ដោយៈសុផល/ភ្នំពេញ៖នាព្រឹកថ្ងៃទី0៥ ខែតុលា ឆ្នាំ២០២២នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាមិត្តភាព និងផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមប្រជាជនកម្ពុជា ព្រឹទ្ធសភាកម្ពុជា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការស្វាគមន៍ដ៏កក់ក្តៅចំពោះលោកម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាមិត្តភាព និងផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរបស់លោកនៅ   កម្ពុជានាពេលនេះ ពិតជាមានសារៈសំខាន់ជាខ្លាំងដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននិងប្រទេសទាំង ពីរឱ្យកាន់តែល្អប្រសើរឡើង និងរឹងមាំថែមទៀត ដែលនឹងនាំមកនូវផលប្រយោជន៍ ដ៏ធំធេងទៅវិញទៅមក ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការចូលរួមសោកស្តាយចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលទទួលរងគ្រោះ និងគ្រោះមហន្តរាយខូចខាតដែលបង្កឡើងដោយព្យុះសង្ឃរា  កាលពីសប្តាហ៍មុន។

ក្នុងឱកាសនោះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានរំលឹកអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរ តាំងពីឆ្នាំ១៩៥៩មក ជាពិសេសទំនាក់ទំនងដ៏ល្អប្រពៃរវាងថ្នាក់ដឹនាំគុយបា និងសម្តេចព្រះបរមរតនកោដ្ឋ។ ក្រៅពីនេះ ប្រទេសទាំងពីរក៏មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភានៃប្រទេសទាំងពីរផងដែរ។ ក្នុងនោះដែរនាពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា និងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ គឺជាសក្ខីភាពនៃការលើកកម្ពស់ទំនាក់ទំនងប្រទេស ទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

លោកនាយករដ្ឋមន្រ្តី បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងម៉ាំថែមទៀត ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងខាងសេដ្ឋកិច្ច និងពាណិជកម្ម។

 

លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជំនួយជាអង្ករ ជូនចំពោះរដ្ឋាភិបាលនិងប្រជាជនគុយបា។ តាមរយៈដំណើរទស្សនកិច្ចនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍប្រទេសគុយបានាពេលខាងមុខ។ ជាមួយគ្នានេះ លោកសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៦០ ដោយសម្តេចព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង   លោក ហ្វីដែល កាស្រ្តូ ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋគុយបា។ ប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំទៅវិញទៅមក និងគាំទ្រគ្នាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

 សាធារណរដ្ឋគុយបាបានគាំទ្រខាងនយោបាយ វិស័យអប់រំ និងវិស័យសុខាភិបាលដល់ប្រទេសកម្ពុជានៅក្នុងកាលៈទេសៈលំបាកបំផុត ក្រោយពីរបបប្រល័យពូជសាសន៍ប៉ុលពតនិងក្រោមការហ៊ុំព័ន្ធនៃសេដ្ឋកិច្ចនិងនយោបាយពីខាងក្រៅ។ប្រទេសកម្ពុជាក៏បានគាំទ្រប្រទេសគុយបាក្នុងការប្រឆាំងចំពោះការហ៊ុំព័ន្ធសេដ្ឋកិច្ចប្រទេសគុយបា តាមរយៈការដាក់ទណ្ឌកម្មនានា ដោយអយុត្តិធម៌ ដែលនេះសរបញ្ជាក់អំពីការរំលោភសិទ្ធិរបស់ប្រជាជនគុយបា និងរំលោភលើច្បាប់អន្តរជាតិ។ ការជួយគាំទ្រគ្នាទៅវិញទៅមកនេះ មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខក្នុងតំបន់ និងអន្តរជាតិផងដែរ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានគាំទ្រឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តអនុវត្តនូវយន្តការដែលមានស្រាប់ តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ និងអនុវត្តឱ្យបានពេញលេញនូវអនុស្សរណៈនៃការយោគយល់គ្នានិងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។សម្តេចយល់ថា ប្រទេសទាំងពីរគួរគប្បីខិតខំទាញយកផលប្រយោជន៍ពីសក្តានុពលនៃយន្តការ និងកិច្ចព្រមព្រៀងខាងលើឱ្យបានច្រើនជាអតិបរមា ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕/PC