ដោយៈ ថុន ស្រីពេជ្របុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង/ភ្នំពេញ៖ស្ថិតនៅក្រោមផ្ទះដែលមានដំបូល
ប្រក់ក្បឿង​​តូចល្មម ក្នុងសម្លៀកបំពាក់អាវដៃខ្លីពណ៌ស និងខោសាច់ក្រណាត់ពណ៌ក្រម៉ៅ រស់ ទូច ភេទប្រុស កើតនៅឆ្នាំ១៩៤១ រស់នៅភូមិឫស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែងបានផ្តល់បទសម្ភាសន៍មកកាន់ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាថានៅឆ្នាំ១៩៧៦មុនពេលអង្គការ(ខ្មែរក្រហម)ចាប់ផ្តើមបង្កើតសហករណ៍កម្រិតខ្ពស់អង្គការស្នើខ្ញុំឲ្យទៅរៀនអំពីសហករណ៍កម្រិតខ្ពស់អស់រយៈពេលបីខែមុននឹងផែនការទាំងនោះត្រូវបានដាក់ចេញមកអនុវត្តនៅតាមភូមិស្រុក។

ក្រោយរៀនចប់អង្គការឃើញថាខ្ញុំគឹជាមនុស្សដែលមានចំណេះដឹងនិងអាចទុកចិត្តបានក៏ចាត់តាំងឲ្យខ្ញុំធ្វើជាប្រធានក្រសួងវប្បធម៌នៅឆ្នាំ១៩៧៦។

រស់ ទូច ភេទប្រុស កើតនៅឆ្នាំ១៩៤១ សព្វថ្ងៃរស់នៅភូមិឫស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៨ខ្ញុំនិងកម្មាភិបាលគ្រប់ជាន់ថ្នាក់ព្រមទាំងគណៈស្រុកជាច្រើនមកពីតំបន់និងភូមិភាគបូព៌ាទាំងមូល បានទៅចូលរួមការប្រជុំដ៏ធំមួយតាមការកោះហៅរបស់ សោ ភឹមលេខាភូមិភាគបូព៌ាដែលមានទីតាំងស្ថិតនៅ ភូមិស្វាយរមាស ក្រុងព្រៃវែង ជាមួយនឹងសម្លៀកបំពាក់ថ្មី និងក្រមាបង់កថ្មី ដែលអង្គការបានចែកឲ្យខ្ញុំ និងតាគល់ ដែលជាចៅហ្វាយស្រុកមេសាង។ ខ្ញុំបានធ្វើដំណើរមកប្រជុំដោយជិះរទេះសេះ រីឯ សោភឹម បានជិះឡានអាកាត់សង់​ត្រេដើម្បីមកប្រជុំ។ ឡានរបស់ សោ ភឹម បានបញ្ឆេះចោលរហូតព្រោះគាត់ដឹងថា ការមកប្រជុំនេះនឹងមានសភាពការណ៍មិនល្អឡើយ។ប៉ុន្តែទោះយ៉ាងណាការប្រជុំនេះគឺបានធ្វើឡើងដោយបើកចំហ ព្រមទាំងនិយាយវាយប្រហារដល់របបដឹកនាំរបស់ ប៉ុល ពត ថែមទៀត។

នៅក្នុងអង្គប្រជុំ សោ ភឹម បានលើកឡើងថា ការអនុវត្តនូវរបបសព្វថ្ងៃនេះគឺពុំត្រឹមត្រូវនិងពុំដូចអ្វីដែលគាត់ចង់ បានឡើយ។ ប្រជាជនទទួលបានរបបអាហារមិនគ្រប់គ្រាន់ ធ្វើការច្រើន ប៉ុន្តែបានហូបតិច។ពេលឈឺមិនមាន​ ថ្នាំសង្កូវដើម្បីព្យាបាល។ រីឯសម្លៀកបំពាក់ក៏មិនមានគ្រប់គ្រាន់។ ដូច្នេះរបបនេះមិនល្អទេហើយមានប្រជាជន​ ច្រើនណាស់ដែលបានស្លាប់។ យើងម្នាក់ៗ ត្រូវមានវិចារណញ្ញាណ គិតឲ្យបានវែងឆ្ងាយ។

