ដោយ​៖​ដេប៉ូ​/ សៀមរាប​៖​ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​ក្រសួង​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ដើម្បី​ពង្រឹង​យន្តការ​និង​ប្រព័ន្ធ​ការងារ​អចិន្ត្រៃយ៍​របស់​ក្រសួងបរិស្ថាន ក្នុងការ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​បទល្មើស​នៃ​ការសម្អាត​ប្រាក់​។​
បញ្ជាក់​ក្នុង​ពិធី​វគ្គ​បណ្តុះបណ្តាល​អំពី​គោលការណ៍​ណែនាំ​ស្តីពី​បែបបទ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​ស៊ើបអង្កេត និង​រៀបចំ​សំណុំរឿង​សម្អាង​បទល្មើស និង​បទល្មើស​សម្អាត​ប្រាក់​ដែល​ពន្លាត​ចេញពី​បទល្មើស​ដើម​នៃ​បទ​មើ​ស​ធនធានធម្មជាតិ ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​មន្ត្រីនគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់​ចំនួន ៩១ រូប​មកពី​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នៅ​ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២២​នេះ លោក រដ្ឋលេខាធិការ បាន ឱ្យដឹងថា​មន្ត្រីនគរបាល​យុត្តិធម៌ ទាំងអស់​មាន​តួនាទី​សំខាន់​ក្នុង​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នានា​ក្នុងការ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​។

រូបថត (លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន ​)
គួរ​បញ្ជាក់ថា នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ក្រុមការងារ​ប្រឆាំង​ការសម្អាត​ប្រាក់​នៃ​ក្រសួងបរិស្ថាន​នេះ បានធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ច្បាប់​ស្តីពី​ការ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​នីតិវិធី​ប្រតិបត្តិ​ស​ង្ត់​ដារ​សម្រាប់​អនុវត្ត​នៅក្នុង​ការប្រឆាំង​ការសម្អាត​ប្រាក់​។
លោក រដ្ឋលេខាធិការ បាន​លើកឡើងថា មន្ត្រីនគរបាល​យុត្តិធម៌​នឹងត្រូវ​ពន្លាត​លើ​បទល្មើស​នៃ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ក្នុងករណី​រកឃើញថា បទល្មើស​ដើម​នៃ​បទល្មើស​ព្រៃឈើ និង​បទ​ល្មើ​សត្វព្រៃ​ខុសច្បាប់​មាន​តម្រុយ​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់​។​
លោក រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់ថា​បច្ចុប្បន្ននេះ បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​ធំ​លែង​កើតមាន​ទៀតហើយ គឺ​នៅមាន​បទល្មើស​ខ្នាតតូច​ដែល​យើង​ចាំបាច់​ត្រូវ​បន្ត​ទប់ស្កាត់​និង​បង្ក្រាប​។
ជាមួយគ្នានេះ​លោក​រដ្ឋលេខាធិការ​បាន​ជំ​រុញឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់ និង​បន្ត​អនុវត្ត​ច្បាប់​ឱ្យបាន​ហ្មត់ចត់ និង​ប្រកបដោយ​ការទទួលខុសត្រូវ និង​វិជ្ជាជីវៈ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជាពិសេស​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទាក់ទង​នឹង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ពាក់ព័ន្ធ​នឹង​បទល្មើស​ធនធានធម្មជាតិ​។​
គួរ​បញ្ជាក់ថា ក្រសួងបរិស្ថាន​មាន​មន្ត្រីនគរបាល និង​មន្ត្រី​អនុវត្ត​ច្បាប់​សរុប​ជាង ១.៤២២ នាក់​។ រហូតមកដល់​ពេលនេះ ខេត្ត​ដែលមាន​តំបន់ការពារធម្មជាតិ​ចំនួន ១១ ហើយ​ដែល​មន្ត្រីនគរបាល​យុត្តិធម៌​និង​មន្ត្រី​អនុវត្ត​ច្បាប់​របស់​ក្រសួងបរិស្ថាន​សរុប​ចំនួន ៦៤៧ រូប ទទួលបាន​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​លើ​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ក្នុង​បទល្មើស​ធនធានធម្មជាតិ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​បទល្មើស​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​៕ N