chelsea មិន​រំពឹង​ឈ្នះ AC ដែល​កំពុង​ល្អ​នៅ​អ៊ីតាលី