បន្ទាប់មក សោ ភឹម ក៏បានស្រែកនូវសុភាសិតដៀមដាមទៅកាន់របបដឹកនាំរបស់ ប៉ុល ពតនូវសុភាសិតមួយ ឃ្លា​ថា «ជយោ! មហារុងរឿង រុះផ្ទះក្បឿង ធ្វើផ្ទះស្លឹក ជ័យោ!មហាសន្ធឹក រុះផ្ទះស្លឹកធ្វើទ្រុងជ្រូក,ជយោ! មហាទុក្ខសោក រុះទ្រុងជ្រូកធ្វើឈ្នាងនង្គ័ល ជយោ!មហាដោះទាល់ យកឈ្នាងនង្គ័លទៅដុតនឹងចង្ក្រាន»។ សុភាសិត ត្រូវបានស្រែកដំណាលគ្នាពេញទាំងសាលប្រជុំ។

ការប្រជុំនេះ អាចថាជាការប្រជុំលើកចុងក្រោយរបស់ សោ ភឹម។ មុននឹងមកប្រជុំនេះ សោ ភឹមបានត្រៀម កម្លាំងទុករួចជាស្រេច ប្រសិនបើកើតសភាពការណ៍មិនស្រួល។

ពេលចប់ប្រជុំ សោ ភឹម ក៏បានចាប់ដៃចៅហ្វាយស្រុកនានា ហើយនិយាយពាក្យផ្តាំផ្ញើបន្តិចបន្តួចរួចគាត់ក៏ ត្រឡប់ទៅវិញ។ ខ្ញុំគិតថាសភាពការណ៍ដូចជាមិនសូវស្រួល ចំពោះការប្រជុំដោយបើកចំហរបែបនេះហើយបី ថ្ងៃក្រោយមក អង្គការបានតាមចាប់ខ្លួន សោ ភឹម ដែលធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន។

អ្នកដែលមានវត្តមាននៅក្នុងកម្មវិធីប្រជុំទាំងប៉ុន្មាន ភាគច្រើនត្រូវអង្គការហៅទៅរៀនសូត្រជាបន្តបន្ទាប់ហើយ មិនដែលឃើញត្រឡប់មកវិញទេ។ អ្នកដែលខ្ញុំស្គាល់មាន តាហ៊ាន, តាម៉ន គឺជាមេឃុំ, តាជ្រង គឺជាគណៈឃុំ ត្រូវអង្គការយកទៅសម្លាប់ទាំងអស់ នៅរស់តែ សឿន ដែលកាន់ខាងក្រសួងកសិកម្ម។

បន្ទាប់ពីប្រធានតំបន់ត្រូវចាប់ខ្លួនសួរចម្លើយនិងសម្លាប់និងការស្លាប់របស់សោភឹមនៅក្នុងភូមិឃុំស្រុកខេត្តព្រៃវែង ទាំងមូលត្រូវផ្លាស់មេដឹកនាំថ្មី ហើយជំនួសដោយកម្មាភិបាលនិងយោធាមកពីភូមិភាគនិរតី។

កម្មាភិបាលនិងយោធាមកពីភូមិភាគនិរតីបានគំរាមឱ្យអ្នកដែលនៅក្រោមបង្គាប់ សោ ភឹមទាំងអស់ទម្លាក់អាវុធ ចុះហើយព្រមប្រគល់ខ្លួនឱ្យអង្គការដោយមិនមានសិទ្ធិតវ៉ាឬបញ្ចេញមតិទាំងអស់។ចំណែកខ្ញុំត្រូវបានខ្មែរក្រហម​ចោទប្រកាន់ថាគឺជាកា.សេ.បេក្បត់នឹងអង្គការ។ជាសំណាងរបស់ខ្ញុំពេលនោះខ្ញុំមិនត្រូវខ្មែរក្រហមយកទៅសម្លាប់ ហើយអាចរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។

ខ្ញុំមិនពេញចិត្តរបប ប៉ុល ពត ដែលបានប្រព្រឹត្តមកលើប្រជាជនទេ។ របបនេះមិនឱ្យប្រជាជនហូបឆ្អែត មិនមានសម្លៀកបំពាក់បិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។រឿងរ៉ាវទាំងអស់នេះក្មេងជំនាន់ក្រោយគួរចងចាំឲ្យច្បាស់និងគិតពិចារណាទៅលើរបបនេះតើសង្គមមួយណាល្អនិងសង្គមមួយណាមិនល្អ។ជាពិសេសសូមកុំយកគំរូតាមរបបដឹកនាំខ្មែរក្រហម។ ខ្ញុំមិនចង់ឱ្យរបបនេះ វិលត្រឡប់មកវិញទេ៕សរន